មន្ត្រី​ជំនាញ​ឆែកឆេរ​ចាប់​សាច់​មាន់​ និង​ប្រហិត​ខូចគុណភាព​ជិត​១០០គីឡូក្រាម​បង្កប់​តាម​រទេះ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សាច់​មាន់ ​និង​ប្រហិត​ខូចគុណភាព​ជិត​100​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ចាប់​បាន​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ កាល​ពីព្រឹក​ថ្ងៃ​ទី៥ ​វិច្ឆិកា ២០១៥​ខណៈ​ឈ្មួញ​លួច​ដឹក​បង្កប់​តាម​រទេះអូស​ចេញពី​ដី​ថៃ​។

លោក​ហុង​ លាង​ អនុប្រធាន​ស្តីទី​សាខា​កាំកុងត្រូល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​សាច់​មាន់​ និង​ប្រហិត​ខូចគុណភាព​ទាំងអស់​ខាងលើ​ គឺ​ឈ្មួញ​ជួល​កម្មករ​ដឹក​បង្កប់​តាម​រទេះ​ចេញពី​ដី​ថៃ​ ហើយដោយ​មើលទៅ​គួរ​ឲ្យ​សង្ស័យ​មន្ត្រី​ជំនាញ​របស់​លោក​បាន​កាក់​ត្រួតពិនិត្យ​ស្រាប់តែ​ប្រទះ​ឃើញ​សាច់​ និង​ប្រហិត​ទាំងនេះ​តែ​ម្តង​។

អនុប្រធាន​ស្តីទី​រូប​នេះ​បន្ត​ថា​ ក្នុង​ហេតុ​ការ​ណ៍ត្រួតពិនិត្យ​នេះ​ទាំង​កម្មករ​អូស​រទេះ​ទាំង​ឈ្មួញ​បាន​គេចខ្លួន​ភ្លាម​ៗ ​ព្រោះ​គេ​ដឹង​ថា​ អាច​ប្រឈម​នឹង​ផ្លូវច្បាប់​។ លោក​ប្រធាន​ស្តីទី​បញ្ជាក់​ថា​ សាច់​ និង​ប្រហិត​ទាំងនេះ​នឹង​យក​ទៅ​ដុត​កម្ទេច​ចោល​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​។

គួរ​បញ្ជាក់​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​៤ ​ខែ​ឆ្នាំ​ដដែល​នេះ​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​ដឹកនាំ​ដោយ​លោក​ស៊ា​ន​ ​ស៊ី​ណាត ​ជា​ប្រធាន​សាខា​បាន​​ដុត​កម្ទេច​ទំនិញ​ខូចគុណភាព ​និង​គ្មាន​ស្លាក​សញ្ញា​ ឬ​កាល​បរិ​ច្ឆេ​ទ​ត្រឹមត្រូវ​ជាង​២​តោន​ផង​ដែរ​ ក្រោយ​ពី​ប្រមូល​ចាប់ពី​តាម​ទីផ្សារ​ក្នុង​ខេត្ត​ និង​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​៕ ​