​រថយន្តហ៊ីណូ​បាក់​ចំរឹង​ទ្រុងធ្លាក់សង្កត់លើ​រ៉ឺម៉ក​ម៉ូតូ​ដាច់២កំណាត់​

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ 3A-1487 មួយ​គ្រឿង ដែលគេដឹងថា ជា​រថយន្ត​​​របស់​ក្រុម​វិស្វកម្ម​ស្ថាបនា​​ផ្លូវថ្នល់​​​ដឹក​ដែក​ពុម្ពអក្សរ​មាន​មុខកាត់កន្លះម៉ែត្រ និង​បណ្តោយ៥ម៉ែត្រ​​ជាច្រើន​ ក៏​បាន​បាក់​ចំរឹង​ទ្រុង​រថយន្ត បណ្តាល​ឱ្យ​ធ្លាក់​​សង្កត់​លើ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​កំពុង​ចត​ស្ងៀម​ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​០៥ វិច្ឆិកា ២០១៥ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​០៣ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ រីឯ​ម្ចាស់​រ៉ឺ​ម៉ក​ឈ្មោះ​ញ៉ុញ កាន អាយុ​៣៥​ឆ្នាំ ជា​ជាង​ដែក មាន​ទីលំនៅ​ក្នុងភូមិ​ទួល​អំពិល ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត និង​រ៉ឺ​ម៉ក​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ម្ចាស់​រ៉ឺ​ម៉ក​បាន​ឈប់​ចត​ដើម្បី​ចូល​ទៅ​ហូប​បាយ ពេល​នោះ​រថយន្ត​មក​ដល់​ក៏​បាក់​ចំរឹង​ទ្រុង​ដែក​នោះ​ធ្លាក់​សង្កត់​លើ​រ៉ឺ​ម៉ក​ដាច់​កង់​ជា​២​កំណាត់​តែ​ម្តង ។

ក្នុង​ហេតុការណ៍​នេះដែរ ត្រូវ​អ្នកដំណើរ​នាំ​គ្នា​និយាយ​ថា សំណាង​ហើយ​ដែល​ម្ចាស់​រ៉ឺ​ម៉ក​មិន​នៅ​ កុំបី​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ទៅ​ហើយ ។ ម្យ៉ាង​វិញទៀត ទីតាំង​ខាងលើ​គឺ​តែងតែមាន​កម្មករ​-​កម្មការិនី​ដើរទៅ​មក​ជា​ច្រើន សំណាង​ម៉ោង​នេះ​ពួក​គេ​​កំពុង​ធ្វើការ កុំ​អី​មិនដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ទេ​ដែល​រងគ្រោះថ្នាក់​​នោះ ។