ជម្លោះដីធ្លី​និង​បញ្ហា​សង្គម​ជាច្រើន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា រស់នៅ​ពុំមាន​ភាពសុខដុមរមនា​

អ្នកតាមដាន​បញ្ហា​សង្គម​ក្នុងប្រទេស​កម្ពុជា​បាន​កត់សម្គាល់ថា គម្រោង​អភិវឌ្ឍន៍​មួយចំនួន ជម្លោះដីធ្លី ការបណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី​ទីជម្រក​ដោយ​ពុំមាន​សំណង់​សមរម្យ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជិត​១​លាន​នាក់​។ ជាងនេះទៅទៀត​ការដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​យួន ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួនធំ​ត្រូវ​រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​ឡើយ​។ ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​យួន ក្រុមហ៊ុន​ចិន និង​គម្រោង​វិនិយោគ​មួយចំនួន មិន​ត្រឹមតែ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​រងទុក្ខវេទនា​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បង្ក​ឲ្យ​មាន​អំពើ​រំលោភសិទ្ធិ​មនុស្ស​យ៉ាង​ពេញបន្ទុក​។

​នៅក្នុង​របាយការណ៍​ស​ន្ទ​ស្សន៍​សុខដុម​នីយកម្ម​ឆ្នាំ​២០១៥(Prosperity Index 2015) បានដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុន សែន នៅ​លំដាប់​លេខ​១១២​ក្នុងចំណោម​ប្រទេស​១៤២ ដែល​ត្រូវបាន​សិក្សា​ទិន្នន័យ​។ ចំណាត់ថ្នាក់​នេះ​បាន​បង្ហាញថា ភាពសុខដុមរមនារ​បស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​នៅមានកម្រិត​ទាប​នៅឡើយ បើ​ប្រៀបធៀប​ទៅនឹង​បណ្ដា​ប្រទេស​ដទៃទៀត​ក្នុង​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(​អាស៊ាន​)​។ របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​សិក្សា​ទៅលើ​កត្តា​សំខាន់ៗ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅក្នុង​សង្គម​មួយ​រស់នៅ​ដោយ​ភាពសុខសាន្ត និង​វិបុលភាព​។ កត្តា​ទាំងនោះ​មានដូចជា កំណើនសេដ្ឋកិច្ច ឱកាស​ស្មើគ្នា​ក្នុង​ផ្នែក​សហគ្រិនភាព រដ្ឋាភិបាល​មានការ​ទទួលខុសត្រូវ សិ​ទិ្ធ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​នយោបាយ ការបោះឆ្នោត​ត្រឹមត្រូវ​យុត្តិធម៌ ការប្រកាន់​ខ្ជាប់​នូវ​នីតិរដ្ឋ សន្តិសុខ​ជាតិ សេរីភាព គុណភាព​វិស័យ​អប់រំ និង​ប្រព័ន្ធ​សុខាភិបាល​ជាដើម​។

នៅក្នុង​របាយការណ៍​នោះបាន​បង្ហាញ​ថាបើ​ប្រៀបធៀប​ជាមួយ​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន ដែល​ស្ថិតក្នុង​បញ្ជី​សិក្សា​គឺ​ប្រទេស​កម្ពុ​ជាមាន​ចំណាត់​ថ្នាក់ទាប​ជាងគេ​បង្អស់ គឺ​ទាប​ជាង​ប្រទេស​សិង្ហ​បុរី ដែល​នៅ​លំដាប់ថ្នាក់​លេខ​១៧, ប្រទេស​ម៉ា​ឡា​ស៊ី​នៅ​លំដាប់​លេខ​៤៤, ប្រទេស​ថៃ​នៅ​លំដាប់ថ្នាក់​លេខ​៤៨, ប្រទេស​យួន​នៅ​លំដាប់ថ្នាក់​លេខ​៥៥, ប្រទេស​ហ្វីលីពីន​នៅ​លំដាប់ថ្នាក់​លេខ​៧៤ និង​ប្រទេស​ឡាវ​នៅ​លំដាប់ថ្នាក់​លេខ​៩៥​។ ចំណែក​លំដាប់ថ្នាក់​ល្អ​បំផុត​នៅ​ភាពសុខដុមរមនា​រប​ស់​ប្រជាពលរដ្ឋ គឺ​បាន​ទៅលើ​ប្រទេស​ន័​រវេ​ស​ក្នុង​តំបន់​អឺរ៉ុប ហើយ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​នៅ​ទ្វីបអាហ្វ្រិក គឺ​នៅ​លំដាប់​លេខ​១៤២​តែម្ដង​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​រដ្ឋាភិបាល លោក ហ៊ុន សែន មិនត្រូវ​មើលរំលង​នោះទេ ព្រោះ​ជម្លោះដីធ្លី​និង​បញ្ហា​សង្គម​មួយចំនួន​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់ ហើយ​អំពើពុករលួយ​ជា​ប្រព័ន្ធ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នាពេល​បច្ចុប្បន្ន​៕

Siv channa02_71 67