​​ប៉ូលិស​​ល្បាត​ប៉ុស្តិ៍ផ្សារ​ដើម​ថ្កូវ​ក្របួចជន​សង្ស័យ២នាក់​ឆក់​កាបូប

​រាជ​ធានី​ភ្នំពេញ ៖ ​​ជន​សង្ស័យ២នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ក្របួច​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃទី​៥ វិច្ឆិកា ២០១៥ នេះ​ ​ស្ថិតនៅ​​កែង​ផ្លូវ​លេខ​៤៣០​និង​លេខ​៤៩០ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ។

​មន្ត្រី​ប៉ូលិស​​ប៉ុស្តិ៍​​រដ្ឋ​បាល​ផ្សារ​ដើមថ្កូវ បាន​ឱ្យ​ដឹង​ថា ​​ជន​សង្ស័យ​ទាំង​២នាក់​ខាង​លើ​នេះ ម្នាក់​ឈ្មោះ ហេង ចាន់ណា ​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សម​ ចាន់​តារា ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​។ ​ទាំង​២នាក់​​ មុខ​របរ​​មិន​ពិត​ប្រាកដ ស្នាក់​នៅ​ផ្ទះ​ជួល ​ក្នុង​ភូមិ​ទ្រាល៤ ​​សង្កាត់​ស្ទឹង​មានជ័យ ​ខណ្ឌ​មានជ័យ ជិះ​ម៉ូតូ​​​ម៉ាក​ហុង​ដា ធុនសេ​១២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1M- 5922 មួយគ្រឿង ​ធ្វើ​សកម្មភាព​​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដឹក​​កូន​ទៅ​រៀន​​ ​តែ​មិន​បាន​សម្រេច​ ។

​មន្ត្រី​ប៉ូលិស​ ​បាន​​បន្ត​ថា​ មុន​ពេល​កើត​ហេតុ ​ស្ត្រី​ម្ចាស់កាបូប​​ជិះ​ម៉ូតូ​​មួយគ្រឿង ដឹក​​​​កូន​ទៅ​សាលា​រៀន ​លុះ​មក​ដល់កែង​ផ្លូវ​លេខ​៤៣០​និង​លេខ​៤៩០ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ស្រាប់​តែ​មាន​ជន​២នាក់​ជិះ​ម៉ូតូ​មក​អែប​រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​​ខាង​លើ ​​ភ្លាម​នោះ​​​​ស្ត្រី​ម្ចាស់កាបូប​​ ​ក៏​បាន​​ស្រែក​​ថា «ចោរៗ» បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​​អ្នក​​​ធ្វើ​ដំណើរ​​តាម​​ដងផ្លូវ ​និង​ប៉ូលិស​កំពុង​ល្បាត​ ​ដេញ​តាម​ចាប់​​​បាន​ជន​សង្ស័យ​​ទាំង​២នាក់ រួច​នាំ​គ្នា​ស្វាគមន៍​​មួយ​ដៃ​មួយ​ជើង​​​ម្នាក់​ ។​

ជន​សង្ស័យ​ត្រូវ​បាន​ប៉ូលិស​​ប៉ុស្តិ៍​រដ្ឋ​បាល​​​ផ្សារ​ដើម​ថ្កូវ​នាំ​យក​ទៅ​សួរ​នាំ និង​កសាង​​សំណុំរឿង​បញ្ជូន​ទៅ​​អធិការ​ដ្ឋាន​នគរ​បាល​​ខណ្ឌ​​ចំការ​មន ដើម្បី​ចាត់​ការ​បន្ត ៕​