សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកគាំទ្រ គណបក្ស ប្រជាជនកម្ពុជា កុំប្រើហិង្សា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានអំពាវនាវ ដល់អ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា កុំឲ្យប្រើហិង្សា បើទោះបីមានការ ជេរប្រមាថ ក៏ដោយ គឺត្រូវខាំមាត់ដើរចេញ។

ក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ និង កែលំអប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៣ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកគាំទ្រត្រូវតែចៀសវាង នូវអំពើបំផ្លិចបំផ្លាញ ប៉ះពាល់រូបរាងកាយ អាយុជីវិត និងទ្រព្យសម្បត្តិរបស់គេ បើទោះបីគេជេរប្រមាថ ក៏ដោយ ត្រូវតែខាំមាត់ ដើរចេញ។

សម្តេច បានបញ្ជាក់ថា សម្តេចគាំទ្រសកម្មភាពតវ៉ា ដែលជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ តែ សម្តេចមិនគាំទ្រការប្រើហិង្សានោះឡើយ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានក្រុមអ្នកតវ៉ាមួយក្រុម កាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅនេះ បានវាយអ្នកតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិពីររូប គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។

បើតាមចម្លើយសារភាពរបស់ក្រុមជនដៃដល់ ដែលបានចូលខ្លួនសារភាព នៅចំពោះមុខសមត្ថកិច្ចកាលពីថ្ងៃទី៣ ខែ វិច្ឆិកា បានបញ្ជាក់ថា អំពើហិង្សានេះ បានផ្ទុះឡើង ដោយសារតែអ្នកតំណាងរាស្រ្ត បានជេរទៅលើពួកគេ៕

សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកគាំទ្រ គណបក្ស ប្រជាជនកម្ពុជា កុំប្រើហិង្សា