​លោក សម រង្ស៊ី បញ្ជាក់​ថាបើ​គ្មាន​វប្បធម៌​សន្ទនា​នយោបាយ​កម្ពុជា​អាច​ពិបាក​ជាង​បច្ចុប្បន្ន​

​បន្ទាប់ពី​វិលត្រឡប់​ពី​បរទេស​វិញ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា​បាន​ថ្លែងប្រាប់​វិទ្យុ​ក្នុងស្រុក​ថា ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​អាច​នឹងមាន​ភាពដុនដាប​ជាង​ពេលបច្ចុប្បន្ន ប្រសិនបើ​គ្មាន​វប្បធម៌​ដែល​បង្កើតឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទេនោះ​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ពន្យល់ថា ការបង្កើតឡើង​នូវ​វប្បធម៌​សន្ទនា កាលពី​ថ្ងៃទី​២២​កក្កដា​ឆ្នាំ​២០១៤ គឺ​បាន​កែប្រែ​ស្ថានការណ៍​អាក្រក់ៗ​មួយចំនួន នៅ​កម្ពុជា ដែល​កន្លងមក​ធ្លាប់ មាន​ហេតុការណ៍​គប់​គ្រាប់បែក ឈាម​ហូរ​ពេញ​ផ្លូវ ការបាញ់​ប្រជាពលរដ្ឋ បាញ់​កម្មករ​ស្លាប់ ជាដើម​។ ប៉ុន្តែ​ឥឡូវនេះ បើ​ប្រៀបធៀប​ពេលមុន គឺ​បាន​ធូរស្រាល បើទោះបីជា​នៅមាន​រឿងរ៉ាវ​តិចតួចៗ​ក៏ដោយ តែ​វប្បធម៌​សន្ទនា​អាច​នឹង​ដោះស្រាយ​បញ្ហា​ទាំង​នោះបាន​។​

​នៅ​ចំពោះមុខ​ការរិះគន់​មួយចំនួន​មកលើ​វប្បធម៌​សន្ទនា​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា នៅលើ​លោក​យើង​នេះ គ្មាន​នរណាម្នាក់​ដែលមាន​មាត់ទិព្វ ថា​ចង់បាន​អី បាន​ហ្នឹង​ភ្លាមៗ​នោះទេ​។ យើងទាំងអស់គ្នា​ចង់បា​ន​ឲ្យ​ប្រទេស​កម្ពុជា​ស្គាល់​នូវ​សុខសន្តិភាព និង​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ ប៉ុន្តែ​ទាំងអស់នេះ មិនមែន​ធ្វើ​និយាយ​ភ្លាម ទទួលជោគជ័យ​ភ្លាម​នោះទេ​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា អ្វី​ទាំងអស់​គឺ​ធ្វើ​ទៅតាម​ដំណាក់កាលៗ ឲ្យ​តែ​យើង​ប្រាកដថា គោលដៅ​របស់​យើង​ជា​អ្វី​។​

​ជុំវិញ​បញ្ហា​នេះ លោក សម រង្ស៊ី បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​លើកតម្កើង​ពី​វប្បធម៌​សន្ទនា ហើយ​បើ​គ្មាន​វប្បធម៌​សន្ទនា មិនអាច​មាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​ដែល​ឯករាជ្យ មិនអាច​មានច្បាប់​បោះឆ្នោត​ថ្មី និង​មិនអាច​មានការ​បោះឆ្នោត ដែលមាន​ភាពល្អប្រសើរ​ជាង​មុន​ឡើយ​។ ទន្ទឹមនឹងនេះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា វប្បធម៌​សន្ទនា​មិនមែន​សម្រាប់តែ​បុគ្គល​ពីរ​នាក់ ឬ​គណបក្សនយោបាយ​ពីរ​ទេ តែ​វា​សម្រាប់​ខ្មែរ​ទាំងមូល ហើយ​វា​ជា​មរតក​ដល់​អ្នកនយោបាយ​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត​៕

12183938_1518389615142071_6964867519422278795_o