ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ល្អ​របស់​កម្ពុជា​ក្នុង​ការ​បោះទុន​វិនិយោគ

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​អ៊ិ​ស្លា​ម​ពិភពលោក​លើក​ទី​១១ ក្រោម​ប្រធានបទ​ស្តី​ពី «​ការ​ធ្វើ​ឲ្យ​ងើបឡើង​វិញ​នូវ​តុល្យភាព​នៃ​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​» លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ពី​ដំណើរការ​នៃ​សេដ្ឋកិច្ច និង​ការ​វិនិយោគទុន​អ៊ិ​ស្លា​ម​នៅ​ប្រទេស​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ៖ «​កម្ពុជា​ជា​ប្រទេស​តូច​មួយ ប៉ុន្តែ​មានការ​បើក​ទូលាយ​លើ​ផ្នែក​សេដ្ឋកិច្ច ក៏​ដូច​ជា​ការ​វិនិយោគទុន​របស់​ជនជាតិ​អ៊ិ​ស្លា​ម​លើ​គ្រប់​វិស័យ​។ កម្ពុជា​កំពុង​តែ​ផ្សព្វផ្សាយ​ពី​គម្រោង​ទាក់ទង​នឹង​ថាមពល​សូ​ឡា ព្រមទាំង​ជួយ​សម្រួល​ដល់​តម្លៃ​ប្រេង​ឲ្យ​មាន​ភាពសមរម្យ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ ។ យើង​រំពឹង​ថា ប្រទេស​ដទៃ​ទៀត​ក៏​អាច​ធ្វើ​ដូច​យើង​បាន​ដែរ ដើម្បី​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​ឡើង​» ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា ៖ «​ធនាគារពិភពលោក​បាន​ហៅ​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​បើក​ទូលាយ​បំផុត​លើ​ការ​វិនិយោគទុន​ក្នុង​តំបន់ ដោយ​មានការ​វិនិយោគទុន​ឯកជន​ចម្រុះ​គ្រប់​វិស័យ​» ។

អាជីវកម្ម​ខ្នាត​តូច និង​មធ្យម (SMEs) ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ​ក្នុង​វេទិកា​សេដ្ឋកិច្ច​អ៊ិ​ស្លា​ម​ពិភពលោក ។ ប្រទេស​ម៉ា​ឡេ​ស៊ី​ផ្ទាល់​មាន​សេដ្ឋកិច្ច​ល្អ​ប្រសើរ ដោយសារ​តែ​ការ​រីក​ចម្រើន​ខាង​វិស័យ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​។ បច្ចុប្បន្ន ម៉ា​ឡេ​ស៊ី​កំពុង​ពង្រឹង និង​ពង្រីក​ទីផ្សារ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​ជាមួយនឹង​កា​រំពឹង​ទុក​ខ្ពស់​ក្នុង​បេសកកម្ម​របស់​ខ្លួន ។

នៅ​ក្នុង​វេទិកា​នេះ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក Najib Razak បាន​មាន​ប្រសាសន៍​ថា ៖ «​សេដ្ឋកិច្ច​៦៥​ភាគរយ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ពឹងផ្អែក​លើ​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ដែល​មានការ​ចូលរួម​ពី​ស្ត្រី និង​យុវជន​ផង​ដែរ​» ។

លោក Tun Musa Hitam ប្រធាន​នៃ World Islamic Economic Forum Foundation មាន​ប្រសាសន៍​ថា ៖ «​បច្ចុប្បន្ន សហគ្រាស​ខ្នាត​តូច និង​មធ្យម​កំពុង​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​សហគមន៍​ជុំវិញ​ពិភព​អ៊ិ​ស្លា​ម ។ ដើម្បី​ឲ្យ​មាន​ធ្វើ​ដំណើរ​ឆ្ពោះទៅ​មុខ យើង​ត្រូវការ​នូវ​ឱកាស​ដ៏​អស្ចារ្យ​ជា​ច្រើន​ដើម្បី​បង្កើន​ទីផ្សារ​ឲ្យ​កាន់តែ​ធំ​ទូលំទូលាយ និង​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ជុំវិញ​ពិភពលោក​» ។

ការ​សិក្សា​មួយ​របស់ International Finance Corporation (IFC) បាន​ចេញ​របាយការណ៍​បង្ហាញ​ថា SMEs ត្រូវ​គេ​មើលឃើញ​ថា មិន​ទាន់​បម្រើ​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ។ ជាក់ស្តែង មាន​ត្រឹមតែ​៣៥​ភាគរយ​ប៉ុណ្ណោះ​នៃ SMEs នៅ​មជ្ឈិម​បូព៌​៌ា និង​អាហ្វ្រិក​ខាងជើង​ដែល​បញ្ចូល​នូវ​វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។ វា​មាន​គម្លាត​ខុស​គ្នា ដែល​មាន​ចន្លោះ​រហូត​ដល់​១៣​រយ​លាន​ដុល្លា​អា​មេ​រិ​ក​នៃ SMEs ហិ​រ​ញ្ញាប្ប​ទាន​អ៊ិ​ស្លា​ម​ក្នុង​តំបន់ ។

លោក ស៊ុន ចាន់​ថុ​ល បញ្ជាក់​ថា ៖ «​ប្រទេស​ម៉ា​ឡេ​ស៊ី គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ល្អ​របស់​កម្ពុជា ដោយ​ម៉ា​ឡេ​ស៊ី​មាន​ទំនាក់ទំនង​យ៉ាង​ប្រសើរ​ក្នុង​ការ​ធ្វើ​វិ​និ​យោ​ទុន ។ បច្ចុប្បន្ន​នេះ ក្រសួងពាណិជ្ជកម្ម​កំពុង​ធ្វើ​ប្រតិបត្តិការ​ដើម្បី​ឲ្យ​មាន​ផលិតផល Hala នៅ​ក្នុងស្រុក​ជា​ផ្លូវការ​នា​ពេល​ខាង​មុខ ។ ប្រទេស​កម្ពុជា​បាន​ផ្តោត​លើ​ការ​អភិវឌ្ឍ​ចំនួន​៥​ចំណុច​សំខាន់​ៗ ដើម្បី​ឈាន​ដល់​ការ​រីក​ចម្រើន​លើ​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម រួម​មាន ការ​អភិវឌ្ឍ​លើ​វិស័យ​ធនធានមនុស្ស បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និង​ផ្តល់​ការ​វិនិយោគទុន​ដោយ​សេរី​» ៕