តោះ ! ​មក​ដឹង​រឿង​របស់​និស្សិត​ពូកែ​ ពេល​ជិះ​យន្តហោះ​លើក​ដំបូង

តោះ ! ​មក​ដឹង​រឿង​របស់​និស្សិត​ពូកែ​ ពេល​ជិះ​យន្តហោះ​លើក​ដំបូង

បើ​និយាយ​ពី​ជិះ​ឡាន​អាច​ថា​ ម្នាក់​ៗ​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ច្រើន​ដង តែ​​យន្តហោះ​វិញ អាច​ថា​ ខ្លះ​មិន​ដែល​ជិះ​ម្ដង​សោះ​ក៏​ថា​បាន។ ប្រិយមិត្ត​ដែល​មិន​ធ្លាប់​ជិះ​យន្តហោះ​សោះ​ប្រហែល​ជា​ចង់​ដឹង​ហើយ​ថា រវាង​ជិះ​ឡាន ​និង​យន្តហោះ​ខុស​គ្នា​យ៉ាង​ម៉េច ហើយ​សប្បាយ​ឬ​ភ័យ​យ៉ាង​ណា​ បើ​មួយ​នៅ​លើ​ដី មួយ​នៅ​លើ​អាកាស​អ៊ីចឹង។

 

 

តោះ ! ​មក​ដឹង​រឿង​របស់​និស្សិត​ពូកែ​ ពេល​ជិះ​យន្តហោះ​លើក​ដំបូង

និស្សិត​អាហារូបករណ៍​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ នៅ​សាកលវិទ្យាល័យ​មហា​សា​រ៉ា​ខាម (Mahasarakham University) កញ្ញា ងួន ភួង​ទេព​សុ​និច ធ្លាប់​ជិះ​យន្តហោះ ​២-៣​ លើក​រួច​ហើយ​ប្រាប់​ពី​អារម្មណ៍​កាល​ពេល​ជិះ​ដំបូង​ថា ៖”ពេល​ជិះ​ដំ​បូង​ៗ ខ្ញុំ​រៀង​វិល​មុខ​តិច​ៗ​ពេល​វា​កំពុង​ឡើង ដល់​ចឹង​ខ្ញុំ​អត់​សម្លឹង​មើល​ទៅ​ដី​ទេ។​ ដោយ​សារ​ខ្ញុំ​ឧស្សាហ៍​ជិះ​លេង​រទេះ​ភ្លើង​លើ​អាកាស​ប៉ុន្មាន​ដង​ដែរ ដល់​ចឹង​មិន​សូវ​ជា​ភ័យ​ខ្លាច​អី​ប៉ុន្មាន​”។ កញ្ញា ថា​ជិះ​យន្ត​ហោះ​ភ័យ​តែ​ពេល​ឡើង​ទេ ​ព្រោះ​វា​ត្រូវ​ហោះ​អោយ​លឿន​រួច​ឡើង​ទៅ​លើ​មេឃ​តែ​ម្ដង តែ​ជិះ​ច្រើន​ដង​ទៅ​លែង​អី​ហើយ។

 
ងាក​មក និស្សិត​អាហារូបករណ៍​ឆ្នាំ​ទី​៤​ នៃ​សាកលវិទ្យាល័យ​ Inha University ជំនាញ Architectural Engineering សៀប សុ​ម៉ា​លី ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​​ថា បើ​ជិះ​ឡាន កញ្ញា​មិន​ដែល​ពុល​ទេ តែ​រឿង​ជិះ​យន្តហោះ​លំបាក​បន្តិច។

 

 

“កាល​ទៅ​កូរ៉េ​ហ្នឹង​ខ្ញុំ​ភ័យ​ដោយ​សារ​លើក​ទី​មួយ​ ដែល​ជិះ​យន្តហោះ ហើយ​ថែម​ទាំង​ទៅ​តែ​ឯង​ទៀត។ ដំបូង​គិត​ថា​ ខ្លួន​ឯង​ប្រហែល​ជា​អាច​នឹង​ពុល​ រឺ​វិល​មុខ​អី​ហើយ​មើល​ទៅ ។ ប៉ុន្តែ​ខ្ញុំ​អត់​មាន​បញ្ហា​អី​ទេ​ពេល​នោះ គ្រាន់​តែ​មាន​អារម្មណ៍​ប្រហោង​ពោះ​បន្តិច​ពេល​ឡើង​ និង​ពេល​ចុះ​ចត។ តែ​ខ្ញុំ​គិត​ថា បើ​ពេល​នោះ​ខ្ញុំ​កើត​អី​មិន​ស្រួល មាន​តែ​ហៅ​អ្នក​បម្រើការ​លើ​យន្ត​ហោះ​ឲ្យ​ជួយ​ព្រោះ​គិត​ថា​គេ​អាច​មាន​វិធីសាស្ត្រ រឺ​ថ្នាំ​អោយ​យើង​លេប”។ ម៉ា​លី បន្ថែម។

 

 

សម្រាប់​យុវជន​ សំ សូ​ម៉ា​រិន អនុ​បណ្ឌិត​ផ្នែក​វិស្វកម្ម​អគ្គិសនី​នៅ​លី​ទុយ​អា​នី និង ​បារាំង​ បាន​ចែក​រំលែក​ថា​ ពេល​ជិះ​យន្តហោះ​លើក​ដំបូង មាន​អារម្មណ៍​ភ័យ​អរ​ម៉េច​មិន​ដឹង​ទេ ភ័យ​ត្រង់​ថា​ខ្លួន​ឯង​មិន​ដឹង​យ៉ាង​ម៉េច​យ៉ាង​ម៉ា ព្រោះ​មាន​តែ​ម្នាក់​ឯង​អត់​មាន​អ្នក​ស្គាល់​ឯ​ណា​ជិះ​ជា​មួយ។

 

 

​”កាល​ហ្នឹង ខ្ញុំ​វិល​មុខ​តិច​តួច​ដែរ​ដោយ​សារ​ការ​ធ្វើ​ដំណើរ​​មាន​រយៈពេល​យូរ​ពេក​រហូត​ដល់​ជិត ១២ ម៉ោង ម្ល៉ោះ​ហើយ​ខ្ញុំ​ក៏​ផឹក​ទឹក​ផ្លែ​ប៉ោម​ត្រ​ជាក់​ៗ រួច​សំងំ​គេង​តែ​ម្ដង​ទៅ​ដើម្បី​បំបាត់​អាការៈ​ឈឺ​ក្បាល”។

 
ចុះ​សម្រាប់​ប្រិយ​មិត្ត​វិញ មាន​បទពិសោធន៍​យ៉ាង​ណា​ពេល​ជិះ​យន្តហោះ​លើក​ដំបូង? សប្បាយ​ឬ​ភ័យ​ឡើង​អស់​សំណើច?

 

 

សូមអាន    ​ ៥ សំនួរ​ចំៗ​មាន​ប្រយោជន៍​សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​ជា​លើក​ដំបូង

 

 

អត្ថបទ៖ លឹម សុ​នា