អនុវត្ត​សាលដីកា​យកទីតាំង​សត្ត​ឃាត​ខេត្ត​​ដាក់ឱ្យ​រដ្ឋ​វិញ​

ខេត្តកំពង់ធំ ៖ នៅ​ក្រុង​ស្ទឹង​សែន​នៃ​ខេត្តកំពង់ធំ វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា មុន​នេះ​បន្តិច សមត្ថកិច្ច​ចម្រុះ​កំពុង​អនុវត្ត​សាល​ដីកា​តុលាការ​កំពូល ដើម្បី​យក​ទីតាំង​សត្តឃាត​ប្រគល់​ឱ្យ​មន្ទីរ​កសិកម្ម​ខេត្ត ដែល​ជា​តំណាង​បសុព្យាបាល ហៅ​ពេទ្យសត្វ​គ្រប់គ្រង​វិញ​។

ការ​អនុវត្តន៍​​សាលដីកា​នេះ អាជ្ញាធរ​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ និង​រុះរើ​សំណង់​សត្តឃាត​ចោល មុន​ទុក​ដាន​ចាស់​ទៀត
​ទេ​។

គួរ​កត់​សម្គាល់ថា រឿង​ក្តី​ទី​សត្តឃាត​នេះ កើត​មាន​យូរ​ឆ្នាំ​មក​ហើយ ដែល​ខាង​មន្ទីរ​កសិកម្ម​បាន​ប្តឹង​ទៅ​សាលាដំបូង​ខេត្ត ដោយ​សំអាង​ថា ដី​សត្តឃាត​ជា​ដី​របស់​រដ្ឋ​រវាង​អាជីវករ​​កាប់​ជ្រូក និង​អង្គភាព​ពេទ្យសត្វ ។ ក្នុង​គ្រា​ដំបូង​តុលាការ​បាន​កាត់ក្តី​ឱ្យ​​អង្គភាព​ពេទ្យសត្វ​បាន​ឈ្នះក្តី ។

ចំណែក​​ខាង​អាជីវករ​កាប់​សត្វ​បាន​ប្តឹង​ត​ឡើង​មក​សាលាឧទ្ធរណ៍​ដោយ​សម្អាង​ថា ពួក​គេ​បាន​ទិញ​ដី​ធ្វើ​ជាទី​សត្តឃាត​ពី​ប្រជាជន​។ សាលាឧទ្ធរណ៍​បាន​កាត់ក្តី​ប្រគល់​ឱ្យ​ឯកជន​ឈ្នះ​វិញ ។

ជា​បន្ត​ខាង​មន្ទីរ​ពេទ្យសត្វ ឬ​មន្ទីរ​កសិកម្ម​បាន​ប្តឹង​ឡើង​មក​តុលាការ​កំពូល ។ ហើយ​តុលាការ​កំពូល​បាន​កាត់ក្តី​ឱ្យមក​ខាង​រដ្ឋ ឬ​ខាង​​ពេទ្យសត្វ​ឈ្នះក្តី​វិញ ទើប​មានការ​អនុវត្ត​សាលដីកា​​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ វិច្ឆិកា នេះ ។

ការ​អនុវត្ត​សាលដីកា​នេះ ភ្លាម​ៗ​ពុំ​ទាន់​ឃើញ​មាន​ភាគី​ម្ខាង​ទៀត ដែល​ចាញ់ក្តី​មក​ជំទាស់​នៅឡើយ​ទេ ។ ប៉ុន្តែ​មាន​ព័ត៌មាន​ថា ​ភាគី​ម្ខាង​កំពុង​ប្រមូល​គ្នីគ្នា​មក​តវ៉ា ដែល​ទំនង​យឺត​ពេល​ហើយ​​ ព្រោះ​អ្នក​ឈ្នះ​ជា​អ្នកមាន​អំណាច ជា​រដ្ឋ​ដែល​ប្រើ​អំណាច​មក​ការពារ​។