ស្វាយ វណ្ណា មេ​កងរាជអាវុធហត្ថ​ប្រចាំ​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា សប្បាយ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកឈើ​

​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក ហើយ​សកម្មភាព​ដឹកឈើ​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ព្រោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។ ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល​មួយចំនួន​បាន​ឲ្យ​ដឹងថា លោក ស្វាយ វណ្ណា មេ​កងរាជអាវុធហត្ថ​ប្រចាំ​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ មន្ត្រី​អាជ្ញាធរ​ស្រុក​កែវ​សីមា និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​នេះ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ដូចគ្នា​ផងដែរ​។

​ប្រភពពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគេ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​កាមរី​ស្វិត​ត្រូវ​បង់​៤០​ដុល្លារ ហើយ​បើ​រដឹក​តាម​រថយន្ត​ឡង់​គ្រី​ស័​រ​និង​ហាយ​ឡេ​ន​ឌ័​រ​ជាដើម​ត្រូវ​បង់​១០០​ដុល្លារ​ឲ្យ​លោក ស្វាយ វណ្ណា មេ​កងរាជអាវុធហត្ថ​ប្រចាំ​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា​។ ជាមួយគ្នានេះ​លោក មាគ វុ​ឌ្ឍី ប្រធាន​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ក៏​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ផងដែរ​។ ដូច្នេះ​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី គួរ​ចាត់វិធានការ​ពិនិត្យមើល​ជាបន្ទាន់ ព្រោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា នៅតែ​កើតឡើង​យ៉ាង​រាលដាល​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ទៅ​ប្រជុំជន​មុខ​ផ្សារ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី តាមផ្លូវ​ជាតិ​លេខ​៧៦ បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​ខុសច្បាប់​ទាំង​តូច​ទាំង​ធំ​បើកបរ​ក្នុង​ល្បឿន​លឿនៗ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​បន្តបន្ទាប់​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រី​បរិស្ថាន​ជាដើម សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ទទួល​សំណូក​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ជាពិសេស​គឺ​លោក ស្វាយ វណ្ណា តែម្ដង​។ ហេតុនេះ​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ស្វាយ វណ្ណា មេ​កងរាជអាវុធហត្ថ​ប្រចាំ​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ជាបន្ទាន់​ព្រោះ​មន្ត្រី​រូបនេះ​កំពុង​ប្រើប្រាស់​តួនាទី​ប្រមូល​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​៕

W@t-031124 W@t-031125