មន្ត្រី​អង្គការសហប្រជាជាតិ​មក​ពិនិត្យមើល​ស្ថានការណ៍​នៅ​កម្ពុជា ក្រោយពេល​មាន​អំពើហិង្សា​លើ​តំណាងរាស្ត្រ​

​ប្រភពពី​តំណាង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សេរីភាព​ប្រមូលផ្ដុំ និង​បង្កើត​សមាគម​លោក ម៉ៃ​ណា គី​អៃ​(Maina Kiai) នឹង​មក​បំពេញ​ទស្សនៈកិច្ច​ក្នុងប្រទេស​កម្ពុជា​រយៈពេល​២​ថ្ងៃ​។ លោកស្រី វ៉ាន ហៀ​លី តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ទៀតថា លោក ម៉ៃ​ណា គី​អៃ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​០៧​ដល់​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ទស្សនកិច្ច​នេះ​គឺ​ស្របពេល​ដែលមាន​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើតឡើង​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ផងដែរ​។

​លោកស្រី វ៉ាន ហៀ​លី បាន​ឲ្យ​ដឹង​ទៀតថា​លោក ម៉ៃ​ណា គី​អៃ មក​ទស្សនកិច្ច​នៅ​កម្ពុជា​គឺជា​ទស្សនកិច្ច​គ្រោងទុក​មុន ហើយ​ជា​ទស្សនកិច្ច​ក្រៅផ្លូវការ​មួយ​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ជា​លក្ខណៈ​សិក្សា​ផងដែរ​។ តាម​គម្រោង​គឺ​លោក ម៉ៃ​ណា គី​អៃ ត្រូវ​ជួប​ជាមួយ​ក្រុម​សង្គម​ស៊ីវិល​នៅ​រសៀល​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​ពិភាក្សា​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ មិនទាន់មាន​ប្រភព​ណា​អះអាងថា​លោក ម៉ៃ​ណា គី​អៃ ត្រូវ​ជួបពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ពិភាក្សា​ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស​ឬ​យ៉ាងណា​នោះទេ​។

ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​បានលើកឡើង​ថា អង្គការសហប្រជាជាតិ​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ បន្ទាប់ពី​ក្រុមបាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​ប្រើ​អំពើហិង្សា​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ គឺ​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​លោក គង់ សភា តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​។ ដូច្នេះ​ដំណើរ​ទស្សនកិច្ច​របស់​លោក ម៉ៃ​ណា គី​អៃ ក្នុងដំណាក់កាល​នេះ គឺ​អាចមក​ពិនិត្យ​ស្ថានការណ៍​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។ ទោះជា​យ៉ាងណា​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន គឺជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ ព្រោះ​សូម្បីតែ​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ ក៏ត្រូវ​ក្រុមបាតុករ​គាំទ្រ​គណបក្សកាន់អំណាច​វាយ​ប្រហារ​ឲ្យ​រងរបួស​ធ្ងន់​ដែរ​៕

maina_kiaiលោក ម៉ៃណា គីអៃ មន្ត្រីអង្គការសហប្រជាជាតិនឹងមកទស្សនកិច្ចនៅកម្ពុជា 12143077_1034486629917998_7710377822341082705_n 12189171_1034486626584665_5482711350624249331_n-300x225