ជនជាតិ​យួន​ចូល​កាប់​ឈើ​ក្នុងព្រៃ​អភិរក្ស​នៅ​ខេត្តរតនគិរី​តាម​អំពើ​ចិត្ត​

ករណី​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់​ចូលមក​កាប់​ឈើ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី នៅតែ​កើតមាន​ឥតឈប់ឈរ ព្រោះ​លោក ថង សាវុន ជា​អភិបាលខេត្ត និង​លោក វង្ស សុក្រ​សិរី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ មន្ត្រី​មូលដ្ឋាន​និង​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុងភូមិ​ឃ្វែង ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា ជនជាតិ​យួន​ជា​ក្រុមៗ​បាន​ឆ្លងដែន​ខុសច្បាប់​ចូលមក​អារ​រំលំ​ដើមឈើ​មូល​ជា​ទ្រង់ទ្រាយ​ធំ​ក្នុងព្រៃ​អភិរក្ស ហើយ​ដឹកជញ្ជូន​ឆ្លងដែន​តាម​ច្រករបៀង ចូល​ទឹកដី​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើនេះ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជា​សហគមន៍​ភូមិ​ឃ្វែង បាន​អំពាវនាវ​ឲ្យ​អភិបាល​ខេត្តរតនគិរី និង​សមត្ថកិច្ច​ជំនាញ​បើក​ការស៊ើបអង្កេត​និង​ទប់ស្កាត់​ករណី​ប្រជាជន​យួន​ចូលមក​កាប់​ឈើ​ក្នុងព្រៃ​អភិរក្ស​ជាបន្ទាន់​។ សេចក្ដីអំពាវនាវ​បែបនេះ​បាន​កើតឡើង​ក្រោយពេល​ប្រជា​សហគមន៍ ឃើញ​មាន​ជនជាតិ​យួន​ជា​ក្រុមៗ​មាន​គ្នា​ជាង​១០​នាក់​អារ​រំលំ​ដើមឈើ ហើយ​ប្រើ​រថយន្ត​ច្នៃ​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​តាម​ច្រករបៀង​ទៅ​ស្រុក​យួន​។ ប្រភពពី​ប្រជា​សហគមន៍​ភូមិ​ឃ្វែង បាន​ឲ្យ​ដឹង​ទៀតថា សកម្មភាព​ប្រជាជន​យួន​ចូលមក​កាប់​ឈើ​នោះ គឺមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ព្រោះ​ឈើមូល​រាប់ពាន់​ដើម​ត្រូវបាន​គេ​អារ​រំលំ​ដឹកជញ្ជូន​ឆ្លងដែន​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​។

តាម​ការអះអាង​របស់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា ការដែល​ជនជាតិ​យួន​អាច​ចូលមក​កាប់​ឈើ​និង​ដឹកជញ្ជូន​ចេញ​តាម​ច្រករបៀង​យ៉ាង​រលូន គឺមាន​ការ​បើកដៃ​ពី​សមត្ថ​កិច្ចការពារ​ព្រំដែន​ខ្មែរ​នៅ​ប៉ុស្តិ៍​អូរ​លាវ​។ ប្រសិនបើ​គ្មាន​ការ​បើកដៃ​ពី​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​អូរ​លាវ​ទេនោះ គឺ​ជនជាតិ​យួន​មិនអាច​ឆ្លងដែន​ជា​ក្រុមៗ​ចូលមក​អារ​រំលំ​ឈើមូល​ធំៗ ហើយ​ដឹកជញ្ជូន​ចេញ​តាម​ច្រករបៀង​ស្រេច​តែ​អំពើ​ចិត្ត​បានឡើយ​។ ដូច្នេះ​អាជ្ញាធរ​ខេត្តរតនគិរី គួរ​ចាត់វិធានការ​ទៅលើ​សមត្ថ​កិច្ចការពារ​ព្រំដែន​ក្នុង​ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ ជាបន្ទាន់​ព្រោះ​ពួកគេ​ជា​អ្នក​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ តំបន់​ព្រៃ​ដែល​ជនជាតិ​យួន​ឆ្លងដែន​ខុសច្បាប់​ចូលមក​កាប់​ឈើ​នោះ គឺជា​តំបន់​ព្រៃស្រោង​លាតសន្ធឹង​ជាប់​ព្រំដែន​យួន ហើយ​សំបូរ​ទៅដោយ​ឈើ​ល្អៗ​និង​សត្វព្រៃ​ច្រើន​ប្រភេទ​ផងដែរ​៕

CH-01157លោក ថង សាវុន អភិបាលខេត្តរតនគិរី imageប្រជាសហគមន៍ភូមិឃ្វែង ឃុំយ៉ាទុង ល្បាតការពារព្រៃឈើតាមព្រំដែន