លោក ងិន សៅរ័ត្ន ស្នើ​​ឱ្យ​ព័ត៌មាន​ទូរទស្សន៍​ ដាក់​បញ្ចូល​កម្មវិធី​សម្រាប់​​​​​ជន​ពិការ

លោក ងិន សៅរ័ត្ន ស្នើ​​ឱ្យ​ព័ត៌មាន​ទូរទស្សន៍​ ដាក់​បញ្ចូល​កម្មវិធី​សម្រាប់​​​​​ជន​ពិការ

បើ​ទោះ​បី​ជា​មាន​បណ្ដាញ​ព័ត៌មាន​ច្រើន​ក្ដី ប៉ុន្តែ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ជន​ពិការ នៅ​​តែ​មាន​​កម្រិតនៅ​ឡើយ ព្រោះ​បច្ចុប្បន្ន​​មាន​​ទូរទស្សន៍​ពីរ​ប៉ុណ្ណោះ ដែល​បាន​ដាក់​បញ្ចូល​កម្ម​វិធី សម្រាប់​ជន​ពិការក្នុង​ប្រទេស​កម្ពុជា។

 

 លោក ងិន សៅរ័ត្ន ស្នើ​​ឱ្យ​ព័ត៌មាន​ទូរទស្សន៍​ ដាក់​បញ្ចូល​កម្មវិធី​សម្រាប់​​​​​ជន​ពិការលោក ងិន សៅរ័ត្ន (រូបផ្ដល់ឱ្យ)

 

បើ​យោង​តាម​អនុសញ្ញា​សិទ្ធិ​ជន​ពិការមាត្រា ២១ បាន​ចែងថា រាល់​ភាគី​ព័ត៌មាន​ផ្សព្វផ្សាយ​ទាំងអស់ ត្រូវ​​តែ​ផ្សាយ​ឱ្យ​ដល់​ជន​ពិការ​គ្រប់​ប្រភេទដូចជា​ ពិការ​ភ្នែក គរ ថ្លង់ និង​ខ្សោយ​សតិ​បញ្ញាជាដើម។ ចំណែក​ច្បាប់​​ក្រសួង​ព័ត៌មាន​ក៏ បាន​ឱ្យ​ដឹង​ដែរ​ថា ប្រជា​ពល​រដ្ឋ​​គ្រប់រូប មាន​សិទ្ធិ​ទទួល​ព័ត៌មាន ប៉ុន្តែ​​បណ្ដាញ​ទូរទស្សន៍​សព្វថ្ងៃ ភាគច្រើន​មិន​ទាន់​ដាក់​បញ្ចូល​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក ងិន សៅរ័ត្ន នាយក​ប្រតិបត្តិ​​នៃ​អង្គការ​ជន​ពិការ​កម្ពុជា (CDPO)។

 

ចំពោះ​មូលហេតុ លោក ងិន សៅរ័ត្ន មាន​ប្រសាសន៍​ថា៖ “ដោយ​សារ​​បញ្ហា​ទី ១ យើង​ឃើញ​​ថា​ការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ពី​​ពិការភាព​នៅ​មាន​ដែន​​កម្រិត, ទី២ បច្ចុប្បន្ន​មាន​តែ​ទូរទស្សន៍​ពីរ​ទេ ដែល​បាន​ដាក់​ភាសា​សញ្ញា​​ជន​ពិការ​យើង មាន​ទទក ហើយ​នឹង​​បាយ័ន ហើយ​ដាក់​តែ​ ១ម៉ោងៗ​ទៀត។ ​យើង​មើល​ឃើញថា ការ​រើសអើង​មក​លើ​ជន​ពិការ​នៅ​តែ​មាន។ អ៊ីចឹង​សូម​ឱ្យ​ទូរទស្សន៍​ទាំងអស់​មាន​កម្មវិធី​មួយ​ទាក់​ទង​នឹង​ពិការ​ភាព ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​​សាធារណៈ​ជន​បាន​យល់​ពី​ទុកលំបាក ​និង​តម្រូវ​ការ​របស់​ជនពិការ​ឱ្យ​បាន​ទូលាយ។ ខ្ញុំ​បាន​ស្នើ​ទៅ​កាន់​ទូរទស្សន៍​ផ្សេងៗ​ដែរ តែ​គេ​ប្រាប់​ថា គេ​អត់​​ទាន់​មាន​លទ្ធភាព​រៀបចំ​ឱ្យ​យើង”។

 

