ប្រធាន​ក្លិប​នៅ​ទួរគី ឃុំ​អាជ្ញា​កណ្ដាល​ក្នុង​ស្តាត​ ព្រោះ​រឿង​មិន​ឲ្យ​បាល់​ពិន័យ​១១ម៉ែត្រ

ប្រធាន​ក្លិប​នៅ​ទួរគី ឃុំ​អាជ្ញា​កណ្ដាល​ក្នុង​ស្តាត​ ព្រោះ​រឿង​មិន​ឲ្យ​បាល់​ពិន័យ​១១ម៉ែត្រ

ប្រធាន​ក្លិបទួរគី Trabzonspor បាន​រង​ការ​ពិន័យ​ធ្ងន់​ក បន្ទាប់​ពី​ចាក់​សោ​ឃុំ​ក្រុម​មន្ត្រី​អាជ្ញា​កណ្ដាល​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ក្នុង​កីឡដ្ឋាន ក្រោយ​ចប់​ការ​ប្រកួត​ ព្រោះ​តែ​ខឹង​អាជ្ញាកណ្ដាល​លើ​ទីលាន​មិន​ផ្ដល់​បាល់​ពិន័យ​១១ ម៉ែត្រ​ឲ្យ​ក្រុម​របស់​ខ្លួន។

 

ការ​សម្រេចចិត្ត​ធ្វើ​រឿង​ដ៏​ចម្លែក​បែប​នេះ​ បន្ទាប់​ពី​ប្រធាន​ក្លិប​នៅ​ទួរគីឈ្មោះ Ibrahim Ethem Haciosmanoglu ខក​ចិត្ត​នឹង​លោក​អាជ្ញាកណ្តាល Cagatay Sahan សម្រេច​មិន​ផ្ដល់​បាល់​ប៉េណាល់ទី​ ដែល​ធ្វើ​ឲ្យក្រុម​របស់​លោក​បញ្ចប់​លទ្ធផល​បាន​ត្រឹម​ស្មើគ្នា ២-២ ជាមួយ​នឹង​ក្រុម Gaziantepspor។

 

ប្រធាន​ក្លិប​នៅ​ទួរគី ឃុំ​អាជ្ញា​កណ្ដាល​ក្នុង​ស្តាត​ ព្រោះ​រឿង​មិន​ឲ្យ​បាល់​ពិន័យ​១១ម៉ែត្រ

លោក Haciosmanoglu (ឆ្វេង)

 

រឿងរ៉ាវ​នេះ​បាន​លេច​ឮ​​ដល់​លោក Recep Tayyip Erdogan ជា​ប្រធានាធិបតី​នៃ​ប្រទេស​ទួរគី ហើយ​លោក​ប្រធានាធិបតី​បាន​អន្តរាគមន៍ និង​ឲ្យ​ដោះលែង​មន្ត្រី​អាជ្ញាកណ្តាល​ជាបន្ទាន់។

 

ឆ្លើយ​តប​នឹង​កិច្ច​សម្ភាសន៍ ​ប្រធាន​ក្លិប Trabzonspor បាន​ប្រាប់​ថា៖ “ខ្ញុំ​បាន​ប្រាប់​សន្តិសុខ​ឲ្យ​ឃុំ​ក្រុម​អាជ្ញាកណ្ដាល រហូត​ដល់​ថ្ងៃស្អែក​ពេល​ព្រឹក តែ​ត្រូវ​លោក​ប្រធានាធិបតី ហៅ​ទូរសព្ទ​មក និង​ប្រាប់​ខ្ញុំកុំ​ធ្វើ​ឲ្យ​ប្រទេសជាតិ​បាក់មុខ​ដោយសារ​តែរឿង​នេះ”។

 

យ៉ាង​ណា​ក៏ដោយ លោក Haciosmanoglu បាន​ដោះសា​ថា ការ​ចាក់​សោ​ឃុំដូច្នេះ ​ព្រោះ​ខ្លាច​ហ្វូង​អ្នក​គាំទ្រ​ដែល​កំពុង​ពោរពេញ​ដោយ​កំហឹង​វាយ​អាជ្ញាកណ្ដាល តែ​មូលហេតុ​នេះត្រូវ​សហព័ន្ធ​កីឡា​បាល់ទាត់​ទួរគី​ទាត់ចោល ហើយ​សម្រេច​ព្យួរ​​លោក​ពី​តួនាទី​ ២៨០ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​៥០០០ដុល្លារ​អាមេរិក៕

 

ប្រធាន​ក្លិប​នៅ​ទួរគី ឃុំ​អាជ្ញា​កណ្ដាល​ក្នុង​ស្តាត​ ព្រោះ​រឿង​មិន​ឲ្យ​បាល់​ពិន័យ​១១ម៉ែត្រ

កីឡដ្ឋាន​របស់​ក្លិប Trabzonspor 

 

ចុចអាន៖ តារា​ម៉ូដែល​អ៊ុយក្រែន ​​ព្រម​ថត​អាក្រាត​ ដើម្បី​ជួយ​ក្លិប​បាល់ទាត់​ក្នុង​តំបន់

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal