សេង សូ​ណា ៖ បើ​ទោះ​មានកូន​គ្មាន​ប្តី ក៏​ខ្ញុំ​ព្រម​ដែរ ឲ្យ​តែ​គេ​សប្បាយចិត្ត​

សេង សូ​ណា ៖ បើ​ទោះ​មានកូន​គ្មាន​ប្តី ក៏​ខ្ញុំ​ព្រម​ដែរ ឲ្យ​តែ​គេ​សប្បាយចិត្ត​

រាជធានី​ភ្នំពេញ : ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ​ទាល់តែសោះ នៅពេល​ដែលមាន​ដំណឹង​ច្បាស់​ការណ៍​មួយ​បាន​បង្ហើប​ប្រាប់ថា កំពូល​តារា​សម្ដែង​ស្រី​ល្បីឈ្មោះ ព្រោះតែ​មានចិត្ត​ស្លុយ​ហ៊ាន​បង្ហាញ​រូបរាង​ជាមួយនឹង​ភាព​សិច​ស៊ី​មិន​សំចៃ​ដៃ នាង សេង សូ​ណា កំពុង​សំងំ​ពពោះ​ទម្ងន់ ៤​ខែ​នៅក្នុង​ផ្ទៃ ខណៈដែល​គេ​ដឹង​យ៉ាងច្បាស់​ថា រូបនាង​មិនទាន់បាន​ចូល​រោងការ ឬ​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ណា​ម្នាក់​នៅឡើយ​។​

 

​បន្ទាប់ពី​ការ​បែកធ្លាយ​នូវ​ព័ត៌មាន​ដ៏​គួរ​ឲ្យ​រសើប​មួយ បាន​លើកឡើងថា នាង សេង សូ​ណា តារា​សម្ដែង​ល្បីឈ្មោះ​ខាង​បញ្ចេញ​ភាព​សិច​ស៊ី​មិន​សំចៃ​ដៃ កំពុង​សម្ងំ​ពពោះ​កូន​ក្នុង​ផ្ទៃ​ដែលមាន​អាយុ​ជាង​៤​ខែ​រួចមក​។ ពេលនេះ​ម្ចាស់​សាមីខ្លួន​បានចេញ​មុខ​លាតត្រដាង​ការពិត​ជាមួយនឹង​ការ​ទទួលស្គាល់ថា នាង​ពិតជា​មានកូន​ក្នុង​ផ្ទៃ​មុន​ថ្ងៃ​រៀបការ​មែន ខណៈដែល​នាង​បានសម្រេច​ចិត្ត​ចាក់​បញ្ចូល​មេជី​វិត​ឈ្មោល​នៅឯ​ប្រទេស​ថៃ តម្រូវ​ទៅនឹង​ការទាមទារ​ចង់បាន​ពី​សំណាក់​សង្សារ​របស់​នាង​ជា​មនុស្ស​ភេទ​ទី​៣​។​

 

​ជាមួយ​ការដែល​មិន​ញញើត​នឹង​ពាក្យ រិះគន់ សេង សូ​ណា បាន​និយាយ​ក្ដែ​ងៗ​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​ថា “​មូលហេតុ​ដែល​ខ្ញុំ​ទៅ​ចាក់​បញ្ចូល​មេជី​វិត​ដើម្បី​ឲ្យ​មានកូន​នេះ ដោយសារតែ​ចង់​ធ្វើតាម​សំណូមពរ​អតីត​គូស្នេហ៍​ដែលជា​ភេទ​ទី​៣ ព្រោះ​គាត់​(​អតីត​គូស្នេហ៍​)​ចង់បាន​កូន តែ​មិន​ចង់​មាន​ប្រពន្ធ ឬ​រៀបការ​ឲ្យ​មាន​ចំណង​ទេ ដូច្នេះហើយ​ខ្ញុំ​ក៏​សម្រេចចិត្ត​ពពោះ​ឲ្យ​គាត់​តែម្តងទៅ ហើយ​ក្រោយពី​សម្រាលកូន​រឹង​ដៃ​រឹង​ជើង ខ្ញុំ​នឹង​ប្រគល់​ឲ្យ​ទៅ​អតីត​គូស្នេហ៍​។​

 

