សង្គ្រាមពាក្យសម្តី​រវាង Fan និង Fan របស់ នី រតនា និង ម៉ៅ ហា​ជី នៅតែ​ក្តៅគគុក​

Sanofi

​ក្រោយពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រវាង​បេក្ខជន​ទាំងបី​រូប​គឺ នី រតនា ម៉ៅ ហា​ជី និង សៅ ឧ​ត្ត​ម នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក Cambodian Idol រួចមក ទោះបីជា​បាន​រកឃើញ​ម្ចាស់​ពាន​ពិតប្រាកដ​ប្រកបដោយ​សមត្ថភាព​យ៉ាងណាក៏ដោយ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ សម្រាប់ Fan និង Fan ដែល​គាំទ្រ​បេក្ខជន​ទាំងបី​នៅតែ​បោះពាក្យ​សម្តី​ឌឺដង ផ្លែផ្កា លេង​ពាក្យ លេងសម្តី បញ្ឆេះ​ចិត្ត​ក្តៅក្រហាយ មិន​សុខចិត្ត​ដាក់គ្នា​ទៅវិញទៅមក ទៅលើ​លទ្ធផល​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅឡើយ ។

​សម្រាប់ Fan ដែល​គាំទ្រ នី រតនា ម្ចាស់​ពាន Cambodian Idol បាន​លើកឡើងថា ពិតជា​ស័ក្តិសម និង បាន​ចូលរួម​អបអរសាទរ​ចំពោះ​ភាពជោគជ័យ​ដ៏​ត្រ​ចេះ​ត្រចង់​នេះ ហើយក៏​មាន Fan ខ្លះ​បាន​សន្យាថា​នឹង​ជូន​រថយន្ត​មួយគ្រឿង​បើសិន នី រតនា ជា​អ្នក​លើក​ពាន ប៉ុន្តែ​ចំណុច​នេះ​ត្រូវបាន​ម្ចាស់​ពាន នី រតនា ច្រានចោល​ថា​មិនមែនជា​ការពិត​ឡើយ នេះ​គ្រាន់តែ​ជាការ​លើកទឹកចិត្ត​លោក​ប៉ុណ្ណោះ ។

​ដោយឡែក​បើ​ងាក​ទៅ​មតិ Fan ដែល​គាំទ្រ​បេក្ខជន ម៉ៅ ហា​ជី ឯណេះ​វិញ ឃើញថា​ផ្ទុយគ្នា​ស្រឡះ ពោលគឺ​ពួកគេ​មិន​អស់​ចិត្តនឹង​លទ្ធផល​ដែល​ប្រកាសថា​បុរស​សំនៀង​ផ្អែម នី រតនា ទទួលបាន​ពាន​នេះ​ទេ ដោយ​ពួកគេ​បាន​លើកឡើងថា អ្នក​ដែល​ស័ក្តិសម​លើក​ពាន​ពី​កម្មវិធី​គឺ ម៉ៅ ហា​ជី ទៅវិញ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​មានការ​បង្ហោះ​ព្រោងព្រាត​ផ្គូរ​ផ្គង​រូប នី រតនា និង ម៉ៅ ហា​ជី ជាមួយ​ពាក្យ​លេប​ខាយ​ផ្សេងៗ ឱ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជ្រើសរើស​ឡើងវិញ​ថា មួយណា​ស័ក្តិ​សមជា​ម្ចាស់​ពាន ដែល​ក្នុងនោះ​ក៏មាន​ការ Comment ឌឺដង ឆ្លើយឆ្លង​ដាក់គ្នា​រវាង Fan គាំទ្រ នី រតនា និង Fan គាំទ្រ ម៉ៅ ហា​ជី ឥត​ឈប់​ផងដែរ ។​

​គួរឱ្យកត់សម្គាល់​ផងដែរ​ថា ភាពមិន​ចុះសម្រុង​រវាង​ប្រិយមិត្ត​អ្នកគាំទ្រ​បេក្ខជន​ទាំងពីរ​បានកើត​ឡើង​បន្ទាប់ពី​មានការ​លើកស្ទួយ និង រំពឹងថា ម៉ៅ ហា​ជី គឺជា​អ្នក​លើក​ពាន​នេះ​ច្រើនពេក ។​​ទាក់ទង​នឹង​បញ្ហា​នេះដែរ «​ប្រជាប្រិយ​»​ក៏បាន​សុំ​ការយល់ឃើញ​ពី​សំណាក់​បេក្ខជន​ជ័យលាភី នី រតនា ផងដែរ ដោយ​លោក​បាន​និយាយថា «​នេះ​ជាការ​ពិត ព្រោះថា​លោក​តែ​ម្នាក់​មិនអាច​តម្រូវ​ចិត្ត និង ធ្វើឱ្យ​ទស្សនិកជន​ជាច្រើន​ម៉ឺន​នាក់​ស្រឡាញ់​គាំទ្រ​លោក​បាន​ទាំងអស់​ទេ ហើយ​ម្យ៉ាងទៀត​បេក្ខជន​ម្នាក់ៗ​សុទ្ធ​តែមាន​អ្នកគាំទ្រ​រៀងៗ​ខ្លួនដូច្នេះ​ជា​រឿង​ធម្មតា​ទេ សម្រាប់​លោក​គឺ​មិនមាន​បញ្ហា​អ្វី​ឡើយ​» ។ រីឯ ម៉ៅ ហា​ជី វិញ ទោះបីជា​យើង​មិនបាន​ទាក់ទង​ទៅ​ក៏ដោយ ប៉ុន្តែ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់លោក​បានឱ្យដឹង​ផងដែរ​ថា​លោក​ពិតជា​អរគុណ​ខ្លាំងណាស់​ចំពោះ​ទឹកចិត្ត និង ក្តី​អាណិត​របស់​ទស្សនិកជន​ដែល​គាំទ្រ​លោក​រហូតមក ហើយ​លោក​ក៏​ទទួលស្គាល់​ពី​ភាពបរាជ័យ​នេះ​ផងដែរ ។

​ទោះបីយ៉ាងណា​សម្រាប់ នី រតនា និង ម៉ៅ ហា​ជី គឺ​មិនមាន​បញ្ហា​អ្វី​គួរឱ្យកត់សម្គាល់​ទេ ហើយ​ថ្មីៗ​នេះ​ដើម្បី​បញ្ចប់​ភាព​ប្រទាំង​ប្រទើស​គ្នា​រវាង​អ្នកគាំទ្រ​ទាំងពីរ តាមរយៈ Page នី រតនា ផ្ទាល់​បានសរសេរថា​«With my brother ពួក​ខ្ញុំ​ទាំងពីរ​មិនបាន​ឈ្លោះ​គ្នា​នោះទេ ហើយ ក៏​សង្ឃឹមថា​អ្នក​គ្រាំទ្រ​យើង​ទាំងពីរ​សូម​បញ្ឈប់​ការ​ទាស់សម្ដី​គ្នា​ណា ។ អរគុណ​សម្រាប់​ការចំណាយ​ថវិកា​ដល់​មានតម្លៃ​សម្រាប់​ការបោះឆ្នោត​យ៉ាងច្រើន​បំផុត​ដែរ​ខ្ញុំ​ស្ទើរតែ​មិន​ជឿ​នេះហើយ​បញ្ជាក់ថា​ប្រជាជន​កម្ពុជា​ពិតជា​ឱ្យ​តម្លៃ​សិល្បៈ​ខ្មែរ​ណាស់ ។ នេះ​ជាការ​លើកឡើង​របស់​បេក្ខជន​ទាំង​បំណង​បញ្ចប់សង្គ្រាម​នេះ កុំ​ឱ្យមាន​បញ្ហា​តទៅទៀត ៕ អា​ទីល​




   


Related