អង្ករ​កម្ពុជា​មិន​ជាប់​ចំណាត់ថ្នាក់​លេខ​1​នៅ​ឆ្នាំ​នេះ តែ​មិន​ប៉ះពាល់​ដល់​ការ​នាំ​ចេញ

រាជធានី​ភ្នំពេញ ៖ ការ​រៀបចំ​ប្រកួតប្រជែង​គុណភាព​អង្ករ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ថ្ងៃ​ទី​៣០ តុលា កន្លង​មកនេះ បាន​បង្ហាញ​លទ្ធផល​ថា អង្ករ Caloris Rice របស់​សហរដ្ឋអាមេរិក​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ប្រចាំឆ្នាំ​២០១៥ ដែល​មាន​រសជាតិ​ឆ្ងាញ់​ជាងគេ​។ ចំណែក​អង្ករ​កម្ពុជា មិន​ត្រូវ​បាន​ជាប់​ក្នុង​ការ​ប្រកួត​នេះ​ទេ ។ ទោះបីជា​យ៉ាងណា ការ​ធ្លាក់​ពី​ចំណាត់​លេខ​១​នេះ មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​ក្រៅប្រទេស​ឡើយ​។ នេះ​បើ​តាម​លោក​អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច (Kohbiz) របស់​កោះសន្ដិភាព ។

លោក សុង សា​រ៉​ន អគ្គ​នាយ​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ មាន​ប្រសាសន៍​ថា ៖ «​ការ​ប្រកួតប្រជែង​រក​គុណភាព​អង្ករ​ល្អ​នៅ​លើ​ពិភពលោក ដែល​បាន​ប្រព្រឹត្ត​នៅ​ម៉ា​ឡេ​ស៊ី​កាលពី​ពេល​ថ្មី​ៗ​នេះ គឺ​គ្រប់​ប្រទេស​ទាំងអស់​អាច​ជ្រើសរើស​អង្ករ​ល្អ​ប្រណីត​របស់​ខ្លួន​មក​ប្រកួត​បាន ដោយ​មិន​សំដៅ​តែ​លើ​ប្រភេទ​អង្ករ​ក្រអូប​ទេ ។ ឧទាហរណ៍ នៅ​កម្ពុជា​យើង​មាន​អង្ករ​ក្រអូប​ផ្ការំដួល ដែល​យើង​ចាត់​ទុក​ថា​ជា​អង្ករ​ល្អ​ប្រចាំ​នៅ​ស្រុក​ខ្មែរ » ។

លោក​បន្ត​ថា ៖ «​ការ​ប្រកួតប្រជែង​គុណភាព​អង្ករ​ឆ្នាំ​២០១៥​នេះ អង្ករ​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ​អង្ករ​របស់​សហរដ្ឋអាមេរិក Caloris rice (​អង្ករ​គ្រាប់​មូល មិនមែន​ជា​អង្ករ​ក្រអូប​) ។ តាម​ពិត អង្ករ​របស់​ខ្មែរ​មានគុណ​ភាពល្អ គ្រាន់តែ​ថា ការ​ប្រកួត​ឆ្នាំ​នេះ​គេ​ធ្វើ​មុន​កាលកំណត់ ធ្វើ​ឲ្យ​យើង​មិន​បាន​ដាក់​អង្ករ​លេខ​១ (​អង្ករ​ថ្មី​) ចូលរួម​ប្រកួតប្រជែង ព្រោះ​អង្ករ​ស្រូវ​ថ្មី ការ​ប្រមូល​ផល​ធ្វើ​ឡើង​មិន​ទាន់​ពេលវេលា ដោយ​ដាក់​ត្រឹមតែ​អង្ករ​លេខ​២ (​អង្ករ​គ្រាប់​ចាស់​) ។ ទោះបីជា​អង្ក​កម្ពុជា​មិន​ជាប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១ នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​នេះ​ក៏​ពិតមែន ប៉ុ​ន្តែ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​បរទេស​ឡើយ ព្រោះ​អង្ករ​ជាប់​ចំណាត់​លេខ​១ គឺជា​ប្រភេទ​អង្ករ​គ្រាប់​មូល មិនមែន​ជា​ប្រភេទ​អង្ករ​ក្រអូប​ដូចដែល​កម្ពុជា​ធ្លាប់​ឈ្នះ​ក្នុង​ការ​ប្រកួត​នា​ពេល​កន្លង​មក​ក្នុង​ចំណោម​ប្រទេស​ផលិត​អង្ករ​ក្រអូប ដូច​ជា ប្រទេស​វៀតណាម និង​ថៃ នោះ​ឡើយ ។ ក្រៅពី​នេះ អង្ករ Caloris rice របស់​សហរដ្ឋអាមេរិក វា​មាន​ចំណែក​ទីផ្សារ​ខុស​គ្នា​ជាមួយ​អង្ករ​ក្រអូប​កម្ពុជា ដែល​ជា​ទូទៅ​អ្នក​ហូប​អង្ករ​គ្រាប់​មូល​ដូច​ជា ប្រទេស​តួ​ក​គី កូរ៉េ​ខាងត្បូង ជប៉ុន និង​អា​មេ​រិ​ក ប៉ុន្តែ​សម្រាប់​ទីផ្សារ​អង្ករ​ក្រអូប (​គ្រាប់​វែង​) យើង​មាន​ទីផ្សារ​នៅ​សហគមន៍​អឺរ៉ុប ម៉ា​ឡេ​ស៊ី និង​ចិន ជាដើម»។

