បទ​សម្ភាសន៍​​ ខេម ពី​គម្រោង​ឆ្នាំ​ថ្មី​២០១៦

បទ​សម្ភាសន៍​​ ខេម ពី​គម្រោង​ឆ្នាំ​ថ្មី​២០១៦

ក្នុង​ឱកាស​ឆ្នាំ​ចាស់​ជិត​ដាច់​ចូល​ក្នុង​ឆ្នាំ​ថ្មី​​​២០១៦ តារា​ចម្រៀង​​ប្រចាំ​ផលិត​កម្ម​ថោន ខេម បាន​ផ្តល់​បទ​​សម្ភាសន៍​ទាក់​ទង​នឹង​គម្រោង​​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​បាន​ការ​គាំ​ទ្រ ពី​ទស្សនិក​ជន​​​និង​​បង្ហាញ​ស្ទីល​ថ្មី​ប្លែកៗ​​ គួប​ផ្សំ​ជាមួយ​នឹង​បទ​ពិសោធន៍​ឆ្នាំ​ចាស់​កន្លង​ទៅ​ផង​ដែរ​។

 

ខាង​ក្រោម​នេះ​ជា​កិច្ច​សម្ភាសន៍​រវាងក្រុមការងារ​ Sabay ជាមួយ​នឹង ខេម ៖

 

Sabay៖ ជម្រាប​សួរ​បង…កុំ​អោយ​ខាត​ពេល​យូរ ​សុំ​ចូល​សាច់​រឿង​តែ​ម្ដង…ដោយសារ​តែ​ឆ្នាំ​ថ្មី​ជិត​ចូល​មក​ដល់​​​ហើយ ​ជឿ​ថា​សិល្បករ​ដូច​ជា​បង ប្រាកដ​ជា​​មាន​គម្រោងខ្លះ​ៗ អីចឹង​សុំ​សួរ​ថា តើ​បង​មាន​គម្រោង​អ្វី​ខ្លះ​ទេ​ជុំវិញ​ការងារ​សិល្បៈ​នា​ឆ្នាំ​ថ្មី​នេះ?

 

ខេម៖ សម្រាប់​បងជា​តារា​ចម្រៀង​ ដូចជា​មិន​មាន​អ្វី​ច្រើន​ទេ ​ក្រៅ​ពី​បទ​ចម្រៀង​ថ្មីៗ​ ស្ទីល​ថ្មី​ប្លែក តែ​ប៉ុណ្ណឹង​។ ណាមួយ​គឺ​តម្រូវ​ទៅ​តាម​ ប្រភេទ​នៃ​បទ​ចម្រៀង​ដែរ​អូន និយាយទៅ​​បង​មាន​ស្ទីល​របស់​បង​ដែរ​ បើ​សិន​ជា​បទ​ហ្នឹង​សុភាព​ជា​កូន​អ្នក​ស្រុក​ស្រែ​ចម្ការ​ខ្ញុំ​ក៏​លេង​ខ្លួន​ទៅ​តាម​ហ្នឹង។

 

Sabay៖ អ៊ីចឹង…ក្រៅ​ពី​ការលេង​ស្ទីល​ប្លែកៗ តើ​ខាង​បង​ឬ​ក៏​ក្រុម​ហ៊ុន​មាន​យុទ្ធសាស្រ្ត​បែប​ម៉េច​ទៀត​​ដើម្បី​ត្រៀម​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ខាង​មុខ​​?

 

ខេម៖ យុទ្ធ​សាស្រ្ត​យ៉ាងណា​នោះ​ខាង​បង​និង​ផលិត​កម្ម​កំពុងតែ​ត្រៀម​រួច​រាល់​ហើយ​ ប៉ុន្តែ​ឲ្យ​ប​ង​សុំ​ទោស ត្រង់​កន្លែង​ហ្នឹង​បង​មិន​អាច​ប្រាប់​ទេ ព្រោះ​នេះ​ជា​គោល​ការណ៍​របស់​ក្រុម​ហ៊ុន។

 


បទ​សម្ភាសន៍​​ ខេម ពី​គម្រោង​ឆ្នាំ​ថ្មី​២០១៦

 

ខេម ក្នុង​ឈុត​សម្តែង​បទ​ ជីវិត​ក្មេង​ពាល​ កន្លង​ទៅ

 

Sabay៖ បង​អាច​ប្រាប់​ពី​ស្ទីល​​​របស់​បង​ លើក​ឡើង​​ខាង​លើ​ហ្នឹង​បាន​ទេ ថា​របៀប​យ៉ាង​ម៉េច​វិញ?

