Audi មិន​បាន​ទទួល​ប្រាក់​ចំណេញ​ដូច​ការ​រំពឹង​ទុក​ក្នុង​ត្រីមាស​ទី​3

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ក្រុមហ៊ុន Audi បាន​ចំណាយ​លើ​ការ​ហៅ​រថយន្ត​ឱ្យ​ត្រឡប់​ចូល​រោងចក្រ​វិញ ដោយសារ​តែ​កំហុស​បច្ចេកទេស​នោះ Audi ពុំ​បាន​សម្រេច​បំណង​របស់​ខ្លួន​ឡើយ​ក្នុង​ការ​ប្រមូល​យក​ភាគ​ចំណេញ ។

ភាព​មិន​ទៀងត្រង់​របស់ Volkswagen Group កំពុង​តែ​ប៉ះពាល់​ដល់​ខ្ទង់​ចំណេញ​ប្រចាំត្រីមាស​ទី​៣ របស់ Audi ដោយសារ​បាន​កំណត់​លើ​ការ​ចាយវាយ​ខ្ពស់ តាម​រយៈ​ការ​ហៅ​រថយន្ត​ម៉ា​ស៊ូ​ត​ដែល​មាន​បញ្ហា​ឱ្យ​ត្រឡប់​ចូល​រោងចក្រ​វិញ​ដើម្បី​ជួសជុល និង​ពិនិត្យ​ពី​កំហុសឆ្គង ។

ម្យ៉ាងទៀត ប្រតិបត្តិការ​រក​ប្រាក់​ចំណេញ​របស់​ពួក​គេ​បាន​ថយ​ចុះ​៨% ក្នុង​ការ​លក់​ធៀប​នឹង​អត្រា​៩,២% ដែល​ចំណេញ​បាន​នៅ​ក្នុង​ត្រីមាស​ទី​២ ។ បើ​ប្រៀបធៀប​គ្នា Mercedes សម្រេច​បាន​ប្រាក់​ចំណេញ​១០,៥% ក្នុង​ត្រីមាស​ទី​៣ នេះ ។

ចំពោះ​រឿងអាស្រូវ​ផ្នែក​ការ​បញ្ចេញ​ឧស្ម័ន​ពុល (CO2) កំពុង​តែ​មានការ​រីក​រាលដាល ដោយ​គេ​បាន​លាតត្រដាង​ពី​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ទំហំ​៣.០​លី​ត្រ V6 របស់ Volkswagen ក៏​ងាយ​នឹង​រង​គ្រោះ​ពី​ការ​ភ័ន្ត​ច្រឡំ​ផ្នែក Software ដែរ ពោល​គឺ​គ្រាន់តែ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ថយ​ចុះ​នៃ​ប្រាក់​ចំណេញ​នៅ​ក្នុង​ថ្ងៃ​អនាគត​ប៉ុណ្ណោះ ។

ជាង​នេះ​ទៀត ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​នឹង​កាត់​បន្ថយ​បន្ថែម​ទៀត​នូវ​ការ​វិនិយោគ​ម៉ូ​ដែល​ថ្មី និង​បច្ចេកវិទ្យា​ផ្សេង​ៗ ដើម្បី​រក្សា​ការ​បោះ​ជំហាន​ទៅ​មុខ​ជាមួយនឹង Mercedes របស់​ក្រុមហ៊ុន Daimler និង​ប្រកួតប្រជែង​ជាមួយ BMW ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​ធំ​ជាងគេ​បំផុត​លើ​ពិភព លោក ។

លោក Rupert Stadler នាយក​ប្រតិបត្តិ​របស់ Audi AG ថ្លែង​ថា ៖ «​យើង​កំពុង​តែ​បន្ត​បោះ​ជំហាន​នៃ​កំណើន ។ ម្យ៉ាងទៀត យើង​ក៏​បង្កើន​ការ​ចែកចាយ និង​ពង្រីក​បណ្តាញ​ផលិតកម្ម​អន្តរជាតិ​របស់​យើង​ដើម្បី​ការពារ​ការងារ និង​បន្ត​ជ្រើសរើស​បុគ្គលិក​កាន់តែ​ច្រើន​ថែម​ទៀត​ផង​» ។

នៅ​ឆ្នាំ​ក្រោយ Audi នឹង​ចាប់ផ្តើម​ដាក់​លក់​កំណែទម្រង់​ថ្មី​មួយ​នៃ​ម៉ូ​ដែល​លក់ដាច់​ជាងគេ​បំផុត​របស់​ខ្លួន គឺ A4 ស៊ី​ដាន និង Station Wagon ព្រមទាំង​បើក​ឲ្យ​ដំណើរការ​រោងចក្រ​នៅ​ម៉ិ​ក​សិ​ុ​ក​ជាដើម ។ ប្រភព​នៃ​ប្រាក់​ចំណេញ​ដ៏​សំខាន់​របស់ Volkswagen គឺ Audi និង​ក្រុមហ៊ុនមេ ដែល​ចាំបាច់​ត្រូវការ​សាច់ប្រាក់​បន្ថែម​ដើម្បី​ចំណាយ​លើ​ការ​ផាកពិន័យ​ដូច​ជា ការ​កោះហៅ​រថយន្ត​ត្រឡប់​មក​ជួសជុល​វិញ និង​ពាក្យបណ្តឹង​ដែល​ត្រូវ​អនុវត្ត​តាម​ជាដើម ។

ទោះជា​យ៉ាងណា ក្រុមហ៊ុន​បាន​ផ្តល់​នូវ​ប្រាក់​វិភា​ជន៍​ចំនួន​៦,៧​ប៊ី​លាន​អឺ​រ៉ូ​ផង​ដែរ​ក្នុង​អំឡុង​ត្រីមាស​ទី​៣ សម្រាប់​ការ​ប៉ាន់​ប្រមាណ​មើល​ខ្ទង់ចំណាយ​ទាំងអស់​ដែល​ភ្ជាប់​នឹង​រឿងអាស្រូវ និង​ការ​នៅ​ក្រោយ​រឿង​នេះ​របស់ Volkswagen ដែល​ជួប​ឱនភាព​ប្រចាំត្រីមាស​លើក​ទី​១ ក្នុង​រយៈពេល​១៥​ឆ្នាំ ៕