បើ​ទោះ​មាន​ច្បាប់ខាងលើ​តែ​លោក​ថា ទូរទស្សន៍​ឯកជន​និង​រដ្ឋ អនុវត្ត​មិន​ទាន់​ល្អ​នៅ​ឡើយ ហើយ​ពាក់ព័ន្ធ​បញ្ហា​នេះដែរ នាយក​ប្រតិបត្តិ​រូប​នេះ បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញ្ញារិទ្ធ ហើយ ដើម្បី​ឱ្យ​លោក​ជួយ​ជំរុញ​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត។ ចំណែក​វិទ្យុ​ក៏​មាន​ខ្លះៗ​ដែរ ហើយ​វិទ្យុ​ដែល​សកម្ម​ជាងគេ​គឺ វិទ្យុ​សំឡេង​ជន​ពិការ។

 

លោក​ថ្លែង​ថា ជន​ពិការ​ក៏​មាន​សិទ្ធិ និង​សមត្ថភាព ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ដូច​អ្នក​មាន​កាយសម្បទា​ដែរ ជាក់​ស្ដែង​អង្គការ​ជន​ពិការ​កម្ពុជា ជ្រើសរើស​បុគ្គលិក​ជា​ជនពិការ ៩០ ភាគរយ ដែល​​ការ​ងារ​របស់​ពួកគេ​ មាន​ដូចជា ថ្នាក់​គ្រប់គ្រង ព័ត៌មាន​វិទ្យា សន្តិសុខ អ្នក​អនាម័យ​ជាដើម។ ជាមួយ​នឹងការ​ខិតខំ​នេះ អង្គការ​ជន​ពិការ​កម្ពុជា​ បាន​​ទទួល​​ថវិកា​ពី​ម្ចាស់​ជំនួយ​បាន ៥០ ម៉ឺន​ដល់ ​១ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ដែល​ជា​ផ្នែក​មួយ​ជួយ​អភិវឌ្ឍ​សង្គម។ បច្ចុប្បន្ន​ CDPO មាន​អង្គការ​​ជាដៃគូ​សហការណ៍​ចំនួន ៦៦ ទូទាំង ២៤ ខេត្ត​ក្រុង។

 

លោក ងិន សៅរ័ត្ន ​បន្ថែម​ថា ការ​ទទួល​បាន​ព័ត៌មាន មិន​ត្រឹម​តែ​ដឹង​ពី​ព័ត៌មាន​ផ្សេងៗ​ទេ ថែម​ទាំង​អាច​​ឱ្យ​ជន​ពិការ​មាន​ចំណេះ​ដឹង លើ​វិស័យ​ការងារ​ផង​ដែរ ៖ ” ជា​ការ​ពិត​ណាស់​ព័ត៌មាន​ដើរតួ​នាទី​យ៉ាង​សំខាន់​​ដល់​ជន​ពិការ ក្នុង​ការ​រក​ការងារ បើ​គ្មាន​ព័ត៌មាន​ពួកគាត់​មិន​អាច​រកការងារ​បាន​ទេ ​វា​ប្រៀប​ដូចជា​ពិភពលោក​ខ្វះ​ពន្លឺ​ ដូចនេះព័ត៌មាន​ជា​ពន្លឺ​សម្រាប់​​អនាគត”។

 

លោក​បន្ត​ថា បើ​យោង​តាម​ទិន្នន័យ​ថ្មី​របស់​ក្រសួង​សុខាភិបាល បង្ហាញ​ថា ជន​ពិការ​នៅ​កម្ពុជា​មាន ៩.២ ភាគរយ ស្មើ​ជាង​មួយ​លាន​ពីរ​សែន​នាក់ ដូច្នេះ​បើ​ព័ត៌មាន​មិន​បាន​ផ្សាយ​ដល់​ប្រជាជន​ពិការទាំង​នេះ​ទេ ពួកគេ​នឹង​ប្រៀប​ដូច​ជា​កង្កែប​ក្នុង​អណ្ដូង​៕

 

 

លោក ងិន សៅរ័ត្ន ស្នើ​​ឱ្យ​ព័ត៌មាន​ទូរទស្សន៍​ ដាក់​បញ្ចូល​កម្មវិធី​សម្រាប់​​​​​ជន​ពិការ

 

 

ចុចអាន៖ ងិន សៅរ័ត្ន៖ ​ជន​ពិការ​កម្ពុជា​នៅ​តែ​មាន​បញ្ហា​ច្រើន…​

ចុចអាន៖ លោក​យាយ​វ័យ ៦៧​ឆ្នាំ​លក់​សាំង​មួយ​យប់​ទល់​ភ្លឺ គ្រាន់​បាន​ប្រាក់​ទៅ​វត្ត​និង​ចិញ្ចឹម​ចៅ

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