 

ខេម៖ បង​មាន​ស្ទីល​ប្រចាំ​ខ្លួន​បង​នោះ​គឺ​ កាល​បង​ចូល​សិល្បៈ​ដំបូង​ភាគ​ច្រើន​បទ​ចម្រៀង​បង​ជា​របៀប​អ្នក​ស្រុក​ស្រែ​ចម្ការ ចឹង​បង​តែង​តែ​យក​ក្រម៉ា​ចង​ក្បាល បន្ទាប់​មក​បង​ទុក​សក់​វែង​វិញ​ម្តង ប៉ុន្តែ​ក្រោយ​មក​បង​កាត់​ខ្លី​វិញ​ ព្រោះ​ប្រិយ​មិត្ត​មួយ​ចំនួន​គាត់​អត់​ចូល​ចិត្ត​សក់​វែង។ បង​ក៏​បាន​ប្តូរ​ទៅ​តាម​មតិ​ភាគ​ច្រើន​របស់​ទស្សនិកជន​ ដូច្នេះ​បង​បាន​កាត់​ខ្លី​តែ​ម្តង​ទៅ។

 

Sabay៖ តើ​បង​គិត​ថា​ការ​ផ្លាស់​ប្តូរ​ ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ នឹង​មាន​ការ​ទទួល​ស្គាល់ ​និង​គាំ​ទ្រ​ពី​ទស្សនិកជន​ដែរ​ទេ? មួយ​ទៀត​ឃើញ​ថា​ក្នុង​ឆ្នាំ​២០១០ ជា​ឆ្នាំ​ដែល​កេរ្តិ៍​ឈ្មោះ​បង ស្ទុះ​ខ្លាំង​ ហើយ​ប្រិយ​មិត្ត​ស្គាល់​លោក​តាម​រយៈ​បទ ​”​បេះដូង​អើយ” តើ​ចន្លោះ​ឆ្នាំ​ហ្នឹង​មាន​ការ​ប្រែ​ប្រួល​បែប​យ៉ាង​ណា​ខ្លះ?

 

ខេម៖ ចំពោះ​ការ​គាំទ្រ ខ្ញុំ​នៅ​តែ​សង្ឃឹម​ទៅ​លើ​ទស្សនិកជន​ ព្រោះ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ខាង​ផលិតកម្ម​រួម​ទាំង​រូប​ខ្ញុំ​នឹង​ត្រៀម​អ្វី​ៗ​ប្លែក​ដើម្បី​កំដរ​អារម្មណ៍​បងប្អូន​ប្រិយ​មិត្ត។ ហើយ​តាំង​ពី​ឆ្នាំ​២០១០-១០១៥​នេះ​រឿង​ប្រែ​ប្រួល​ក៏​ខ្លាំង​ ខុស​គ្នា​​ក៏​ខ្លាំង​ ណាស់​អូន​ ព្រោះ​ពីមុន​បង​គ្មាន​អ្វី​សោះ​ ទៅ​ណា​មក​ណា​គ្មាន​អ្នក​ស្គាល់​ គ្មាន​អ្នក​ចាប់​អារម្មណ៍​ ដល់​ឥឡូវ​ខុស​គ្នា​ដាច់​ស្រលះ​ ព្រោះ​បង​អាច​មាន​លទ្ធភាព​មាន​ផ្ទះ​នៅ មាន​ឡាន​ជិះ មាន​លុយ​ចាយ​ មិន​ដូច​ពី​មុនទេ។

 

​Sabay៖ តើ​បង អាច​ប្រៀប​ធៀប​បាន​ទេ រយៈពេល​នៃ​ការ​ប្រែ​ប្រួល​នេះ​​បាន​ផ្លាស់​ប្តូរ​ជីវភាព​បែប​ណា?

