ធនាគារអភិវឌ្ឍន៍អាស៊ី​គាំទ្រ​ប្រទេស​កម្ពុជា​ក្នុង​ការ​រៀបចំ​ផែនការ​បរិស្ថាន​ថ្មី

រាជធានី​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹង​ផ្តល់​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ (NESAP) ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា ឱ្យ​សម្រេច​គោលដៅ​វ​អភិវឌ្ឍន៍​របស់​ខ្លួន​ប្រកបដោយ​ចីរភាព ។

យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​នេះ នឹង​ផ្តោត​ជា​អាទិភាព​លើ​គោលនយោបាយ និង​ជម្រើស​ផ្តល់​ហិរញ្ញប្បទាន​នានា សំដៅ​ធានា​យ៉ាងណា​ឱ្យ​កិច្ច​គាំពារ​បរិស្ថាន និង​ការ​គ្រប់គ្រង​ធនធាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព ដើម្បី​ក្លាយជា​សសរស្តម្ភ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ។ ផែនការ​នេះ​ត្រូវ​បាន​ប្រកាស​ផ្សព្វផ្សាយ​ដល់​មន្ត្រី​ជាន់ខ្ពស់​មក​ពី​ក្រសួង​ចំនួន​១៧ រួម​នឹង​ដៃគូ​អភិវឌ្ឍន៍​ផង​ដែរ​ក្នុង​សិក្ខាសាលា​មួយ​រៀបចំ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ការ​គាំទ្រ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី នៅ​ថ្ងៃ​ចន្ទ​នេះ ។

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​បើក​សិក្ខាសាលា​នេះ​ថា ៖ «​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ឱ្យ​ក្រសួង​ទាំងអស់ ក៏​ដូច​ជា​វិស័យ​ឯកជន សង្គម​ស៊ី​វិល និង​ដៃគូ​អភិវឌ្ឍន៍​ដាក់​បញ្ចូល​ក្តី​បារម្ភ​នានា​ពាក់ព័ន្ធ​នឹង​បរិស្ថាន​ទៅ​ក្នុង​គោលនយោបាយ​សេដ្ឋកិច្ច និង​ការ​វិនិយោគទុន ។ អ្នក​ពាក់ព័ន្ធ​ទាំងអស់​ចាំបាច់​ត្រូវ​សហការ​គ្នា​ឱ្យ​បាន​ជិត​ស្និទ្ធ ដើម្បី​សម្រេច​គោលបំណង​ដែល​បាន​ដាក់​ចេញ​ក្នុង​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​» ។

ក្រសួងបរិស្ថាន​កំពុង​សម្របសម្រួល​ដំណើរការ​រៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​នេះ​ឡើង​ជាមួយនឹង​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​កម្មវិធី​បរិស្ថាន​ស្នូល​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ ដែល​ដឹកនាំ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី ។ ដំណើរការ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​ក្រុមការងារ​មួយ ដែល​មាន​សមា​សភាព​​ជា​តំណាង​មក​ពី​ក្រសួង​សំខាន់​ៗ​ចំនួន​១០ ។

លោក Pavit Ramachandran អ្នកឯកទេស​ជាន់ខ្ពស់​ខាង​បរិស្ថាន​នៃ​នាយកដ្ឋាន​អាស៊ី​អាគ្នេយ៍​របស់ ADB បាន​មាន​ប្រសាសន៍​ថា ៖ «​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ ហើយនឹង​ចូលរួម​សហការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយនឹង​ក្រសួងបរិស្ថាន ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​មក​ពី​រាជរដ្ឋាភិបាល និង​សង្គម​ស៊ី​វិល​ដទៃ​ទៀត សំដៅ​ធានា​យ៉ាងណា​ឱ្យ​ដំណើរការ​នៃ​ការ​រៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​នេះ ធ្វើ​ឡើង​ដោយ​មានការ​ពិគ្រោះ​យោបល់ និង​ដាក់​ចេញ​នូវ​សកម្មភាព ព្រមទាំង​អាទិភាព​ច្បាស់លាស់ ។

យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​នេះ​នឹង​ត្រូវ​បញ្ចប់​រួចរាល់ ហើយ​រំពឹង​ថា នឹង​ទទួល​បានការ​អនុម័ត​ពី​រាជរដ្ឋាភិបាល​នៅ​ចុងឆ្នាំ​២០១៦ ហើយ​វា​ក៏​នឹង​បំពេញ​បន្ថែម​ក្រម​បរិស្ថាន​ថ្មី ដែល​កំពុង​តែ​រៀបចំ​ផង​ដែរ ។ ឯកសារ​ទាំងនេះ​នឹង​បង្កើត​ជា​ក្របខ័ណ្ឌ​ច្បាប់ និង​គោលការណ៍ ដើម្បី​ធានា​ឱ្យ​មានការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ច្បាប់​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​បរិស្ថាន ៕