អាជ្ញាធរ​ជាតិ​អប្សរា​នឹង​សាងសង់​រោង​ឆ្មាំ​ចំនួន២​ខ្នងបន្ថែម​ទៀតនៅ​លើ​ខ្នងភ្នំ​គូលែន ​

ខេត្តសៀមរាប​ ៖​ ភ្នំ​គូលែន គឺជា​រមណីយដ្ឋាន​វប្បធម៌ប្រវត្តិសាស្ត្រ និង​ធម្មជាតិដែល​កំពុង​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ទេសចរ​ជាតិ​ និង​អន្តរជាតិ​។ ទន្ទឹម​នឹង​នេះដើម្បី​បញ្ចៀស​នូវ​ផលប៉ះពាល់​ជា​អតិបរមា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំងចំពោះ​ការ​អភិរក្ស​ប្រាសាទ​បុរាណ​នានា​ដែល​មាននៅ​លើ​រមណីយដ្ឋាន​ភ្នំ​គូលែន​នេះ ធ្វើ​យ៉ាងណា​ឱ្យ​ការ​អភិរក្ស​ និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

ជាក់ស្តែង​កាល​ពីថ្ងៃ​ទី០៣ ​​វិ​ចិ្ឆ​កា ​២០១៥ លោក ឈាន រ​ដ្ឋា ប្រធាន​នាយកដ្ឋាន​ស្តីទីរបស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរនៃ​អាជ្ញាធរ​ជាតិ​អប្សរាបាន​ដឹកនាំ​មន្ត្រីបុគ្គលិក​ក្រោម​ឱវាទ​ទៅ​សិក្សា​រក​ទីតាំង​ចំនួន០២​កន្លែង ដើម្បី​ធ្វើការ​សាងសង់​រោង​ឆ្មាំ​ចំនួន០២​ខ្នងបន្ថែម​ទៀតនៅ​លើ​ភ្នំ​គូលែនសម្រាប់​ឱ្យ​បុគ្គលិក​បច្ចេកទេស​ និង​ភ្នាក់ងារ​អភិរក្ស​ប្រាសាទ​បំពេញការងារក៏​ដូច​ជា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​របស់​កិច្ចប្រជុំ ICC អង្គរ លើក​ទី២៤ កាល​ពីថ្ងៃ​ទី​៤ និង​ទី៥ ​មិថុនា​ ២០១៥​កន្លង​ទៅ​។

​លោក​បាន​បញ្ជាក់​ថា ជា​លទ្ធផល​ក្រុមការងារ​រកបាន​ទីតាំង​ចំនួន២​ក​នែ្ល​ង ដែល​មាន​លក្ខខណ្ឌ​សម​ស្រប​អាច​សាងសង់​រោង​ឆ្មាំ​ទាំង២​ខ្នងបាន គឺ​នៅ​តំបន់​ការពារ​ប្រាសាទរោង​ចិន និងនៅ​តំបន់​ការពារ​ស្រះ​ដំរី​ផង​ដែរ៕
        ​