 

ខេម៖ និយាយ​រួម​ទៅ​តាំង​ពី​ខ្ញុំ​ចូល​ក្នុង​ផលិតកម្ម​ថោន គឺ​ជា​ពេល​វេលា​មួយ​បាន​ផ្លាស់​ប្តូរ​វាសនា​ខ្ញុំ​ ​មិន​តែ​ប៉ុណ្ណោះ​ មាន​ទស្សនិកជន​ជា​ច្រើន​ ស្រលាញ់​ចូល​ចិត្ត​រាប់​អាន​ខ្ញុំ​ឲ្យ​តម្លៃ​ខ្ញុំ​ក្នុង​នាម​ជា​តារា​ចម្រៀង​​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា​។​ ជាពិសេស ​ខាង​ផលិត​កម្ម​ បាន​ជួយ​យឺត​យោង​បង​ច្រើន​ណាស់​ជួយ​ឲ្យ​បង​មាន​មុខ​មាន​មាត់​ មាន​គេ​ស្គាល់​ច្រើន​ ប៉ុន្តែ​ក៏​មើល​ទៅ​លើ​សមត្ថភាព​ផង​ដែរ មិន​មែន​ខាង​ពួក​គាត់​ចេះ​តែ​ផ្ដល់​បទ​ចម្រៀង​ឲ្យ​ខ្ញុំ​ច្រៀង​នោះ​ទេ គឺ​ពួក​បង​តែង​ពិភាក្សា​គ្នា​ថា​សំឡេង​បង​ត្រូវ​នឹង​បទ​អ្វី​ដែរ។​​

 

បទ​សម្ភាសន៍​​ ខេម ពី​គម្រោង​ឆ្នាំ​ថ្មី​២០១៦

 

(ខេម ក្នុង​ឈុត​សម្តែង​បទ​ ជីវិត​ក្មេង​ពាល​ កន្លង​ទៅ)

 

Sabay៖ បើ​និយាយ​អីចឹង តើ​កាល​មុន​ចូល​សិល្បៈ​ បង​ មាន​ដែល​គិត​ថា​ខ្លួន​ឯង​នឹង​ដើរ​មក​ដល់​ចំណុច​នេះ​?​

 

ខេម៖ មិន​ដែល​ទេ​អូន កាល​នោះ​ ពេល​ដែល​បង​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង​ទៅ​ប្រៀប​​ដូច​មេឃ​និង​ដី​អីចឹង​អូន​ បង​មិន​គិត​ថា​ជីវិត​បង​នឹង​ប្រែប្រួល​មក​ដល់​ចំនុច​នេះ​ទេ។ ប៉ុន្តែ​បើ​និយាយ​ពី​រឿង​ដែល​បង​ឡើង​មក​ប្រលង​ចម្រៀង​នៅ​ភ្នំពេញ​បង​បាន​ប្តេជ្ញា​ថា ​នឹង​ធ្វើ​ជា​តារា​ល្បី​មួយ​​រូប​ដែល​​មាន​ទស្សនិកជន​ស្គាល់​ ឥឡូវ​បង​បាន​ប៉ុណ្ណេះ​បង​សប្បាយ​ចិត្ត​ណាស់​ទៅ​ហើយ​។

 

Sabay៖ ចន្លោះ​ពេល​នៃ​ការ​រីក​ចម្រើន​​ចាប់​ពី​ឆ្នាំ​២០១០-២០១៥ តើ​បង ​មាន​តិចនិក​ និង​រៀន​សូត្រ​ពី​នរណា​​​ដែរ​?

 

ខេម៖ ភាគ​ច្រើនបងរៀន​សូត្រ​ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន​​ និង​ជា​ពិសេស​តាម​បណ្ដា​អ្នក​នៅ​ក្រៅ​ស្រុក​ ព្រោះ​ពួក​គេ​ជឿន​លឿន​​ជាង​យើង ដូច្នេះ​យើង​ត្រូវ​រៀន​សិក្សា​ពី​អ្វី​ដែល​គេ​មាន យក​មក​ច្នៃ​ និង​អភិវឌ្ឍ​ន៍​ខ្លួន​ឲ្យ​បាន​ល្អ​ និង​ទៅ​តាម​កាលៈទេសៈ​ដែរ។ ហើយ​មិន​មែន​បង​​គិត​ថា​អ្នក​នៅ​ក្រៅ​គេ​ល្អ​ជាង​តារា​នៅ​ក្នុង​ស្រុក​នោះ​មិន​មែន​ទេ ឲ្យ​តែ​ចំណុច​ណា​ល្អ​បង​តែង​តែ​រៀន​ពី​គេ ដូចជា​បង ព្រាប សុវត្ថិ បង សិរី​មន្ត​ ជា​ដើម​ក៏​ខ្ញុំ​រៀន​សូត្រ​ពី​ពួកគាត់​ដែរ។

 

Sabay៖ កន្លង​មក​ធ្លាប់​លឺ​ថា បង ចង់​បើក​ហាង​លក់​ខោអាវ​ជជុះ​ទៅ​ថ្ងៃ​មុខ​ តើ​គម្រោង​អាច​នឹង​ឆាប់ៗ​នេះ​ដែរ​ឬ​អត់?

