លោក យ៉ែម បុញ្ញ​ប្ញ​ទិ្ធ លើកឡើង​ពី​បញ្ហា​កែទម្រង់​មន្ត្រី​៣​ប្រភេទ​នៅ​គ្រប់​ស្ថាប័ន​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បានបញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ​ថា ប្រព័ន្ធគ្រប់គ្រង​ក្នុង​ស្ថាប័ន​ណាក៏ដោយ តែងតែមាន​មន្ត្រី ៣​ប្រភេទ​នេះ​ជានិច្ច គឺ​៖ ទី​១-​មន្ត្រី​មានការ​ខិតខំ​ប្រឹងប្រែង ពង្រឹងសមត្ថភាព​ពិតប្រាកដ មានការ​ទទួលខុសត្រូវ​ច្បាស់លាស់ ដើម្បី​ទទួលបាន​តួនាទី​។ ទី​២-​ហែហម​លើកជើង​មេ ឬ​បក្ខពួកនិយម ដើម្បី​ទទួលបាន​តួនាទី រួច​មិន​ខិតខំ​ពង្រឹងសមត្ថភាព​ពិតប្រាកដ​។ ទី​៣-​ហែហម​លើកជើង​មេ ឬ​បក្ខពួកនិយម ដើម្បី​ទទួលបាន​តួនាទី រួច​ខិតខំ​ពង្រឹងសមត្ថភាព​ពិតប្រាកដ មានការ​ទទួលខុសត្រូវ​ច្បាស់លាស់​។​

​ជុំវិញ​បញ្ហា​មន្ត្រី​៣​ប្រភេទ​ខាងលើនេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ពេលដែល​បាន​តួនាទី​មានការ​ទទួលខុសត្រូវ សមល្មម​ដល់ពេល​វេលា​មួយ​ខិតខំ​ពង្រឹងសមត្ថភាព​ពិតប្រាកដ លើកកម្ពស់​សីលធម៌ គុណធម៌ ឲ្យ​ស័ក្តិសម និង​ការផ្តល់​សេចក្តីទុកចិត្ត​ពី​ប្រជាពលរដ្ឋ មកលើ​យើង​ជា​មន្ត្រី​ដែលជា​បុគ្គល​សាធារណៈ ក្នុងការ​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​សង្គម សេដ្ឋកិច្ច និង​នយោបាយ​ជាតិ ដែល​ពុំមែន​ជា​អ្នក​ដាក់បន្ទុក​ដល់​សង្គម​នោះទេ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទិ្ធ បាន​បញ្ជាក់ថា​ជាទូទៅ​ការគិត​របស់​មនុស្ស​ចា​ប់​ផ្តើម​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន បក្ខពួក​ខ្លួន គណបក្ស​ខ្លួន និង​ជាតិ​ជា​ចុងក្រោយ​។ ការកែប្រែ​ផ្នត់គំនិត​នៃ​ការគិត​នេះ គឺ​ប្តូរ​ទិស ១៨០​ដឺ​ក្រេ ក្នុងនាម​ជា​អ្នកនយោបាយ បុគ្គល​សាធារណៈ ពោលគឺ​ចាប់ផ្តើម​គិតពី​ជាតិ គណបក្ស​ខ្លួន បក្ខពួក​ខ្លួន និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ជា​ចុងក្រោយ​។ ចំពោះមុខ​បញ្ហា​នេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សង្កត់ធ្ងន់ថា ពិតណាស់ថា​បញ្ហា​ទាំងនេះ​ជាការ​លំបាក ក៏ប៉ុន្តែ​យើង​គួរ​ព្យាយាម​ទាំងអស់គ្នា ដើម្បី​មាតា​កម្ពុជា​។​

គួរ​កត់សម្គាល់ថា លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ តែង​ថ្លែង​ទៅកាន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជារឿយៗ​ថា គោលការណ៍​ជាក់លាក់ សកម្មភាព​ជាក់ស្ដែង ក្នុងការ​ពង្រឹងសមត្ថភាព​ជាប្រចាំ ការប្រជុំ​ជា​ទៀងទាត់ និង​ការធ្វើការងារ​ជា​ក្រុម គឺជា​មូលដ្ឋានគ្រឹះ នៃ​ភាពជា​អ្នកដឹកនាំ ដែល​នាំមក​នូវ​សមត្ថភាព​ពិតប្រាកដ ស្គាល់​តួនាទី ភារកិច្ច កាតព្វកិច្ច និង​មានការ​ទទួលខុសត្រូវ​ច្បាស់លាស់ ដើម្បី​ឈានទៅរក​ភាពជោគជ័យ សម្រាប់​អ្នកដឹកនាំ គ្រប់លំដាប់​ថ្នាក់​។ កត្តា​ដែល​ពុំ​អាច​មើលរំលង យើង​ក៏ត្រូវ​សិក្សា​រៀបចំ និង​គិតពី​គុណធម៌ សីលធម៌​របស់​យើង​ផងដែរ​៕

12189690_1014993785230753_756206104627445270_n 12191953_1014993918564073_2295905417131188932_n