សម្តេច​តេ​ជោ ណែនាំ​ឲ្យ​អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច និង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ប្រជុំពិភាក្សា និង​មាន​វិធានការ​កែលម្អ​ជាបន្ទាន់​នូវ​សំណង់​ផ្សារ​ក្រោម​ដី​របស់​ណាហ្គា

ភ្នំពេញ: លោក​ឡុង​ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ភ្លាមៗ​ក្រោយពី​ចប់​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់​ជំ​ហ៊ាន​ទី​៣ របស់ JICA រួចមក នា​ព្រឹក​ថ្ងៃទី​៥​វិច្ឆិកា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចុះ​មើល​ដោយផ្ទាល់ ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន Naga ដែល​បាន​សង់​ខុសច្បាប់​អនុញ្ញាត ក៏ដូចជា​ការប៉ះពាល់​ដ​ល់​សោភ័ណភាព​រាជធានី​ភ្នំពេញ​។​

 លោក​ឡុង​ឌី​ម៉​ង់ បាន​បញ្ជាក់ថា "​អំឡុង​ពេលនោះ សម្តេច​តេ​ជោ ក៏បាន​ណែនាំ​ឲ្យ​អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច និង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ប្រជុំពិភាក្សា​និង​មាន​វិធាន​ការកែលម្អ​វិញ​ជាបន្ទាន់ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​រក្សាបាន​នូវ​លំហរ​សាធារណៈ សម្រាប់​ប្រជាពលរដ្ឋ មក​លម្ហែ​កំសាន្ត​នៅ​សួន​សម្តេច ហ៊ុន សែន ដ៏​មាន​ប្រជាប្រិយភាព​នេះ បាន​ដូចដើម​"​។​

​លោក​ឡុង​ឌី​ម៉​ង់ ក៏បាន​បញ្ជាក់ថា នៅ​សាលា​រាជធានី​រសៀល​នេះ ( ថ្ងៃទី​៥​វិច្ឆិកា ) នឹងមាន​ការប្រជុំ​បន្ទាន់ ដើម្បី​ពិភាក្សា​ផ្លូវច្បាប់ និង​បច្ចេកទេស ដើម្បី​អនុវត្ត​ឲ្យ​បាន​មឺ​ង​ម៉ាត់​នូវ​បទបញ្ជា​របស់​សម្តេច​"៕