កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១ នឹងផ្តើមនាសប្តាហ៍ ក្រោយនៅចិន

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំ គណៈប្រតិភូទៅចូលរួមកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី១ តបតាមការអញ្ជើញរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

យោងតាមសេចក្តីប្រកាស ព័ត៌មានក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននាព្រឹក ថ្ងៃទី៥ខែវិច្ឆិកា នេះបានឱ្យដឹងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នៅទីក្រុងជីងហុងខេត្ត យូណានសាធារណរដ្ឋប្រជាមានិតចិន។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា កិច្ចប្រជុំនេះ នឹងពិភាក្សាលើការបង្កើតរចនាសម្ព័ន្ធ របស់កិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង ហើយនឹងផ្លាស់ប្តូរយោបល់លើបញ្ជី គម្រោងដែលឆាប់ទទួលបានផល ក្នុងកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងធនធានទឹក សុខភាពសាធារណៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវប្បធម៌។ ហើយកិច្ចប្រជុំនេះ ក៏នឹងពិនិត្យអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាមួយ នឹងក្របខ័ណ្ឌ អនុតំបន់ដ៏ទៃទៀតដូចជា កម្មវិធីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គ និងកិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍អាស៊ានអាងទន្លេមេគង្គ៕