លោក ហ៊ុន សែន ប្រកាស​ផ្ដន្ទាទោស​ជា​ថ្មី​ដល់​អ្នក​បង្ក​ហិង្សា​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្ដន្ទាទោស​សាជាថ្មី​ដល់​ជន​បង្ក​ហិង្សា លើ​តំណាងរាស្ត្រ​ប្រឆាំង​ឲ្យ​រង​របួស​ធ្ងន់។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​បើក​សម្ពោធគម្រោង​ការពារ​ទឹក​ជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ នៅ​ទីតាំង​សួនច្បារ មុខ​វត្ត​បទុមវតី នៅ​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ដោយ​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​ជា​សិទ្ធិ​សេរីភាព ប៉ុន្តែ​លោក​មិន​គាំទ្រ​ការ​ធ្វើ​ប្រព្រឹត្ត​អំពើ​ហិង្សា​នោះ​ទេ៖ «ការ​ប្រព្រឹត្ត​អំពើ​ហិង្សា ជា​អំពើ​ដែល​មិន​អាច​លើក​លែង​ទោស​ឲ្យ​បាន​ឡើយ»

រហូត​ដល់​ថ្ងៃ​ទី​៤ វិច្ឆិកា តុលាការ​បានសម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ជន​សង្ស័យ​៣​នាក់​បាន​ចេញ​សារភាព​ថា បាន​ប្រើ​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ​២រូប ឲ្យ​រង​របួស​ធ្ងន់​នោះ​ហើយ។

ជន​សង្ស័យ​៣​នាក់​ដែល​បាន​ចេញ​សារភាព​នោះ គឺ​ធ្វើ​ឡើង​ក្រោយ​ជិត​១​សប្ដាហ៍​បន្ទាប់​ពី​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ជន​ដៃដល់​ចេញ​មុខ​សារភាព​ជា​បន្ទាន់ កាល​ពី​ថ្ងៃ​ទី២៨ តុលា ដោយ​លោក​ថ្កោលទោស​ជន​ដៃ​ដល់ និង​ហៅ​ការ​ប្រើ​អំពើ​ហិង្សា​ចំពោះ​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ថា​ជា​រឿង​ចម្លែក។

យ៉ាង​ណា​ក៏ដោយ​ចុះ គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ចង់​ឃើញ​សមត្ថកិច្ច​នាំ​ខ្លួន​ជន​សង្ស័យ​ច្រើន​ជាង​នេះ ដោយ​លើក​ឡើង​ថា ជន​បង្ក​ហិង្សា​មិន​មែន​តែ​៣​នាក់​នោះ​ទេ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។