សហភាព​សហព័ន្ធ​សហជីព​កម្មករ​គ្រោង​ដាក់​ញត្តិ​ទាមទារ​អត្ថប្រយោជន៍​កម្មករ​លើក​ទី​២

ក្រុម​សម្ព័ន្ធ​សហជីព​កម្មករ​ចំនួន ៩ គ្រោង​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជា​លើក​ទី​២ ទាក់ទង​នឹង​ការ​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ ១៣​ចំណុច​សម្រាប់​កម្មករ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ថ្លែង​​ថា ក្រុម​សម្ព័ន្ធ​សហជីព​បាន​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា អំពី​ការ​ដាក់​ញត្តិ​លើក​ទី​២ បន្ទាប់​ពី​បាន​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អស់​រយៈ​ពេល​ពីរ​សប្ដាហ៍​មិន​បាន​លទ្ធផល។

លោក ប៉ាវ ស៊ីណា៖ «ក្រុម​យើង​ឯកភាព​គ្នា​ថា នឹង​ដាក់​លិខិត​មួយ​ទៀត​ទៅ​ខាង​ក្រសួង​ការងារ។ អ៊ីចឹង​យើង​ត្រៀម​នឹង​ចេញ​លិខិត​មួយ​ទៀត​ទៅ​កាន់​ក្រសួង​ការងារ ដើម្បី​ជំរុញ​ឱ្យ​ក្រសួង​ឆ្លើយ​តប និង​ធ្វើ​ការ​ដោះស្រាយ​សំណើ​របស់​យើង មុន​នឹង​យើង​ធ្វើ​យុទ្ធនាការ​ផ្សេងៗ ប្រហែល​ជា​ក្នុង​អាទិត្យ​ហ្នឹង ឬ​ដើម​អាទិត្យ​ក្រោយ ដោយសារ​តែ​សហជីព​យើង​ខ្លះ​គាត់​រវល់​ទៅ​ខេត្ត ខ្លះ​មិន​ទាន់​មក​ពី​ក្រៅ។ អ៊ីចឹង​យើង​អត់​ជុំ​គ្នា​ក្នុង​ការ​ចុះ​ហត្ថលេខា»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ក្រុម​សហព័ន្ធ​សហជីព​កម្មករ​បាន​ដាក់​ញត្តិ​លើក​ទី​១ របស់​ខ្លួន ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ស្នើសុំ​ឱ្យ​មាន​ការ​ចរចា​អំពី​អត្ថប្រយោជន៍​ផ្សេងៗ បន្ថែម​លើ​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​ដែល​នឹង​ត្រូវ​ឡើង​ដល់​ចំនួន ១៤០​ដុល្លារ នៅ​ដើម​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។