Facebook ​តម្រូវ​ប្រើ​ឈ្មោះ​ពិត​ មាន​មតិ​​ចម្រូងចម្រាស​គ្នា

Facebook ​តម្រូវ​ប្រើ​ឈ្មោះ​ពិត​ មាន​មតិ​​ចម្រូងចម្រាស​គ្នា

កំណែ​ប្រែ​គោល​ការណ៍​ថ្មី​តម្រូវ​ឲ្យ​​ប្រើ​ឈ្មោះ​ពិត​​នៅ​លើ​បណ្ដាញ​សង្គម​ Facebook នឹង​ចាប់ផ្ដើម​នៅ​ចុង​ឆ្នាំ​ខាង​មុខ​នេះ។ បន្ទាប់​ពី​មាន​ការ​ចេញ​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​បណ្ដាញ​សង្គម​ដ៏​ធំ Facebook តម្រូវ​អ្នក​ប្រើប្រាស់​អនុវត្ត​គោលការណ៍​ប្រើ​ឈ្មោះ​ពិត​ និង report គណនី​ផ្ទាល់​ខ្លួន​ទៅ​កាន់​ក្រុមហ៊ុន ​ឃើញ​ថា​មាន​មាន​ការ​ចាប់​អារម្មណ៍​និង​មតិ​យល់​ឃើញ​ជាច្រើន​ជុំវិញ​បញ្ហា​នេះ។

 

Facebook ​តម្រូវ​ប្រើ​ឈ្មោះ​ពិត​ មាន​មតិ​​ចម្រូងចម្រាស​គ្នា

 

កញ្ញា ស្រីណេត បាន​ប្រាប់​ Sabay ថា​ កញ្ញា​មាន​គណនី​ Facebook តែ​មួយ​ទេហើយ​ដាក់​ឈ្មោះ​ពិត​ទៀត​ ដូច្នេះ​កញ្ញា​មិន​ព្រួយ​បារម្ភ​ពី​ការ​កែ​ប្រែ​គោលការណ៍​ថ្មី​របស់​ Facebook ទេ​រង់​ចាំ​តែ​ Confirm ព័ត៌មាន​តែ​ប៉ុណ្ណោះ។

 

កញ្ញា​បន្ត​ថា ការ​ប្រើ​ឈ្មោះ​ពិត​​ល្អ​ អាច​ធ្វើ​ឲ្យ​អ្នក​កម្សាន្ត​អាច​ស្វែ​ង​យល់​ពី​គ្នា​​និង​មាន​ភាព​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក។

 

អ្នក​ប្រើប្រាស់​​មួយ​ចំនួន​មិន​ចង់​ប្រើ​ឈ្មោះ​ពិត​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ Facebook ដោយ​​លើក​ហេតុផល​ផ្សេងៗ​​​​។ គោលការណ៍​ប្រើ​ឈ្មោះ​ពិត​ដ៏​ចម្រូងចម្រាស​របស់​ Facebook ក៏​ទទួល​ការ​រិះគន់​ប៉ុន្តែ​អ្នក​ប្រើប្រាស់​ដែល​មិនចង់​​ប្រើ​ឈ្មោះ​ពិត​អាច​ពន្យល់​ពី​ស្ថានភាព​របស់​ខ្លួននៅ​ពេល​ដែល​ Facebook តម្រូវ​ឲ្យ​មាន​ការ​បញ្ជាក់​ឈ្មោះ (confirmation)។

 

និស្សិត ឆ្នាំទី៣​ នៃ​វិទ្យាស្ថាន វ៉ាន់ដា​គណនេយ្យ​ម៉េងលាង ប្រាប់​ថា​ លោក​មិន​បាន​ដឹង​ពី​ព័ត៌មាន​នេះ​ទេ​ ប៉ុន្តែ​ក៏​គួរ​ឲ្យ​​ចាប់​អារម្មណ៍​ព្រោះ​លោក​ក៏​មិន​មាន​គណនី​ Facebook ច្រើន​ដែរ។

 

លោក​បន្ត​ថា មាន​ហេតុផល​មួយ​ចំនួន​ដែល Facebook តម្រូវ​អ្នក​កម្សាន្ត​ប្រើ​ឈ្មោះ​ពិត​ដើម្បី​ងាយស្រួល​គ្រប់គ្រង ពីព្រោះ​មាន​អ្នក​កម្សាន្ត​មួយ​ចំនួន​ប្រើប្រាស់​បណ្តាញ Facebook ធ្វើ​ជា​អាជីវកម្ម​ដែល​នាំ​ប៉ះពាល់​សេចក្តី​ថ្លៃ​ថ្នូរ​និង​នាំ​បញ្ហា​អសន្តិសុខ​ដល់​សង្គម។

 

ចំណែក​កញ្ញា វរលក្ខណ៏ វិញ​ដែល​កំពុង​អង្គុយ​លេង​ជាមួយ​មិត្តភ័ក្ដិ​នៅ​មុខ​វិទ្យាស្ថាន​ជាតិ​អប់រំ បាន​ប្រាប់​ Sabay ថា​កញ្ញា​មាន​គណនី​ Facebook ពីរ​ ដោយ​គណនី​មួយ​ប្រើ​ឈ្មោះ​ក្លែងក្លាយ​​ គ្រាន់​តែ​បង្កើត​លេងៗប៉ុណ្ណោះ។

 

កញ្ញា​​ថា បើ​ Facebook ​តម្រូវ​អនុវត្ត​គោលការណ៍​ប្រើ​ឈ្មោះ​ពិត​មែន​​ដោយ​មានការ​បញ្ជាក់​ផ្តល់​ព័ត៌មាន​ត្រឹមត្រូេះ​​ កញ្ញា​បោះបង់​គណនី​ទី​ពីរ​។ កញ្ញា​បញ្ជាក់​ថា ចំណាត់​ការ​ថ្មី​នេះ​​អាច​ធ្វើ​ឲ្យ​​ប៉ះពាល់​គណនី​​ក្លែងក្លាយ​ជាច្រើន​ទៀត​ដោយ​អ្នក​កម្សាន្ត​​បង្កើត​ដោយ​ប្រើ​ឈ្មោះ​ក្លែងក្លាយ។

 

កញ្ញា​បន្ត​ទៀត​ថា ការ​ដាក់​អនុវត្ត​គោលការណ៍​នេះ​ល្អ ប៉ុន្តែ​អ្នក​កម្សាន្ត​មួយ​ចំនួន​ក៏​មាន​ហេតុផល​ដែល​តម្រូវ​ឲ្យ​ពួកគេ​លាក់​អត្តសញ្ញាណ​ពិត ដើម្បី​សុវត្ថិភាព​។

 

អត្ថបទ៖ រក្សា​

នាំមកជូនដោយ

Facebook ​តម្រូវ​ប្រើ​ឈ្មោះ​ពិត​ មាន​មតិ​​ចម្រូងចម្រាស​គ្នា