​ជំនាញ​​កាំ​កុង​ត្រូល​ខេត្ត​បន្ទាយ​មាន​ជ័យដុត​បំផ្លាញទំនិញ​ខូចគុណភាពជាង​២​តោន

ខេត្តបន្ទាយមានជ័យ ៖ ទំនិញ​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ជាង​២​តោន​ត្រូវ​បានសាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​​ដុត​បំផ្លាញ​ចោល កាល​ពី​រសៀល​ថ្ងៃ​ទី​៤​​ ​វិ​ច្ឆិកា ​​២០១៥​នេះ បន្ទាប់​ពី​បាន​រឹបអូស ពី​ទីផ្សារ​នានា និង​តាម​រទេះអូស​ទំនិញដែល​ឈ្មួញ​លួច​បង្កប់ពេល​នាំ​ចេញពី​ប្រទេស​ថៃតាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

លោក ស៊ា​ន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យបាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ពិនិត្យ​ឃើញ​មាន​ទំនិញ​មួយ​ចំនួនដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ លោក​ក៏​ដាក់​ផែនការឲ្យ​មន្ត្រី​ក្រោម​ឱវាទធ្វើការ​ត្រួតពិនិត្យ​ជា​ប្រចាំរាល់​គ្រឿងឧបភោគ បរិភោគ​ទាំងឡាយ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋត្រូវ​ធ្វើការ​រឹបអូស និង​ដុត​បំផ្លាញ​ចោល ដោយ​មិន​អនុញ្ញាត​ឲ្យ​អាជីវករ ឬ​ឈ្មួញ​នាំ​ចូល​មក​កម្ពុជាដើម្បី​ដាក់​លក់​លើ​ទីផ្សារបាន​ទេ ។

លោក​បន្ត​ថា ទំនិញ​ខូចគុណភាពដែល​ត្រូវ​មន្ត្រី​ជំនាញដុត​បំផ្លាញ​នៅ​រសៀល​នេះ រួម​មាន ​ត្រីខ ប្រមាណ​ជា៧០០០​កំប៉ុង, ទឹកខ្មេះសញ្ញា​រូប​ទន្សាយ, ស្រា​បៀរ, មី , ប្រេងឆា , ដំណាប់​កន្ទួត , ដំណាប់​ដូង , ទឹក​សម្រាប់​ត្រាំ​ជ្រក់ , សាច់​គោ​ងៀត , និង​នំជា​ច្រើន​ប្រភេទ សរុប២.០៤៣គីឡូក្រាម ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ទំនិញ​ខូចគុណភាពដែល​ដុត​បំផ្លាញ​ចោល​ គឺ​ខាង​មន្ត្រី​ជំនាញរបស់​លោកបាន​​រឹបអូសជា​បន្តបន្ទាប់អស់​រយ​:​ពេល៣​ខែ​មក​ហើយ ។ ជា​ចុង​ក្រោយ លោក ស៊ា​ន ស៊ី​ណាត បាន​សំណូម​ឲ្យ ក្រុម​អាជីវករ​បញ្ឈប់ការ​ទិញ​ និង​ដាក់​តាំង​លក់នូវ​ទំនិញ​ដែល​ខូចគុណភាព ឬ​គ្មាន​ស្លាក​យីហោ ព្រោះ​វា​អាច​បណ្តាល​ឲ្យប្រជាពលរដ្ឋ​ដែល​ទិញយក​ទៅ​ពិសា ​ឬ​ប្រើប្រាស់ប៉ះពាល់​ដល់​សុខភាព ៕ ​