លោក​បញ្ជាក់​ថា ៖ «​ឆ្នាំ​នេះ អង្ករ​ខ្មែរ​មិន​បាន​ជាប់​លេខ​១​មែន ប៉ុ​ន្តែ​យើង​ក៏​សប្បាយចិត្ត​ដែរ ដែល​អង្ករ​ខ្មែរ​ជាប់​ដល់​វគ្គ​ជម្រុះ​បន្ទាប់​ពី​អង្ករ​សហរដ្ឋអាមេរិក ដែល​ជាប់​ចំណាត់ថ្នាក់​។ នៅ​ឆ្នាំ​ក្រោយ​ៗ បើ​មាន​ពេលវេលា​សម​ស្រប​ណាមួយ ខ្ញុំ​នៅ​តែ​ជឿជាក់​ថា អង្ករ​កម្ពុជា​នៅ​តែ​ឈ្នះ ឲ្យ​តែ​យើង​យក​អង្ករ​ស្រូវ​ថ្មី​យក​ទៅ​ប្រកួត ។ វា​ជា​មោទន​ភាព​មួយ​ដែរ បើសិនជា​ចៅក្រម​ឲ្យ​ពិន្ទុ​ទៅ​លើ​ភាព​ក្រអូប សម្រាប់​អង្ករ​ខ្មែរ​យើង​នឹង​ឈ្នះ បុ​៉​ន្តែ​ជា​ទូទៅ ចៅក្រម​គេ​ដាក់​ពិន្ទុ​ទៅ​លើ​ច្រើន​ផ្នែក មិន​សំដៅ​តែ​មួយ​ផ្នែក​នោះ​ទេ» ។

ចំណែក​លោក ហ៊​ន ធា​រ៉ា ជំនួយការ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​មាន​ប្រសាសន៍​ដែរ​ថា ៖ «​ក្នុង​ការ​ប្រកួតប្រជែង​អង្ករ​ដែល​មាន​រសជាតិ​ឆ្ងាញ់​នៅ​លើ​ពិភពលោក​នៅ​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​៣០ តុលា កន្លង​ទៅ​នេះ មាន​ប្រទេស​ចូលរួម​ចំនួន​៦ ក្នុង​នោះ​មាន​ប្រទេស​អុ​ី​តា​លី មី​យ៉ា​ន់​ម៉ា វៀតណាម សហរដ្ឋអាមេរិក កម្ពុជា និង​ហ្វ៊ី​លី​ពី​ន ។ ឆ្នាំ​នេះ អង្ករ Caloris rice របស់​សហរដ្ឋអាមេរិក​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​លើ​ពិភពលោក​ដែល​មាន​រសជាតិ​ឆ្ងាញ់ ហើយ​នេះ​ក៏​ជា​លើក​ទី​២​ផង​ដែរ ក្នុង​ការ​ប្រកួតប្រជែង​លើក​ទី​៧ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នា​ឆ្នាំ​នេះ​» ។

ចំពោះ​អង្ករ​កម្ពុជា​មិន​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ការ​ប្រកួតប្រជែង​លើ​គុណភាព​អង្ករ​ឆ្នាំ​នេះ បើ​តាម​លោក ហ៊​ន ធា​រ៉ា យល់​ឃើញ​ថា ៖ «​អាច​មក​ពី​កត្តា​អាកាសធាតុ​ប្រែប្រួល ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បង្កបង្កើន​ផល​របស់​កសិករ​ក្នុង​ការ​ផលិត និង​ការ​ប្រមូល​ផល​មានការ​យឺតយ៉ាវ  ម្យ៉ាងទៀត​ការ​ប្រកួតប្រជែង​របស់​ស្ថាប័ន​រៀបចំ​ការ​ប្រកួតប្រជែង​គុណភាព​អង្ករ​បាន​លើក​ពេល​លឿន​ជាង​ឆ្នាំ​មុន​ៗ» ។

គួរ​បញ្ជាក់​ថា អង្ករ​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ចំនួន​៣​ឆ្នាំ​ជាប់​ៗ​គ្នា ជា​អង្ករ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ជាងគេ​នៅ​លើ​ពិភពលោក ។ ក្នុង​នោះ លើក​ទី​១​នៅ​ឆ្នាំ​២០១២ ការ​ប្រកួតប្រជែង​ធ្វើ​ឡើង​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ លើក​ទី​២​នៅ​ខែ​វិ​ចិ្ឆ​កា ២០១៣ ធ្វើ​ឡើង​នៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន និង​លើក​ទី​៣ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ដែល​រៀបចំ​ដោយ​អង្គការ​ប្រកួតប្រជែង​អង្ករ​ពិភពលោក TRT WORLD RICE ។

យោង​តាម​របាយការណ៍​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ​បង្ហាញ​ថា គិត​ត្រឹម​១០​ខែ​ក្នុង​ឆ្នាំ​២០១៥​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​ក្រៅប្រទេស​ចំនួន​សរុប​៤០៨.១៦៩​តោន បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន​មាន​ចំនួន​៣០៤.៧៨៨​តោន ពោល​គឺ​មានការ​កើនឡើង​ប្រមាណ​៣៣,៩០​ភាគរយ ។

របាយការណ៍​បង្ហាញ​ទៀត​ថា ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៥ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​តំបន់​អឺរ៉ុប​ចំនួន​៦៥​ភាគរយ នៅ​អាស៊ាន​១១​ភាគរយ និង​ទៅ​ប្រទេស​ផ្សេង​ទៀត​ៗ​ចំនួន​២៤​ភាគរយ ។ ដោយឡែក​សម្រាប់​ប្រភេទ​អង្ករ​កម្ពុជា​ដែល​បាន​នាំ​ចេញ ក្នុង​នោះ​អង្ករ​ក្រអូប​មាន​ចំនួន​៤៥,៧​ភាគរយ អង្ក​រស​៤៥,៨​ភាគរយ និង​អង្ករ​ចំហុយ​៨,៦​ភាគរយ ៕