ម៉ូតូ​២​គ្រឿង​បុក​គ្នា​ស្លាប់​និង​របួសធ្ងន់​៤​នៅ​ក្រុង​ដូន​កែវ​

តាកែវ: បុរស​ម្នាក់​បាន​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​បង្អែក ខេត្តតាកែវ និង​យុវជន ៣នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​​ម៉ូតូ​២​គ្រឿង​បុក​គ្នា ពេញទំហឹង​កាលពី​យប់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​ដងផ្លូវ​ជាតិ​លេខ​២ ចន្លោះបង្គោលគីឡូម៉ែត្រ​លេខ ៧៦-៧៧ ស្ថិតក្នុង​ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុងដូន​កែវ ខេត្តតាកែវ ។​

 មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី២០១៤ ជិះ ដោយ​យុវជន ៣​នាក់ ធ្វើដំណើរ​ចេញមក​សាលា​ភាសា​កូរ៉េក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​បើកបរ​ក្នុងស្ថានភាព​មេឃ​រលឹម​ភ្លៀង និងពេលយប់​ងងឹត​ផង​នោះ លុះ​ធ្វើដំណើរ មកដល់​កន្លែងកើតហេតុ​បាន​បុក​ជាមួយម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៥ បើកបរ​ដោយ​បុរសម្នាក់​ដែល​ធ្វើដំណើរ​មកពី​ទិសខាងកើត​ទៅ​លិច បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ស៊េរី២០១៥ រងរបួស​ធ្ងន់ បន្ទាប់មក​បាន​ដាច់ខ្យល់​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យង​បង្អែក​ខេត្ត ចំណែក​យុវជន ៣​នាក់​ទៀត​ដែល​ជិះ​ម៉ូតូ ស៊េរី​២០១៤ រងរបួសធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​

​ជនរងគ្រោះ​អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៤ ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ មានឈ្មោះ អែម ប្រុក ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​សិស្ស​​សាលា​ភាសា​កូរ៉េ រស់នៅ​ភូមិ​តុំ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ រងរបួស​ធ្ងន់ និង​មាន​អ្នកជិះពីក្រោយ​ចំនួន ២​នាក់ៈ ទី​១.​ឈ្មោះ ប៉ុក ពេ​ជ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរសិស្សសាលា​ភាសា​កូរ៉េ រងរបួស​ធ្ងន់ និង​ទី​២.​ឈ្មោះ នុង ផានិត ភេទ​ប្រុសអាយុ ២១​ឆ្នាំ មុខរបរ​សិស្សសាលា​ភាសា​កូរ៉េ រងរបួស​ធ្ងន់ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​-​សង្កាត់ជាមួយ​អ្នកបើកបរ​។​

 ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៥ គ្មាន​ស្លាក​លេខ មានឈ្មោះកៅ អ៊ូ​ផេង ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​អាជីវករ មាន​ទី​លំ​​នៅ​សង្កាត់​ចតុមុខ ខណ្ឌ ដូនពេញ  រងរបួស​ធ្ងន់ ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បាន​ដាច់ខ្យល់​ស្លាប់ ។​

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ដូន​កែវ បាន​ចុះមក​អន្តរាគមន៍រួច​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​។ ដោយឡែក​សាកសព​ត្រូវបាន​សមត្ថកិច្ច​ជំនាញ បានប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​។ ចំណែកម៉ូតូ​ទាំងអស់​ត្រូវបាន​សមត្ថ​កិច្ច នគរបាល​ក្រុង​ដូន​កែវ យកទៅ​រក្សា​​ទុក ក្រោយពី​វាស់វែង​រួច​នោះ​៕