ក្រុមហ៊ុន Yanmar ក្លាយជាដៃគូឧបត្ថម្ភ ក្រុមជម្រើសជាតិកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Yanmar របស់ជប៉ុន បានក្លាយជាដៃ គូផ្លូវការរបស់ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជាដោយក្រុម ហ៊ុនបានឧបត្ថម្ភនូវទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារ សម្រាប់ឆ្នាំ២០១៥-២០១៦ ដើម្បីរៀបចំក្រុមជម្រើសជាតិ ក្នុងការ ប្រកួតព្រឹត្តិការណ៍ផ្សេងៗ ជាពិសេសគឺបេសកកម្មចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅរុស្ស៊ីតែម្ដង ។

នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុន Yanmar បានធ្វើសន្និសីទមួយនៅ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីប្រកាសឲ្យដឹងពីដៃគូជាផ្លូវការរបស់ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា ។ សន្និសីទនេះមានការចូលរួមពីលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Ken Araki តំណាងក្រុមហ៊ុន Yanmar និងលោក Kozo Tashima ដែលជាអនុប្រធានសហព័ន្ធបាល់ទាត់ជប៉ុន និងជាសមា ជិកគណៈកម្មាធិការប្រតិបត្តិរបស់ FIFA ផងដែរ ។

លោក ខៀវ សាម៉េត បានថ្លែងថា នេះគឺជាការរួមចំណែកយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍវិស័យបាល់ទាត់ឲ្យរីកចម្រើន តាមរយៈការឧបត្ថម្ភរបស់ក្រុមហ៊ុន Yanmar ។ ស្របពេលសហព័ន្ធកំពុងត្រូវការដៃគូឧបត្ថម្ភវិស័យបាល់ទាត់កម្ពុជា ផងនោះ ឯកឧត្តមមានមោទនភាពជាខ្លាំងដែលក្រុមហ៊ុន Yanmar ក្លាយជាដៃគូផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជា នាពេលនេះ ។ លើសពីនេះលោកក៏បានអំពាវនាវដល់ក្រុមហ៊ុនក្នុងស្រុកផ្សេងៗ ចូលរួមឧបត្ថម្ភដល់វិស័យកីឡាបាល់ ទាត់ ដើម្បីជួយដល់សង្គម និងអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈវិស័យកីឡានេះ ។

លោក Kozo Tashima បានលើកឡើងដែរថា បច្ចុប្បន្នបាល់ទាត់កម្ពុជាបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដែលធ្វើឲ្យ ពិភពលោកស្គាល់កាន់តែច្បាស់ ជាមួយនឹងការឈានចូលដល់ជុំទី២ នៃការប្រកួតជម្រុះ World Cup ប្រចាំទ្វីបអាស៊ី ហើយត្រូវជួបប្រកួតជាមួយក្រុមសាំម៉ូរ៉ៃជប៉ុនទៀតនោះ ហើយថ្ងៃទី១៧ ខែវិច្ឆិកានេះខាងមុខ ក្រុមជម្រើសជាតិកម្ពុជា និងក្រុមសាំម៉ូរ៉ៃ ក៏នឹងជួបគ្នាក្នុងជើងទី២ នៅលើទឹកដីកម្ពុជាផងដែរ ។

ដោយឡែកលោក Ken Araki បានបញ្ជាក់ថា ដោយមើលឃើញពីភាពរីកចម្រើនេះហើយ ទើបលោកមានចិត្ដចូលរួម អភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា ។ លើសពីនេះលោកមានគម្រោងបន្ដជួយក្រុមយុវជនកម្ពុជាបន្ថែមទៀត ដើម្បី ដំណើរឆ្ពោះទៅការត្រៀមធ្វើជាម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ២០២៣ ដូចជាការឧបត្ថម្ភជាសម្លៀកបំពាក់ សម្ភារៈ កីឡា និងការផ្ដល់នូវបច្ចេកទេសជាដើម ៕

ក្រុមហ៊ុន Yanmar ក្លាយជាដៃគូឧបត្ថម្ភ ក្រុមជម្រើសជាតិកម្ពុជា

ក្រុមហ៊ុន Yanmar ក្លាយជាដៃគូឧបត្ថម្ភ ក្រុមជម្រើសជាតិកម្ពុជា