ភ្នាក់ងារស៊ើប​អង្កេត​អាមេរិក អះអាងថា យន្ត​ហោះ​រុស្ស៊ី ធ្លាក់​ដោយ​សារទង្វើរបស់ ISIS

វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍ចុងក្រោយ ដែលចេញដោយទីភ្នាក់ងារស៊ើបអង្កេត សម្ងាត់របស់អាមេរិក បានឲ្យដឹងថា ការធ្លាក់របស់យន្តហោះ ដឹកអ្នកដំណើររបស់រុស្ស៊ី នៅប្រទេសអេហ្ស៊ីប គឺជាទង្វើរបស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) ឬ ក៏យ៉ាងហោចណាស់ ក៏ជាសម្ព័ន្ធរបស់ក្រុមនេះដែរ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ដោយដកស្រង់របាយការណ៍ពីសារព័ត៌មាន ស៊ីអិនអិន ដែលស្រង់សម្តីពីមន្ត្រីស៊ើបអង្កេត សម្ងាត់អាមេរិកថា “វាប្រាកដជាមានការដាក់បង្កៃ គ្រាប់បែកនៅកន្លែងស្តុកអីវ៉ាន់ ឬ ក៏កន្លែងផ្សេងទៀតនៅលើយន្តហោះនោះ ជាក់ជាមិនខាន។”

គួរបញ្ជាក់ថា នេះជាការសន្និដ្ឋានតំណាក់ទីមួយហើយ សម្រាប់អាមេរិក ទៅលើការធ្លាក់យន្ត ហោះរបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ជាប្រភេទ Metrojet Flight 9268 នៅតំបន់ ឧបទ្វីបស៊ីណៃ របស់អេហ្ស៊ីប ដែលបានបណ្តាលឲ្យមនុស្ស ២២៤ នាក់នៅលើនោះបាត់បង់ ជីវិតគ្មានសល់នោះទេ។

យ៉ាងណាក៏ដោយ ខាងភាគីអេហ្ស៊ីប និង រុស្ស៊ី នៅមិនទាន់អាចទទួលយកការលើកឡើងពី សំណាក់ភាគីណាមួយនោះឡើយ ព្រោះដើម្បីទទួលបានលទ្ធផលជាក់លាក់ គឺត្រូវរង់ចាំ ស្តាប់សម្លេងចេញពីប្រអប់របស់យន្តហោះនោះសិន៕

ភ្នាក់ងារស៊ើប​អង្កេត​អាមេរិក អះអាងថា យន្ត​ហោះ​រុស្ស៊ី ធ្លាក់​ដោយ​សារទង្វើរបស់ ISIS