លោក​លី សារី ៖ ​ក្រុមប្រឹក្សា​សង្កាត់ត្រូវ​ចេះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យចូលរួម​កសាង​ផ្លូវលំ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​​លោក​អភិបាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​​បាន​ប្រជុំ​ណែនាំ​ដល់​ក្រុមប្រឹក្សា​សង្កាត់​ត្រូវ​ណែនាំ​ដល់​ប្រជាពលរដ្ឋឱ្យ​ចូលរួម​កសាង​ផ្លូវលំ​ឱ្យបាន​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​​។ កិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឡើងកាល​ពី​រសៀល​ថ្ងៃ​ទី​០៣​តុលា​ ២០១៥​ នៅ​សាល​ប្រជុំ​សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា​ សង្កាត់​កំពង់ស្វាយ​ គឺជា​សង្កាត់​ស្ថិត​ក្នុង​ក្រុង​សិរី​សោភ័ណ ​ហើយ​មាន​ផ្លូវលំ​ខេត្ត​ជា​ច្រើន​ខ្សែដែល​រង​ការ​ខូចខាត ​​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ជួប​ការ​លំបាកក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​។

​ក្រោយ​កិច្ចប្រជុំ​ហើយ​លោក លី សារី អភិបាលរង​ខេត្ត​បានដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​មើលផ្លូវ​១​ខ្សែដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ជា​ច្រើន​ឆ្នាំ​មក​​​ហើយ​ស្ថិត​ក្នុងភូមិ​ពីរ ​សង្កាត់​កំពង់ស្វាយ ​ក្រុង​សិរី​សោភ័ណ ​និង​ធ្វើ​ការជួសជុល​ឡើង​វិញ​ដើម្បី​ឱ្យប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​បាន​ស្រួល​៕​