លោក អេង ឃាង មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៣០១ កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​

​រឿងអាស្រូវ​ពុករលួយ​របស់លោក អេង ឃាង មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៣០១ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តតាកែវ កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​លុយ​ឧបត្ថម្ភ​សម្រាប់​នាយទាហាន និង​ពលទាហាន​ក្រោម​ឱវាទ​ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ គួរ​ចាត់វិធានការ​ទៅលើ​មន្ត្រី​ពុករលួយ​ដូច​លោក អេង ឃាង ជាបន្ទាន់​។

​នាយទាហាន​និង​ពលទាហាន​ប្រមាណ​៨០​នាក់ នៅក្នុង​អង្គ​ភាពវរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៣០១ បានដាក់​ពាក្យបណ្ដឹង​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​ពួកគេ និង​សូម​ឲ្យ​ផ្លាស់ប្ដូរ​លោក​ស័ក្ដិ​៥ អេង ឃាង អត្តលេខ​០២៩២២១ ចេញពី​តំណែង​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៣០១ ជាបន្ទាន់​។ នៅក្នុង​ពាក្យបណ្ដឹង​របស់​នាយទាហាន​និង​ពលទាហាន​ប្រមាណ​៨០​នាក់ បាន​ចោទប្រកាន់ថា លោក អេង ឃាង ជា​មេបញ្ជាការ​ពុករលួយ​ស៊ីដាច់​លុយ​ឧបត្ថម្ភ​របស់​កូនចៅ​ក្នុងពេល​បុណ្យទាន​ម្ដងៗ​។ ជាងនេះទៅទៀត​លោក អេង ឃាង មិនចេះ​ធ្វើការ​ងារ​បង្ក​ឲ្យ​មាន​ភាព​អសកម្ម​នៅក្នុង​អង្គភាព ហើយ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​ទៅវិញ​។

នាយទាហាន​និង​ពលទាហាន​ដែល​ស្អប់ខ្ពើម​អំពើពុករលួយរ​ប​ស់លោក អេង ឃាង បាន​ឲ្យ​ដឹងថា ថវិកា​និង​សម្ភារៈ​ដែល​ថ្នាក់លើ​ផ្ដល់​ឲ្យ​កងទ័ព​ក្នុង​រដូវ​បុណ្យទាន ត្រូវបាន​លោក អេង ឃាង មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​៣០១ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ ជាក់ស្ដែង​ថវិកា​អន្តរាគមន៍​៣០​លាន​រៀល ថវិកា​ដែល​កងទ័ព​យួន​ផ្ដល់​ឲ្យ​អង្គភាព​និង​រថយន្ត​មួយគ្រឿង​តម្លៃ​១​ម៉ឺន​ដុល្លារ ដែល​ឧកញ៉ា​ម្នាក់​ផ្ដល់​ឲ្យ ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ត្រូវ​លោក អេង ឃាង ឲ្យ​គេ​យកទៅលក់​និង​ដឹក​យកទៅ​ឲ្យ​ស្រី​កំណាន់​របស់ខ្លួន​ទៅវិញ​។ ជាងនេះទៅទៀត​ការដឹកនាំ​របស់លោក អេង ឃាង បានធ្វើ​ឲ្យ​អង្គភាព​ច្របូកច្របល់ ហើយ​លោក អេង ឃាង តែងតែ​យកឈ្មោះ​ថ្នាក់លើ​ទៅប្រើ​ប្រាស់​ដើម្បី​អំណាច​និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ បញ្ហា​នេះ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​ចាត់​វិធា​នា​ការ​ទៅលើ​មន្ត្រី​ពុករលួយ​ដូចជា លោក អេង ឃាង តាមច្បាប់​ដើម្បី​ព្រមាន​កុំ​ឲ្យ​អ្នក​ដទៃទៀត​យក​គំរូ​តាម​មន្ត្រី​ពុករលួយ​រូបនេះ​៕

ST-032លោក អេង ឃាង មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៣០១