​មេ​វរ​សេនា​តូច ការពារ​ព្រំដែន​៣០១ ត្រូវ​កូនចៅ​ផ្ដិតមេដៃ ប្ដឹង​ឲ្យ​ដកចេញ ព្រោះ​ស៊ីដាច់​លុយ ឧបត្ថម្ភ ពេល​បុណ្យទាន​

តាកែវ: នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុង​អង្គភាព​វរសេនា​តូច​លេខ​៣០១ ការពារ​ព្រំដែន​គោក អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រងខេត្តតាកែវ ប្រមាណ ៨០​នាក់ បាននាំគ្នា​ផ្ដិតមេដៃ ដាក់ពាក្យ​បណ្ដឹង​ទៅសម្ដេច​តេ​ជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌ និង​សុំ​ផ្លាស់ប្ដូរលោក​វរសេនីយ៍ឯក អេង ឃាង អត្តលេខ​០២៩២២១ ចេញពី​តំណែង​មេបញ្ជាការ ដោយ​ពួកគេ​បាន​ចោទថា លោក អេង ឃាង ជា​មនុស្ស​ពុករលួយ និង​ស៊ីដាច់​លុយឧបត្ថម្ភ​របស់​កូនចៅក្នុងពេល​បុណ្យទាន​។​

​យោងតាម​ពាក្យបណ្ដឹង ដែលមាន​ស្នាម​មេដៃ នាយទាហាន នាយទាហានរង និង ពលទាហាន ប្រមាណ ៨០​នាក់ ដែល​គោរព​ជូន សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា លោក អេង ឃាង ជា​មនុស្ស​ពុករលួយ មិនចេះ​ធ្វើការ បណ្ដាល​ឲ្យប៉ះពាល់​ដល់ សតិអារម្មណ៍​កងទ័ព​ក្នុង​អង្គភាព​។ ប្រជុំ​ប្រចាំខែ លោក អេង ឃាង និយាយ​តែ​រឿង​ឲ្យ​កូនចៅ តាម​កងអនុសេនាតូច និង​អនុ​សេនា​ធំ បង់លុយ​ឲ្យ​លោក​ឲ្យ​គ្រប់​ចំនួន ដែល​លោក​បានកំណត់​។​

​ក្នុង​ពាក្យបណ្តឹង​នេះ នាយទាហាន នាយទាហានរង និង​ពលទាហាន ក្នុង​អង្គភាព​វរៈ​សេនា​តូច​លេខ​៣០១ បាន​បន្តថា លោក អេង ឃាង តែងតែ​ធ្វើស្រែ​លើ​ខ្នង​កងទ័ព​ជានិច្ច ដោយ​យក​ថវិកា និង​សម្ភារៈ​របស់​ថ្នាក់លើ ដែល​ផ្ដល់​ឲ្យ​កងទ័ព ក្នុង​រដូវ​បុណ្យទាន យកទៅ​ធ្វើជា​សម្បត្តិ​ផ្ទាល់ខ្លួន​។​

​ពាក្យបណ្ដឹង​ផ្ញើជូន សម្ដេច​តេ​ជោ ក្រុម​ទាហាន​វរៈ​សេនា​តូច​លេខ​៣០១ បាន​ឲ្យ​ដឹង​ទៀតថា ថវិកា និង​សម្ភារៈ ត្រូវបាន​លោក អេង ឃាង យកទៅ​ធ្វើជា​សម្បត្តិ​ផ្ទាល់ខ្លួន រួមមាន​ថវិកា​អន្តរា​គន៍ ៣០ លាន​រៀល ថវិកា​របស់​កងទ័ព​វៀតណាម ផ្ដល់​ឲ្យ​អង្គភាព រថយន្ត​មួយគ្រឿង របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ តម្លៃ ១ ម៉ឺន​ដុល្លារ គ្រឿងឧបភោគ​បរិភោគ ដែល​ថ្នាក់លើ​ផ្ដល់​ឲ្យ​កងទ័ព ត្រូវ​លោក អេង ឃាង ឲ្យ​គេ​យកទៅលក់ និង​ដឹក​យកទៅ​ឲ្យ​ស្រី កំណាន់​របស់គាត់​។​