​តារា​ស្រី​មានកូន​អត់​ប្ដី​រូបនេះ​បាន​បន្តទៀតថា “​ខ្ញុំ​ដូចជា​អត់​ខ្វល់​ពាក្យរិះគន់ ឬ​គ្មាន​បុរស​យក​ខ្ញុំ​ធ្វើ​ប្រពន្ធ នោះទេ ព្រោះ​ខ្ញុំ​គិតថា សម្រាប់​បុរស​ដែល ខ្ញុំ​ជ្រើសរើស​រៀបការ​សាង​គ្រួសារ គឺ​ខ្ញុំ​នឹង​ប្រាប់​គាត់​គ្រប់យ៉ាង​ពី​អតីតកាល ហើយ​ជាក់ស្តែង​ដូចជា​រឿង​ចាក់​បញ្ចូល​មេជី​វិត​នេះ​ជាដើម​។ តែ​បើសិនជា​ខ្ញុំ​សម្រាលកូន​ហើយ គាត់​បែរជា​ថា មិនអាច​ទទួលយក​ខ្ញុំ​បាន​ក៏​តាម​ហ្នឹង​ទៅ ខ្ញុំ​មិន​ថា​អ្វី​ឡើយ តែ​ខ្ញុំ​សុំ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ចំណង​ស្នេហ៍​ជាមួយ​អតីត​គូស្នេហ៍​នោះ បើទោះជា​មានកូន​ជាមួយគ្នា​ក៏ដោយ តែ​បច្ចុប្បន្ន​ពួក​ខ្ញុំ​រាប់អាន​គ្នា​ត្រឹមតែ​ជា​មិត្តភក្តិ​ធម្មតា គ្មានអ្វី​លើសពីនេះ​ទេ​”​។​

 

​សេង សូ​ណា នៅតែ​ធ្វើ​ឲ្យ​គេ​មាន​មន្ទិលសង្ស័យ​ពី​រឿង​ចាក់​មេជី​វិត​ឲ្យ​មានកូន ខណៈ​គេ​ដឹងថា​នាង​មាន​គូស្នេហ៍ ។ គេ​មិនសូវ​ជឿថា សូ​ណា​ចាក់​មេជី​វិត​ឡើយ ដ្បិត​យល់ថា ស្ត្រី​ទាំងអស់​តែងតែ​ប្រាថ្នា​បានកូន​តាមបែប​ធម្មជាតិ ពិតៗ ជាពិសេស​ក្នុង​ភាពជា​ប្តី​-​ប្រពន្ធ​។  ម្យ៉ាង​ការចាក់​មេជី​វិត​ត្រូវ​ចំណាយ​ប្រាក់​ខ្ពស់​ណាស់ ។​

 

​ច្រើន ឆ្នាំកន្លងមក អ្នកនាង​ខាត់ សុ​ឃីម ក៏បាន​អះអាង​ដែរ​ថា នាង​មានកូន​ប្រុស​ដោយ​មិនមាន​ស្វាមី​នោះ​ដោយសារ​ចាក់​មេជី​វិត ។​បច្ចុប្បន្ន​មាន​អ្នកសិល្បៈ​ម្នាក់​ទៀតហើយ​យក​គំរូ​តាម​អ្នកនាង​ខាត់ សុ​ឃីម គឺ​នាង​សេង សូ​ណា ។​

 

​ចាប់តាំងពី​មានឈ្មោះ​ក្នុង​ពិភព​សិល្បៈ មក​តារា យេៗ​សេង សូ​ណា នៅ​មិនទាន់​រំលេច​ទេពកោសល្យ​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​ខ្សែភាពយន្ត ណាមួយ​ឡើយ ។ សូ​ណា​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​តែ​រឿង​បញ្ចេញ​រាងកាយ​សិច​ស៊ី​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណាក្តី សូ​ណា​និយាយថា នៅតែ​ប្រាថ្នា​ការងារ​សិល្បៈ​ព្រោះ​នាង​ស្រឡាញ់ និង​ចង់​ធ្វើ​ឲ្យ​ល្បីឈ្មោះ​ដោយ​ពឹង​លើ​ទេពកោសល្យ ។ បើទោះជា​សូ​ណា​ចូលចិត្ត​ស្លៀកពាក់​បែប​សិច​ច​ស៊ី​ក៏ដោយ តែ​នាង​ចង់​ធ្វើ​អ្វីដែល​ចេញពី​ជំនាញ​សិល្បៈ ។​

 

​សេង សូ​ណា រំពឹងថា នាង​នៅមាន​ឱកាស​ឆក់យក​ប្រជាប្រិយភាព​តាមរយៈ​ការសម្តែង​ដើម្បី​ឲ្យ ទស្សនិកជន​ទទួលស្គាល់​នាង​ដូច​តារា​រៀមច្បង ៕

សេង សូ​ណា ៖ បើ​ទោះ​មានកូន​គ្មាន​ប្តី ក៏​ខ្ញុំ​ព្រម​ដែរ ឲ្យ​តែ​គេ​សប្បាយចិត្ត​

សេង សូ​ណា ៖ បើ​ទោះ​មានកូន​គ្មាន​ប្តី ក៏​ខ្ញុំ​ព្រម​ដែរ ឲ្យ​តែ​គេ​សប្បាយចិត្ត​