ចេញពី​គុក​​​​បាន​ជាង​១​ខែ​មិន​រាងចាល​លួច​ម៉ូតូ​ទៀត​​ ប៉ូលិស​​ចាប់​​ចូល​​គុក​វិញ

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​​នគរបាល​ព្រហ្ម​ទ​ណ្ឌក្រុង​កំពង់ឆ្នាំង ​ក​សាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី៥ ​វិច្ឆិកា ​​២០១៥ ដោយ​បាន​ចោទប្រកាន់ពី​បទ​លួច​ម៉ូតូគេ​មួយ​គ្រឿង ដែល​បាន​ប្រព្រឹត្ត​​កាលពី​វេលា​ម៉ោង១១​និង​២០​នាទីព្រឹក​ថ្ងៃ​៤​ វិច្ឆិកា ​២០១៥ នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

លោក ម៉ា យន្ត នាយ​ផ្នែកនគរបាល​ព្រហ្ម​ទណ្ឌក្រុង​កំពង់ឆ្នាំង​ បាន​ឱ្យ​​ដឹង​ថា ជនសង្ស័យ​ ឈ្មោះ សុខ សយ ហៅ​ឡឹ​ង អាយុ​២៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់ ឃុំ​ដា ស្រុក​កំពង់លែង ។ ជន​សង្ស័យរូប​នេះ​ជា​មុខសញ្ញា​ចាស់ទើប​តែ​​ចេញពី​ព​ន្ឋ​នាគារ​បាន​ជាង​១​ខែ ពី​បទ​លួច​ម៉ូតូ​នេះ​ដែរ ។

​លោក​នាយ​ផ្នែក បាន​បន្ត​ថា មុន​ពេលកើតហេតុ ម្ចាស់​ម៉ូតូ​ ឈ្មោះ ឈិ​ត វណ្ណៈ អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង បាន​ទុក​ម៉ូតូ​ម៉ាក​គ្លី​ក ពណ៌​ខៀវ​លាយ​ស ពាក់​ស្លាក​លេខភ្នំពេញ 1X.7673 នៅ​ចំណុច​មុខ​យានដ្ឋានជួសជុលរថយន្តក្បែ​រផ្ទះ​របស់​ខ្លួន ​ស្រាប់តែ​ពេល​នោះ ជនល្មើស​ខាង​លើ​​​លួច​យក​ម៉ូតូ​ជិះតាម​ផ្លូវជាតិលេខ​៥ ​សំដៅ​ទៅ​ភ្នំពេញ ។​ ប៉ុន្តែ​ពេល​ម្ចាស់​បានដឹង ​ក្រោយ​ពេល​បាត់​ភ្លាម​ៗ ក៏​បាន​ប្តឹង​សមត្ថកិច្ចនគរបាលមូលដ្ឋា​ន ហើយ​សមត្ថកិច្ច​ក៏​​​សហការ​ជាមួយ​​នគរបាល​​ស្រុក​កំពង់ត្រឡាច​ស្ទាក់​ចាប់បាន​នៅ​ចំណុច​សាលា​លេខ​៥ ស្ថិត​ក្នុងស្រុក​កំពង់ត្រឡាច​តែ​ម្តង ​៕ ​