លោក ហ៊ុន សែន ប្រតិកម្ម​តប​នឹង​ការ​រិះគន់​រឿង​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ​និង​អ្នក​រិះគន់​រូប​លោក ជុំវិញ​ការ​​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក អបអំបុក សំពះ​ព្រះខែ និង​បណ្ដែត​ប្រទីប នៅ​មុខ​ព្រះបរមរាជវាំង​ក្នុង​ឆ្នាំ​២០១៥​នេះ។

លោក ហ៊ុន សែន ប្រតិកម្ម​បែប​នេះ ​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​សម្ពោធ គម្រោង​ការពារ​ទឹក​ជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ នៅ​ទីតាំង​សួនច្បារ មុខ​វត្ត​បទុមវតី នៅ​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ដោយ​លោក​លើក​ឡើង​ថា ក្រុម​អ្នក​វិភាគ​ឯករាជ្យ និង​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មួយ​ចំនួន​នោះ បាន​ងាយ​រដ្ឋាភិបាល​យ៉ាង​ខ្លាំង៖ «នេះ​ការ​មើល​ងាយ​រដ្ឋាភិបាល ហើយ​ជា​ភាព​ព្រហើន​ដែល​​យើងមិន​អាច​ទទួល​យក​បាន​ឡើយ»

លោក ហ៊ុន សែន បញ្ជាក់​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​ផ្អាក​បុណ្យ​អុំ​ទូក នៅ​មុខ​ព្រះបរមរាជវាំង ដោយ​សារ​កម្រិត​ទឹក​ទាប មិន​អាច​អុំ​បាន គឺ​​រដ្ឋាភិបាល​មិន​មែន​ខ្លាច​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដូច​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​វិភាគ​ឯករាជ្យ និង​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មួយ​ចំនួន​នោះ​ទេ៖ «យើង​មិន​ខ្លាច​បាតុកម្ម​ទេ បើ​ចង់​បាតុកម្ម​ក៏​សូម​អញ្ជើញ​មក»

រដ្ឋាភិបាល​ធ្លាប់​ប្រកាស​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប ​សំពះ​ព្រះខែ និង​អកអំបុក ​នៅ​រាជធានី​ភ្នំពេញ រយៈពេល ​៣​ឆ្នាំ ​ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៣ បន្ទាប់​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ កាល​ពី​យប់​ថ្ងៃ​បង្ហើយ នៃ​ព្រះ​រាជពិធី​នេះ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១០ ដែល​ធ្វើ​អោយ​មនុស្ស​ស្លាប់​ជាង ​៣០០​នាក់ និង​របួស​ជា​ច្រើន​នាក់។ ព្រះ​រាជ​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើងវិញ​ កាល​ពី​ឆ្នាំ​២០១៤ ដោយ​មាន​ការ​រឹត​បន្តឹង​សុវត្ថិភាព តាមរយៈ​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​រាប់​ពាន់​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។