Honda សម្តែង​ការ​សោកស្តាយ​ដែល​ថៃ​មិន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង TPP

ប្រទេស​ថៃ ៖ ស្រប​ពេល​ដែល​ប្រទេស​ថៃ​នៅ​មិន​ទាន់​ក្លាយជា​សមាជិក​ក្នុង​ប្លុក​ពាណិជ្ជកម្ម​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ប្រតិបត្តិ​ករ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Honda Motor Co ដែល​ស្ថិត​នៅ​ប្រទេស​ថៃ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​តំបន់​អាស៊ី និង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។

លោក Noriaki Abe ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជ​ប៉ុ​ន ថ្លែង​ថា ៖ «​ក្រុមហ៊ុន Honda មានការ​សោកស្តាយ​ដែល​ថៃ​មិន​បាន​ចូលរួម​ជាមួយ​កិច្ចព្រមព្រៀង​នេះ ។ ប៉ុន្តែ​ក្រុមហ៊ុនមេ​នៅ​ជប៉ុន​មិន​ដែល​ធ្វេសប្រហែស​ចំពោះ​រោងចក្រ​របស់​ខ្លួន​នៅ​ដែនដី​ថៃ​ឡើយ​» ។

លោក​បន្ត​ថា ៖ «​ក្រុមហ៊ុន​បាន​វិនិយោគ​ក្នុង​ប្រទេស​នេះ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​ហើយ​ដែល​គ្របដណ្តប់​លើ​ផលិតកម្ម​ទោចក្រយានយន្ត រថយន្ត និង​គ្រឿងបន្លាស់​រថយន្ត រាប់​ទាំង​ការ​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ដែល​មិន​ត្រឹមតែ​សម្រាប់​ការ​ដាក់​លក់​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នាំ​ចេញ​ទៅ​បរទេស​ទៀត​ផង ។ ប្រតិបត្តិការ​នៅ​ថៃ ជា​តំណាង​ឲ្យ​ទំហំ​ការ​នាំ​ចេញ​ច្រើន​ជាងគេ​បំផុត​ថ្នាក់​មូលដ្ឋាន​របស់ Honda ដែល​រាប់​បញ្ចូល​ទាំង​ជប៉ុន​ផង​ដែរ​» ។

Asian Honda Motor រំពឹង​ថា ការ​នាំ​ចេញ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ផលិតផល​របស់​ខ្លួន​អាច​កើនឡើង​៥% ឬ​ស្មើនឹង​១៦៣​ប៊ី​លាន​បាត​ក្នុង​ឆ្នាំ​សារពើពន្ធ​នេះ ដែល​ត្រូវ​បញ្ចប់​នៅ​ខែមីនា​ឆ្នាំ​២០១៦ ។ ចំណែក​ជាង​៥០% នៃ​ទំហំ​ទឹកប្រាក់​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាស៊ី និង​តំបន់​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។ ចំពោះ​ការ​នាំ​ចេញ​ម៉ូតូ ស្មើនឹង​៣១,៥​ប៊ី​លាន​បាត ព្រមទាំង​ផ្នែក​ដែល​នៅ​សេសសល់​បាន​មក​ពី​ការ​នាំ​ចេញ​ម៉ាស៊ីន​របស់ Honda ។

ចំណែក​លោក Takahiro Hachigo ប្រធាន​ស្តីទី​នៃ​ក្រុមហ៊ុន Honda Motor មាន​ប្រសាសន៍​ថា ៖ «​ក្រុមហ៊ុន​របស់​លោក​នឹង​ទទួល​បាន​ឱកាស​ដ៏​ប្រសើរ​បំផុត​ពី​កិច្ចព្រមព្រៀង TPP តាម​រយៈ​ការ​លើកលែង​ពន្ធ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ចំនួន​១១​ទៀត​» ។

លោក​បន្ត​ថា ៖ «TPP ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជំរុញ​ឱកាស​សេដ្ឋកិច្ច​របស់​ជប៉ុន ។ ការ​ខិត​ជិត​មក​ដល់​នៃ​សមាគម​សេដ្ឋកិច្ច​អាស៊ាន ក៏​នឹង​ផ្តល់​នូវ​កាលានុវត្តភាព​សម្រាប់ Honda ផង​ដែរ ដែល​ជួយ​សម្រួល​ដល់​ផលិតកម្ម​ក្នុង​ប្រទេស​ថៃ ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី ហ្វ៊ី​លី​ពី​ន និង​វៀតណាម​។ បណ្តា​ប្រទេស​ភាគច្រើន​ក្នុង​តំបន់​បាន​នាំ​ចូល​ផលិតផល​របស់ Honda ពី​ប្រទេស​ថៃ​» ។

លោក Takahiro Hachigo បង្ហើប​ថា ៖ «​មាន​របាំង​ឧបសគ្គ​ខ្លះ​នឹង​កំណត់​នូវ​ភាព​ប្រកួតប្រជែង​រវាង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ដូច​ជា​ច្បាប់ និង​ពន្ធដារ​ដែល​ចាំបាច់​ត្រូវ​កត់សម្គាល់​តាម​រយៈ​ការ​ចរចា​» ។

ទោះជា​យ៉ាងណា Honda Motor មាន​ក្តី​រំពឹង​ថា ការ​លក់​ម៉ូតូ​នៅ​ទូ​ទាំង​ពិភពលោក នឹង​សម្រេច​បាន​១៨,២​លាន​គ្រឿងក្នុង​ឆ្នាំ​សារពើពន្ធ កើនឡើង​៣,៦% ។ រីឯ​ការ​លក់​រថយន្ត​អាច​នឹង​កើនឡើង​៨% ឬ​ស្មើនឹង​៤,៧២​លាន​គ្រឿង ខណៈ​ផលិតផល​ថាមពល (​ម៉ាស៊ីន​) គួរតែ​កើនឡើង​៦,៣% ឬ​ស្មើនឹង​៦,៣៦​លាន​គ្រឿង ៕