ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២នាក់ដែល​លួច​ចូល​មក​កាត់ឈើ​នៅ​ស្រុក​ស្នួល

ខេត្តក្រចេះ ​៖ នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ពីរ​នាក់​ដែល​បានលួច​ចូល​មក​អារឈើ​ខុសច្បាប់​នៅ​ក្នុង​ទឹកដី​ស្រុក​ស្នួល តែ​ត្រូវ​បាន​នគរបាល​ស្រុក​ចាប់ឃាត់​បាន​នោះ នឹង​​ត្រូវ​បញ្ជូន​ខ្លួន​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដើម្បី​បន្ត​និ​តិ​វិធី​នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា​ នេះ​។

លោក​ចាន់ សុ​គី​ម អធិការ​នគរបាល​ស្រុក​ស្នួលបាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួនបុរស​ជនជាតិ​វៀតណាម​ទាំង​ពីរ​នាក់​នេះធ្វើ​ឡើង​ក្រោយ​ពី​ពួក​គេ​បាន​លួច​ចូល​មក​ទឹកដីប្រទេស​កម្ពុជា និង​លួច​កាត់​អារឈើ​ខុសច្បាប់នៅ​ចំណុច​អូរ​គគី ភូមិសាស្ត្រ ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ។

លោក​វរសេនីយ៍ទោ ចាន់ សុ​គី​ម បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ជនជាតិ​វៀតណាមទាំង​ពីរ​នាក់​នេះត្រូវ​នគរបាល​ស្រុក​ចាប់​ឃាត់ខ្លួន​បាន​នៅ​ល្ងាច​ថ្ងៃ​ទី​៤ ​វិច្ឆិកា នៅ​ពេលដែល​ពួក​គេ​កំពុង​តែ​កាត់​អារឈើ​ខុសច្បាប់​នៅ​ចំណុច​ព្រៃ​ខាងលើក្បែរ​​​ព្រំដែន ។

ក្នុង​ការចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំង​ពីរ​នាក់​នេះ នគរបាល​ក៏​បាន​ដកហូត​​​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ២​គ្រឿង និង​ម៉ូតូ​២​គ្រឿង ។

នគរបាល​ស្រុក​ស្នួល បាន​បញ្ជាក់​អត្តសញ្ញាណ​បុរស​ជនជាតិ​វៀតណាមទាំង២មាន​ឈ្មោះ ឡេ វាំង​អាំ អាយុ​45​ឆ្នាំ និង​ឈ្មោះ​យឿ​ង វ៉ា​យ​អាំង អាយុ​47​ឆ្នាំ ​។ ពួក​គេ​រស់នៅ​ស្រុក​បូ​ដូ​ប ខេត្ត​ប៊ិ​ញ​ភឿ​ក ប្រទេស​វៀតណាម​៕