 

ខេម៖ បាទ​ រឿង​គម្រោង​បើ​ហាងខោអាវ​ជជុះ​នោះ​គឺ​ដឹង​តែ​បើ​ក​ហើយ​អូន ព្រោះ​បង​ស្រលាញ់​​របរ​នេះ​យូរ​ហើយ​។ កាល​បង​ចូល​សិល្បៈ​ដំបូង​បង​ស្លៀក​តែ​ខោអាវ​ជជុះ​ទេអូន វា​មាន​តម្លៃ​សមរម្យ​ ហើយ​ស្អាត​ទៀត​។ ដូច្នេះ​ បងបើក​​គម្រោង​ឆាប់ៗ​នេះ​ហើយ​ ថា​បើក​លក់​ខោអាវ​ជជុះ​ បង​គិតថា​អ្នក​ដែល​មាន​ថវិកា​ល្មមៗ​គាត់​អាច​ទិញ​យក​ទៅ​ស្លៀកពាក់​បាន​។ មិន​ថា​តែ​អ្នក​ក្រ ​ឬ​លទ្ធភាព​ល្មម​ៗ​ទេ​អូន បង​ឃើញ​អ្នក​ធំ​ក៏​ទិញ​ខោអាវ​ជជុះ​ស្លៀក​ដែរ សំ​ខាន់​ពេល​ស្លៀក​យក​ទៅ​បោក​អ៊ុត​ឲ្យ​ស្អាត​​ មើល​ទៅ​គ្មាន​អ្នក​ណា​ដឹង​ថា​ជជុះ​ទេ​៕

 

 Sabay៖ ដូច​ចំណាយ​ពេល​យូរ​ដែរ​ហើយ ជា​ចុង​ក្រោយ​នេះ បង​មាន​ពាក្យ​ពេចន៍​អ្វី​ផ្ដាំ​ផ្ញើ​ទៅ​អ្នក​គាំទ្រ​ខ្លះ​ទេ?

 

ខេម៖ បង​មាន​តែ​អរគុណ​បង​ប្អូន​អ្នក​គាំទ្រ​​ទាំង​ឡាយ​ដែល​បាន​ជួយ​គាំទ្រ បើ​មិន​មាន​ជំនួយ​ពី​ពួក​គាត់ ខ្ញុំ​ក៏​មិន​មាន​ថ្ងៃ​នេះ​ដែរ។ ដូច្នេះ​ឆ្នាំ​ថ្មី​នេះ សូម​ពុក​ម៉ែ​បង​ប្អូន រក​ទទួល​ទាន​មាន​បាន សុខ​ភាព​ល្អ សំណាង​ល្អ​ទាំង​អស់​គ្នា។ មួយ​វិញ​ទៀត ​​បង​ក៏​សូម​ផ្តាំ​ផ្ញើ​ទៅ​ប្អូន​ៗ​ជំនាន់​ក្រោយ​​​បើ​ដាក់​ពាក្យ​ប្រឡង​ គួរ​​តែ​ដាក់​គោល​ដៅ​ខ្លួន​ឯង​មួយ​ឲ្យ​ច្បាស់​លាស់​ ហើយ​គួរតែ​ដឹង​ពី​សមត្ថភាព​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​មិនមែន​អ្នក​ដទៃ​បញ្ជោរ ​ថា​ច្រៀង​ពីរោះ​ហើយ​ចេះ​តែ​ទៅ​ប្រឡង​នោះ​ទេ។ សូម​អរគុណ…។

អ៊ុន សិទ្ធា មាន​​ឈុត​ក្ដៅ​សាច់​ជា​មួយ ឌុច លីដា ក្នុង​រឿង​ថ្មី
អត្ថបទ៖ ថា ម៉ាលីដា​​