លោក ហ៊ុន សែន ខឹងអ្នកវិភាគដែល​ថារដ្ឋាភិបាលខ្លាចពលរដ្ឋមកលេងអុំទូក ធ្វើបាតុកម្ម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតប​ជាមួយកំហឹង​ទៅ​ក្រុមអ្នកវិភាគខ្លះ​ដែល​និយាយ​ប្រាប់សារព័ត៌មានថា «មូលហេតុដែលរដ្ឋាភិបាល​លុបចោលបុណ្យអុំទូកនោះ គឺដោយសារតែ​រដ្ឋាភិបាល​ខ្លាច​ពលរដ្ឋ​ដែលមកកម្សាន្ត​បុណ្យអុំទូក​មិនត្រឡប់ទៅស្រុកកំណើតវិញ ហើយ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល»។ លោកនាយករដ្ឋមន្ត្រីបានហៅការ​អត្ថាធិប្បាយនោះថា «ជាការអត្ថាធិប្បាយ​បែបប្រមាថ និង​ព្រហើន»។ លោក ហ៊ុន សែន បញ្ចេញប្រតិកម្មនេះ​នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​៥ វិច្ឆិកានេះ ពីពិធីសម្ពោធ​ប្រព័ន្ធលូ​ដំណាក់កាលទី​៣​ ដែលជាជំនួយ​របស់​ប្រជាជន​ជប៉ុន។​

ក្រោយពីចេញ​សេចក្តីសម្រេចជាលាយល័ក្ខអក្សរផ្សព្វផ្សាយអំពីមូលហេតុ​នៃ​​ការលុបចោលពិធីបុណ្យអុំទូកដែលទាក់ទងនឹង​កម្រិតទឹកទន្លេទាបពេកនោះ លោក ហ៊ុន សែន ត្រូវ​និយាយបន្ថែម​តាម​ក្បាលមីក្រូនៅព្រឹកថ្ងៃព្រហស្បតិ៍​នេះទៀត។

«នេះជាការអត្ថាធិប្បាយប្រមាថ ដែលមិនអាចទទួលយកបាន។ ទូកនៅកំពង់ធំ ទម្លាក់មក (ភ្នំពេញ) យ៉ាងម៉េច បើទន្លេសាបអត់ទឹក? បើកដឹក(តាម​ផ្លូវគោក) វាអាចខូចទូក។ អ្នកចំណុះទូកត្រូវប្រឹងធ្វើស្រែប្រដេញទឹក ហើយទូកមូយដែលយកពីកំពង់ចាម ក្រចេះ បើគ្មាន១ម៉ឺនដុល្លារទេ យកមកមិនបានទេ។ ឥឡូវយកទូកមកអុំ ខ្ញុំ​ចេញលុយឲ្យ»។ នេះជាការ​ពន្យល់បន្ថែមរបស់​លោក ហ៊ុន សែន បន្ទាប់ពីលោកបញ្ជាក់ថា ទឹកនឹងមានកម្រិតកាន់តែទាប​នៅថ្ងៃអុំទូក​ដែលប្រព្រឹត្តិទៅនៅថ្ងៃទី​២៤ ដល់ថ្ងៃទី​២៦ វិច្ឆិកានេះ។

ប្រសិនបើអ្នកវិភាគ​យល់ឃើញថា រដ្ឋាភិបាល​ខ្លាច​ពលរដ្ឋដែលចូលមកកម្សាន្តពេលអុំទូក មិនត្រឡប់ទៅភូមិកំណើតវិញ ហើយនៅធ្វើបាតុកម្មប្រឆាំង​រដ្ឋាភិបាលនោះ លោក ហ៊ុន សែន ថ្លែងជំរុញឲ្យពលរដ្ឋ​មកភ្នំពេញឲ្យច្រើន ហើយលោកនឹង​ចេញលុយចំណាយលើក្រុមសិល្បករដើម្បីសម្តែង​កំដរពលរដ្ឋ​ទៀតផង។

លោកនាយករដ្ឋមន្ត្រីថ្លែងថាលោកមិនខ្លាចបាតុកម្មនោះឡើយ។ លោក ហ៊ុន សែន បាន​ថ្លែងប្រាប់​អ្នកវិភាគ​វិញថា៖«សូមចាំឲ្យច្បាស់ ធ្វើរដ្ឋាភិបាល គឺ​មានអ្នកគាំទ្រ​ច្រើនជាងបក្សប្រឆាំង។ បើអ្នកប្រឆាំង​ធ្វើ​បាតុកម្ម អ្នកគាំទ្រ​ក៏មានសិទ្ធិធ្វើបាតុកម្មដែរ»៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​