ក្រុងមូស្គូ ជំរុញបក្សប្រឆាំង បង្កើតតំណាង ចូលមកពិភាក្សា សន្តិភាព រដ្ឋាភិបាលស៊ីរី

មូស្គូ ៖ រដ្ឋមន្រ្តីការបរទេស រុស្ស៊ីលោក ស៊ឺហ្គៃ ឡារ៉ូវ បានជំរុញភាគី ប្រឆាំងស៊ីរី ឲ្យបង្កើតគណៈប្រតិភូរួមមួយ សម្រាប់ចូលរួមកិច្ចចរចា សន្តិភាពជាមួយនឹងរដ្ឋាភិបាលស៊ីរី ដើម្បីស្វែងរកច្រក ចេញពីសង្គ្រាមបង្ហូរឈាមគ្នា អស់ រយៈកាល ៤ឆ្នាំមកនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ដោយលើកឡើងសម្ដី របស់ លោក ឡារ៉ូវ និយាយបន្ទាប់ពីកិច្ចប្រជុំ ជាមួយនឹងប្រេសិតពិសេស នៃ អង្គការសហប្រជាជាតិ បន្ដទៀតថា « កិច្ច ចរចាដ៏មានសារៈសំខាន់ បានចាប់ផ្ដើមឡើងហើយ ដូច្នេះគ្រប់ភាគីប្រឆាំងទាំងអស់ គួរតែ មានវត្តមាននៅលើតុ ចរចានេះ »។

នៅក្នុងនោះដែរ លោកបានអំពាវនាវ ឲ្យមានការចូលរួមជាអន្ដរជាតិ ដើម្បីធ្វើការងាររួមគ្នាជា ប្រយោជន៍ឈាន ដល់ការបញ្ចប់វិបត្តិនយោបាយរបស់ស៊ីរី។ លោកបានបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីគាំទ្រសម្រាប់កិច្ចចរចា ស្ដីពី អនាគតនយោបាយស៊ីរី ដូចអ្វីដែលហៅថា « កិច្ចព្រមព្រៀងក្រុងវីយែន» ជាកិច្ចប្រជុំដែលមានវត្តមាន ពីអ្នកចង់ បានសន្ដិភាពអន្ដរជាតិ ក្នុងគំនិតផ្តួចផ្តើម ផ្នែកការទូតឆ្ពោះទៅកាន់ដំណើរការមួយ នៃការ បញ្ចប់ជម្លោះនយោ បាយយ៉ាងឃោរឃៅ ដែលបានបង្កឡើង រយៈពេលជាង ៤ឆ្នាំមកហើយ នៅប្រទេស ស៊ីរី ។

ជាមួយនឹងការសម្តែង ក្តីសង្ឃឹមទុក របស់លោក ឡារ៉ូវ មុនពេលកិច្ចប្រជុំអន្ដរជាតិក្រុងវីយែន ភាគីពាក់ព័ន្ធ ទាំង អស់ អាចឈានដល់កិច្ចព្រមព្រៀងថា តើភាគីណាត្រូវបានចាត់ទុកថា ជាភាគីប្រឆាំងស្របច្បាប់នៅ ប្រទេសស៊ីរី និងភាគីណាត្រូវចាត់ទុកថា ជាក្រុមភេរវករ ប្រៀបដូចទៅនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (បច្ចុប្បន្ន) ដែលគេហៅថា ISIS នោះ ។

គួរបញ្ជាក់ថា ក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី មិនមែនមានតែមួយនោះឡើយ ហើយនៅមួយរយៈ ពេលចុងក្រោយនេះ មានក្រុមរដ្ឋអ៊ីស្លាម ISIS ចូលមកអុកឡុកថែមទៀត ដែលជាហេតុ ធ្វើឲ្យអន្តរជាតិ ពិបាកនឹងបែងចែកថា ក្រុមណា មួយជាអ្នកតំណាងឲ្យក្រុមប្រឆាំងទាំងអស់ ៕

ក្រុងមូស្គូ ជំរុញបក្សប្រឆាំង បង្កើតតំណាង ចូលមកពិភាក្សា សន្តិភាព រដ្ឋាភិបាលស៊ីរី