នៅ​ពីក្រោយ​​ការ​ប្រគំ​តន្ត្រី ម៉ៅ ហាជី កក្រើក​បាត់ដំបង​យប់មិញ

នៅ​ពីក្រោយ​​ការ​ប្រគំ​តន្ត្រី ម៉ៅ ហាជី កក្រើក​បាត់ដំបង​យប់មិញ

កាលពី​យប់មិញ ម៉ៅ ហាជី ត្រូវ​បាន​អ្នក​ខេត្ត​បាត់ដំបង​រៀបចំ​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​ដើម្បី​សម្រេច​បំណង​របស់​លោក និង​ជា​ការ​ថ្លែងអំណរគុណ​ដល់​ពុក​ម៉ែ​បងប្អូន ទូទាំង​ខេត្ត​ដែល​គាំទ្រ​លោក​កន្លង​មក​ក៏​ដូចជា​ការ​លើក​ទឹកចិត្ត ហាជី ផង​ដែរ។

 

នៅ​ពីក្រោយ​​ការ​ប្រគំ​តន្ត្រី ម៉ៅ ហាជី កក្រើក​បាត់ដំបង​យប់មិញ

 

បើ​តាម​សម្ដី​អ្នកនាង អិន ច័ន្ទនារី ដែល​ជា​ម្ចាស់ Band និង​ជា​អ្នក​រាប់អាន​គ្នា​ជិត​ស្និទ្ធ​​ជាមួយ​បុរស​សម្បុរ​ស្រអែម​​​រូបនេះ​​បាន​រៀបរាប់​ប្រាប់ Sabay ថា “តាមពិត​ពី​ដំបូង​ពួក​បង​ប្រុង​ធ្វើ​ពិធី​ជួបជុំ​នេះ​តែ ១០ តុ​ទេ។ តែ​ពេល​អ្នក​ភូមិ​អូរចា​ដឹង ​គេ​ក៏​ជួល​ក្រុម​តន្ត្រី​បង ហើយ​ឲ្យ​គេ​មក​ច្រៀង​ព្រោះ​ពួកគាត់​ចង់​ផ្ដល់​ជា​កម្លាំង​ចិត្ត​ដល់​គ្នា។ ដល់​ពេល​មនុស្ស​មក​ច្រើន​ពេក​អី​ចឹង​ទៅ​គ្មាន​តុ គ្មាន​កៅអី អ្វី​ទេ​គឺ​នាំគ្នា​ឈរ​មើល​ការ​ច្រៀង​របស់ ជី វិញ​បើ​ទោះជា​គេ​មិន​ជា​ម្ចាស់​ពាន Cambodian Idol ក៏​ដោយ”។

 

អ្នកនាង​បាន​ឲ្យ​ដឹង​ទៀត​ថា​កម្មវិធី​យប់មិញ​នេះ​ចាប់ផ្ដើម​តាំងពី​ម៉ោង ៦ ជាង​ល្ងាច​រហូត​ដល់​ម៉ោង​១០ កន្លះ​យប់ ហើយ​គ្រាន់តែ ហាជី ចុះ​ពី​ឡាន​ភ្លាម​មនុស្ស​រាប់​រយ​អ្នក​បាន​ចោមរោម​ទទួល​ជុំជិត។ អិន ច័ន្ទ​នារី បាន​បន្ថែម​ថា​ ព្រោះតែ​ក្ដី​ស្រលាញ់​បងប្អូន​អ្នក​ខេត្ត​បាត់ដំបង​បាន​សំណូមពរ​ឲ្យ ម៉ៅ ហាជី លើក​យក​ចម្រៀង​ដែល​គេ​ប្រកួត​ក្នុង​កម្មវិធី Cambodian Idol មក​បកស្រាយ​ឡើង​វិញ​ទាំងអស់។

 

នៅ​ពីក្រោយ​​ការ​ប្រគំ​តន្ត្រី ម៉ៅ ហាជី កក្រើក​បាត់ដំបង​យប់មិញ

 

“គ្រាន់តែ​ការ​ប្រគំ​តន្ត្រី​របស់ ជី ធ្វើឲ្យ​ស្ទះ​ផ្លូវ​ឡើង​មួយ​យប់​ហើយ​នៅ អូរចា នេះ ឃើញ​ស្ទះ​ខ្លាំង​ដូចនេះ​ពេក​ ពួក​បង​ក៏​បញ្ចប់​ត្រឹម​ម៉ោង ១០ កន្លះ​តែម្ដង​ទៅ​ព្រោះ ជី ច្រៀង​ឡើង​ស្អក​ក​ដែរ​ហើយ ណា​មួយ​គ្នា​ត្រូវ​ឡើង​មក​ភ្នំពេញ​វិញ​ទាំង​យប់​ទៀត ព្រោះ​ត្រូវ​ចូលរួម​កម្មវិធី​ពេល​ព្រឹក​នៅ​បុស្ដិ៍​ហង្សមាស។”

 

តាម​គម្រោង ម៉ៅ ហាជី ធ្លាប់​បាន​បកស្រាយ​ប្រាប់ Sabay ថា​ពេល​ចប់​ការ​ប្រឡង Cambodian Idol  រូប​លោក​នឹង​មក​ស្រុកកំណើត ១ ឬ ២ សប្ដាហ៍​ដើម្បី​មក​ជួប​ពុក​ម៉ែ​បងប្អូន និង​ថ្លែង​អំណរគុណ​ចំពោះពួក​គេ​ដែល​បាន​ជួយ​គាំទ្រ​លោក​កន្លង​មក។ តែ​យប់មិញ​លោក​មក​បាន​តែ​មួយ​ភ្លែត​ហើយ​ត្រលប់​ទៅ​ភ្នំពេញ​វិញ​ទាំង​យប់។

 

 

ចំពោះ​រឿង​នេះ​ដែរ ត្រូវ​បាន​អ្នកនាង អិន ច័ន្ទនារី ប្រាប់​ថា​បេក្ខភាព​ឆ្នើម​របស់​កម្មវិធី​លំដាប់​ពិភពលោក​រូប​នោះ​ រវល់​ទើប​មិន​អាច​ស្ទាក់​នៅ​បាត់ដំបង​យូរ​បាន។ ស្ត្រី​វ័យ ៣០ ឆ្នាំ​ស្ដើង​រូប​នេះ​បាន​បន្ត​ទៀត​ថា ​អ្វី​ដែល​មិន​នឹក​ស្មាន​ដល់​នោះ​គឺ​ប្រជាជន​រាប់ពាន់​អ្នក​បាន​មក​ចូលរួម ក្នុង​កម្មវិធី​នេះ​ ព្រម​ជាមួយ​បាច់ផ្កា កម្រង​ផ្កា​​យ៉ាង​ច្រើន​ជូន​តារា​ចម្រៀង​​ខាង​លើ ធ្វើឲ្យ​អ្នកស្រី​សប្បាយ​ចិត្ត​រក​ពាក្យ​ថ្លែង​ពុំ​ចេញ មាន​តែ​ហូរ​ទឹកភ្នែក​ព្រោះ​ក្ដី​រំភើប។

 

ចន័្ទនារី ក៏​បាន​រំលឹក​ពី​ប្រវត្តិ​ខ្លះ​ៗ​របស់  ម៉ៅ ហាជី  ផង​ដែរ​ថា ​ពី​ដំបូង​បុរស​វ័យ​ជាង ២០ ឆ្នាំ​រូប​នេះ​បាន​មក​ជួល​បន្ទប់​គាត់​ស្នាក់នៅ ដើម្បី​ហាត់​ច្រៀង​ហើយ​បន្ទាប់​មក​អ្នកស្រី​ក៏​បាន​បើក​ជា​វង់​តន្ត្រី ហើយ​រូបគេ​ក៏​ជា​តារា​ចម្រៀង​ប្រចាំ​វង់​តន្ត្រី​សួគ៌ា​ខេត្ត​បាត់ដំបង ដែល​ទើប​បង្កើត​បាន​ជិត​បី​ឆ្នាំ​នេះ​តែ​ប៉ុណ្ណោះ៕

 

នៅ​ពីក្រោយ​​ការ​ប្រគំ​តន្ត្រី ម៉ៅ ហាជី កក្រើក​បាត់ដំបង​យប់មិញ

 

នៅ​ពីក្រោយ​​ការ​ប្រគំ​តន្ត្រី ម៉ៅ ហាជី កក្រើក​បាត់ដំបង​យប់មិញ

 

នៅ​ពីក្រោយ​​ការ​ប្រគំ​តន្ត្រី ម៉ៅ ហាជី កក្រើក​បាត់ដំបង​យប់មិញ

 

អត្ថបទ៖ទ្រី រ៉ាវី

រូបភាព៖ផ្ដល់​ឲ្យ​ដោយ អិន ច័ន្ទនារី