រថយន្ត​ដឹក​ដី​ដឹក​ខ្សាច់​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ក្នុងស្រុក​បន្ទាយស្រី ប្រជាពលរដ្ឋ​បិទផ្លូវ​តវ៉ា​ជា​បន្តបន្ទាប់​

​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា មិន​យកចិត្តទុកដាក់​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ទេ ហើយ​គិតគូរ​តែ​រឿង​ប្រមូល​ផលប្រយោជន៍​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​នៅ​ភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ភាគ​ខាងជើង​ឆៀង​ខាងកើត​ក្រុង​សៀមរាប បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​បិទផ្លូវ​លំ​មួយ​ខ្សែ​មិន​ឲ្យ​ឡាន​ដឹក​ដី​ដឹក​ខ្សាច់​ឆ្លងកាត់​បាន​រយៈពេល​ច្រើន​ថ្ងៃ​កន្លងមកហើយ ដោយសារតែ​រថយន្ត​ដឹក​ដី​ដឹក​ខ្សាច់​បង្ក​ឲ្យ​ខូច​ផ្លូវ​ធ្ងន់ធ្ងរ និង​មាន​ដី​ហុយ​ខ្លាំង​ប៉ះពាល់​ដល់​សុខភាព​អ្នកភូមិ​។

ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ជាច្រើន​ថ្ងៃ​មកហើយ​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​ដី​ដឹក​ខ្សាច់​លើ​ផ្លូវលំ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ផ្ទុក​លើស​ទម្ងន់​បើកបរ​ក្នុង​ល្បឿន​លឿនៗ ធ្វើ​ឲ្យ​ពួកគាត់​ព្រួយបារម្ភ​ខ្លាច​កើតមាន​គ្រោះថ្នាក់​ដល់​សិស្សសាលា​តូចៗ​។ ក្រុមអ្នកតវ៉ា​ជាង​៦០​នាក់​កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ជួបចរចា​ជាមួយ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​ដឹក​ខ្សាច់​ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់ ហើយ​ក្រោយពេល​ពិភាក្សា​ពួកគាត់​មិន​ព្រម​បើកផ្លូវ​វិញ​ឡើយ​។ ហេតុផល​សមរម្យ​រប​ស់​ប្រជាពលរដ្ឋ គឺ​រថយន្ត​ដឹក​ដី​ដឹក​ខ្សាច់​ធំៗ​បាន​បង្ក​ឲ្យ​ស្រុតដី​ខូច​ផ្លូវលំ មាន​ដី​ហុយ​ខ្លាំង​ប៉ះពាល់​ដល់​សុខភាព​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក​បន្ទាយស្រី និង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ចាត់វិធានការ​ដោះស្រាយ​ទុក្ខលំបាក​របស់​ពួកគាត់​ជាបន្ទាន់​។

ប្រភពពី​មន្ត្រីរាជការ​ក្នុងស្រុក​បន្ទាយស្រី បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​ដឹក​ខ្សាច់​របស់​អ្នកស្រី អេង សុខ​ហ្គិ​ច បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ចាប់ផ្ដើម​តវ៉ា តាំងពី​ថ្ងៃទី​០២ ខែវិច្ឆិកា រហូតមក​។ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​ដឹក​ខ្សាច់​របស់​អ្នកស្រី អេង សុខ​ហ្គិ​ច ឈប់​បើកបរ​លើផ្លូវ​លំ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​តទៅទៀត ព្រោះ​ក្រុមហ៊ុន​នេះ​គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នកភូមិ និង​សិស្សសាលា​គួរ​ឲ្យ​ព្រួយបារម្ភ​។ ជាងនេះទៅទៀត​តំណាង​ប្រជាពលរដ្ឋ​ភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី បាន​អះអាងថា​ពួកគាត់​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ជា​លើក​ទី​២ ព្រោះ​ការ​ពី​ខែកក្កដា ឆ្នាំ​២០១៤ ពួកគាត់​ធ្លាប់​តវ៉ា​ម្ដង​រួចមកហើយ រហូត​ពេលនេះ​ក្រុមហ៊ុន​នៅតែ​បង្ក​ផលប៉ះពាល់​ដល់​ពួកគាត់​ដដែល​៕

10លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប 66