អ្នក​ជំនាញ​៖ សហគ្រិន​គួរ​មាន​ជំនាញ​ណា​មួយ​ច្បាស់លាស់​មុន​ចាប់​ផ្ដើម​អាជីវកម្ម

ក្រុម​រដ្ឋមន្ត្រី និង​អ្នក​ជំនាញ​នៃ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា លើក​ឡើង​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ឥស្លាម​ពិភពលោក​លើក​ទី​១១ ថា ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ជាតិ ត្រូវការ​ចាំបាច់​នូវ​ការ​ពង្រឹង​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម (SME)។

​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំង​នេះ បង្ហាញ​នូវ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ថ្នាក់​ជាតិ​រៀងៗ​ខ្លួន ដើម្បី​លើក​ស្ទួយ​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម។ បណ្ដា​ប្រទេស​ទាំង​នេះ​មាន​ចំណុច​រួម​មួយ​ចំនួន​ដើម្បី​ទទួល​បាន​ជោគជ័យ​នូវ​កំណើន​សេដ្ឋកិច្ច​ជាតិ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា  លោក ស៊ុន ចាន់ថុល ថ្លែង​ការ​ចាប់​អារម្មណ៍​ថា វិស័យ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម មាន​សក្ដានុពល​ចំពោះ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា។ លោក​ថ្លែង​ប្រាប់​កិច្ចពិភាក្សា​ស្ដី​ពី​ពាណិជ្ជកម្ម​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៃ​វេទិកា​សេដ្ឋកិច្ច​ឥស្លាម​ពិភពលោក​លើក​ទី​១១ (WIFE) ថា ប្រទេស​កម្ពុជា បាន​ជំរុញ​ផ្ដល់​ការ​អប់រំ​ផ្នែក​បច្ចេកទេស​ដល់​ពលរដ្ឋ​ផង​ដែរ​តាម​រយៈ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ។ លោក​ថ្លែង​ថា កំណែ​ទម្រង់​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ចំនួន​នៃ​សិស្ស​ចូល​សិក្សា​ជំនាញ​បច្ចេកទេស​កើន​ឡើង ដែល​បាន​ផ្ដល់​នូវ​ធនធាន​មនុស្ស​មាន​សមត្ថភាព​ពិតប្រាកដ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៃ​ប្រទេស​រ្វ៉ាន់ដា (Rwanda) លោក ហ្វ្រង់ស៊ីស កានីមបា (Francois Kanimba) មាន​ប្រសាសន៍​ថា សហគ្រិន​គួរ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់ ទទួល​បាន​ហិរញ្ញប្បទាន ទទួល​បាន​នូវ​ចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា និង​មាន​ទីផ្សារ​គ្រប់គ្រាន់​ដើម្បី​ជំរុញ​ការ​រីក​ចម្រើន​អាជីវកម្ម​សហគ្រាស​ខ្នាត​និង​មធ្យម។ លោក​បន្ត​ថា ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​មាន​សារសំខាន់​សម្រាប់​ភាព​ជោគជ័យ​នៃ​វិស័យ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម។

ទីប្រឹក្សា​ប្រធានាធិបតី​នៃ​ប្រទេស​ហ្គាបុង (Gabon) ក្នុង​ទ្វីប​អាហ្វ្រិក លោក ដេនីស អាយ៉េនួ (Denis Ayenoue) មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​វិស័យ​សហគ្រាស​ខ្នាត​និង​មធ្យម ដែល​គ្មាន​ធនធាន​មនុស្ស​ប្រៀប​ដូចជា​ការ​អភិវឌ្ឍ​ដែល​គ្មាន​ចិរភាព។

លោក​បន្ថែម​ថា គួរ​មាន​ការ​បណ្ដុះបណ្ដាល​ពី​វិធីសាស្ត្រ​ធ្វើ​ជំនួញ​ដោយ​ជោគជ័យ​ដល់​សហគ្រិន​មុន​ពេល​ដែល​ពួកគេ​ចាប់​ផ្ដើម​អាជីវកម្ម​របស់​ខ្លួន។ លើស​ពី​នេះ​ទៅ​ទៀត ការ​អប់រំ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស (TVET) ក៏​រួម​ចំណែក​ការ​រីក​ដុះដាល​នៃ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​នៃ​ប្រទេស​ម៉ូហ្សំប៊ិក (Mozambique) លោក អ៊ីឡាស តូនេឡា (Elias Tonela) នៅ​ពេល​ប្រជាពលរដ្ឋ​ចេះ​ជំនាញ​បច្ចេកទេស ពួកគេ​អាច​បង្កើត​អាជីវកម្ម​ខ្លួន​ឯង​បាន។

ការ​សិក្សា​ពី​ទីផ្សារ​ជា​ការ​ចាំបាច់​ដើម្បី​ទទួល​បាន​ផ្លែផ្កា​ពេល​ធ្វើ​អាជីវកម្ម។ អនុរដ្ឋមន្ត្រី​ក្រសួង​គេហដ្ឋាន​នៃ​ប្រទេស​ម៉ាឡេស៊ី លោក ហ្សាហិដ ហាមិដឌី (Zahid Hamidi) ផ្ដល់​យោបល់​ដល់​អ្នក​ជំនួញ​ផ្នែក​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ថា នៅ​ពេល​ពួកគេ​មាន​គម្រោង​បើក​អាជីវកម្ម ពួកគេ​គួរ​សម្លឹង​មើល​ទីផ្សារ​ពិភពលោក ដើម្បី​អាច​ចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​បាន។

​លោក​ថា សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ដែល​មាន​ចក្ខុវិស័យ​រុល​ចូល​ទីផ្សារ​អន្តរជាតិ នឹង​ទទួល​បាន​នូវ​ការ​រីក​ចម្រើន​ខ្ពស់ និង​អាច​បង្កើន​ចំនួន​ការងារ​បាន​ច្រើន។

បើ​តាម​លោក ហ្សាហិដ វិស័យ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម តំណាង​ឲ្យ ៩៥​ភាគរយ​នៃ​ការ​បង្កើត​ពាណិជ្ជកម្ម​នៅ​ទូទាំង​តំបន់​អាស៊ាន ដែល​វា​តំណាង​ឲ្យ ៥០ ទៅ ៨៥​ភាគរយ​នៃ​ផលិតភាព​ការងារ​ក្នុង​ស្រុក​សរុប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។