​នៅក្នុង​ពាក្យបណ្តឹង​នេះ នាយទាហាន នាយទាហានរង និង​ពលទាហាន បានបញ្ជាក់​យ៉ាង​ដូច្នេះ «​ការដឹកនាំ​របស់ គាត់​មិនបាន​ចាត់ទុក ភារកិច្ច​ជា​ស្នូល​សំខាន់​ទេ គឺ​យក​អំពើពុករលួយ កៀបសង្កត់ ប្រមូល​លុយ ពី​ប្រជាពលរដ្ឋ តាម បណ្ដោយ​ព្រំដែន​ជា​ស្នូល ហើយ​បើ​កូនចៅ​ណា ប្រមូល​លុយ​មិនបាន​តាម​លោក​កំណត់ គឺ​ត្រូវបាន​ដកចេញ​ភ្លាមៗ​។ លោក អេង ឃាង ប្រើ​អំណាច​ផ្ដាច់ការ បក្ខពួកនិយម ឲ្យ​គេ​តាមដាន​មន្ត្រីក្រោមឱវាទ ពីមួយ​ទៅមួយ ដូច​សម័យ ប៉ុល ពត ហើយ​បើ​អ្នកណា តាម​លោក​រស់ អ្នកណា​មិន​តាម​លោក គឺ​ស្លាប់​»​។​

​ក្នុង​ពាក្យបណ្តឹង​នេះ កូនៗ​ទាហាន​នេះ បាន​អះអាងថា សកម្មភាព​របស់លោក អេង ឃាង ធ្វើ​ឲ្យ​អង្គភាព​ច្របូកច្របល់ ភាពអនាធិបតេយ្យ បានកើត​ឡើង ក៏ប៉ុន្តែ​លោក​បាន​យក​អំណាច​ទឹកប្រាក់ និង​ឈ្មោះ​ថ្នាក់ដឹកនាំ មក​គំរាម នាយទាហាន ពលទាហាន​ថា អ្នក​តវ៉ា និង​ដក​បញ្ឈរជើង ដោយ​លោក​តែងតែ​បោះពាក្យ​សម្តី ក្នុង​អង្គប្រជុំ​ថា «​ក្បាល​មិន​ដល់​មេឃ ជើង​មិន​ដល់​ដី កូនចៅ​មិនអាច​ជួយ​អញ​បានទេ គឺ​មានតែ​ថ្នាក់លើ​។ នរណា​មិន​គោរព​អញ ដូរ​ឈ្មោះ​ថ្មី​យកលុយ​»​។​

​ពាក់ព័ន្ធ​ទៅ​និង​ពាក្យបណ្ដឹង​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ ផល្លា អ្នកនាំពាក្យ​កងទ័ពជើងគោក បាន​ថ្លែង​ឲ្យ​ដឹងថា បញ្ហា​ពាក្យបណ្ដឹង​នេះ ខាង​អគ្គបញ្ជាការដ្ឋាន បានទទួល​រួចហើយ មេបញ្ជាការ​កងទ័ពជើងគោក ក៏បាន​បញ្ជា​ឲ្យ​ក្រុមអធិការកិច្ច ចុះ​ស៊ើបអង្កេត​រឿងនេះ​រួចហើយ​។​

​លោក​បាន​សង្កត់ធ្ងន់ថា «​ទាល់តែ​ការស៊ើបអង្កេត ចប់​រួចរាល់ ទើប​យើង​អាច​ដឹងថា តើ​ពាក្យបណ្ដឹង​ទាំងអស់នេះ ជា ការពិត ឬ ជាការ​ចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​!»​។​

​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេក រស់ បាន​ថ្លែង​ឲ្យ​ដឹងថា បញ្ហា ទាំងអស់នេះ ខាង​អធិការកិច្ច​របស់ អគ្គបញ្ជាការដ្ឋាន​កង​ទ័ពជើងគោក កំពុងតែ​ចុះមក​ពិនិត្យ និង​ដោះស្រាយ​។ ក៏ប៉ុន្តែ​លោក សេក រស់ បានធ្វើការ​ការពារ​លោក អេង ឃាង ដោយបាន​ហៅ​ការប្ដឹង​លោក អេង ឃាង ទៅ​សម្ដេច​តេ​ជោ ហ៊ុន សែន ពី​សំណាក់​ក្រុម​នាយទាហាន ពលទាហាន​ទាំង ៨០​នាក់​ថា ជា​រឿង​មិន​ពិត ហើយ​ក្រុម​អ្នកប្ដឹង​នោះ សុទ្ធតែជា​មន្ត្រី​ខិលខូច​។​

​លោក អេង ឃាង មេបញ្ជាការ​វរៈ​សេនា​តូច ការពារ​ព្រំដែន​៣០១ ដែល​ត្រូវ​កូនចៅ​ដាក់ពាក្យ​បណ្ដឹង មិនអាច​សុំ ការអត្ថាធិប្បាយ បានទេ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​៕V/S