សម្តេច​ហ៊ុនសែន​៖ ជំនួប​រវាង​សម្តេច​សខេង និង​លោក​សមរង្ស៊ី ល្ងាច​ថ្ងៃទី​៤​វិច្ឆិកា ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាសថា កាលពី​ល្ងាច​ថ្ងៃទី​៤​វិច្ឆិកា មាន​កិច្ចប្រជុំ​រវាង​សម្តេច​សខេង ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច នៅ​រដ្ឋសភា​។ កិច្ចប្រជុំ​នោះ ដើម្បី​ពង្រឹង​នូវ​វប្បធម៌​សន្ទនា​។​

ក្នុង​ពិធី​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គម្រោង​ការពារ​ ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ ជំ​ហ៊ាន​ទី​៣ នា​ព្រឹក​ថ្ងៃទី​៥​វិច្ឆិកា​នេះ នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី ​សម្តេច​តេ​ជោ ហ៊ុនសែន បានប្រកាសថា ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​អនុវត្ត​ពីលើ​ដល់​ថ្នាក់ក្រោម​។ ពោលគឺ​មិនមែន​មេ​ឈប់​ជេរ តែ​បែរជា​អនុញ្ញាត​ឲ្យ​កូនចៅ នៅ​ថ្នាក់ក្រោម ជេរ​លើ​រដ្ឋាភិបាល គណបក្ស​ប្រជាជន​កម្ពុជា នោះឡើយ​។​

​ជាមួយគ្នា​នោះ សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាស​អំពី​ហេតុការណ៍​វាយ​អ្នកតំណាងរាស្ត្រ ២ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៦​តុលា នៅជាប់​របង​រដ្ឋសភា គឺ​សម្តេច​អះអាងថា មកពី​តំណាងរាស្ត្រ​ទាំង​ពីររូប ទៅ​ជេរ​ក្រុម​អ្នក​វាយ​នោះ​។ ដូច្នេះហើយ​បានជា​គេ​ទ្រាំ​មិនបាន វាយ​តំណាងរាស្ត្រ​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ សម្តេច​ហ៊ុនសែន ក៏បាន​អំពាវនាវ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាល និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​អត់ធ្មត់ ខាំមាត់​ដើរចេញ ដោយ​មិនត្រូវ​ប្រើ​ហិង្សា វាយ​តបត​ទៅលើ​អ្នក​ដែល​ជេរ​រិះគន់​ទាំង​នោះទេ​។​

​ជាមួយនឹង​ប្រសាសន៍​ខាងលើ សម្តេច​តេ​ជោ ក៏មាន​ក្រើនរម្លឹក​ដល់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ថា សំណុំរឿង​បាតុកម្ម​តវ៉ា​របស់​កម្ម​ករ​កាត់ដេរ ដែល​ឈានដល់​ការ​វាយកម្ទេច​មន្ទីរពេទ្យ​ឯកជន និង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ឯកជន កាលពីដើមឆ្នាំ​២០១៤ គឺ​មិនទាន់​ចប់​ទេ​។ សម្តេច​ហ៊ុនសែន បាន​សំដៅ​ដល់​អ្នកនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​អ្នក​នៅក្រោយ ទៅ​ប្រកាស​ឲ្យ​ក្រុមកម្មករ​រោងចក្រ​កាត់ដេរ ចេញមក​ធ្វើបាតុកម្ម ឈានដល់​ការ​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន ជាដើម​នោះ​៕​

សម្តេច​ហ៊ុនសែន​៖ ជំនួប​រវាង​សម្តេច​សខេង និង​លោក​សមរង្ស៊ី ល្ងាច​ថ្ងៃទី​៤​វិច្ឆិកា ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​
សម្តេចសខេង ជួបលោកសមរង្ស៊ី ក្នុងពេលកន្លងមក