ជើង​ខ្លាំង​​កម្ពុជា៣​រូប ត្រៀម​វាយ​ក្នុង​ទ្រុង​ជាមួយ​បរទេស​ One FC: Kingdom of Khmer


ជើង​ខ្លាំង​​កម្ពុជា៣​រូប ត្រៀម​វាយ​ក្នុង​ទ្រុង​ជាមួយ​បរទេស​ One FC: Kingdom of Khmer

កីឡាករ-កីឡា​ការិនី​ជើង​ខ្លាំង​ ៣​​រូប​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា នឹង​​ទទួល​អ្នក​ប្រដាល់​យុទ្ធគុន​ចម្រុះ​​ឆ្លង​ដែន​មក​ពី​បរទេស ក្នុង​ព្រឹត្តិការណ៍ KINGDOM OF KHMER របស់​ស្ថាប័ន One Championship នា​ថ្ងៃ​ទី៥ ខែ​ធ្នូ​ខាង​មុខ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ។

 

ជើង​ខ្លាំង​​កម្ពុជា៣​រូប ត្រៀម​វាយ​ក្នុង​ទ្រុង​ជាមួយ​បរទេស​ One FC: Kingdom of Khmer

 

កីឡាករ​ដែល​ធ្លាប់​រង​​បរាជ័យ​​យ៉ាង​ប្រផុតប្រផើយ​លើ​សង្វៀន One FC កាល​ពី​ឆ្នាំ​មុន ចាន់ ហេង នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​ថ្មី​នា​ថ្ងៃ​ទី៥ ខែ​ធ្នូ​ខាង​មុខ ដោយ​ទទួល​កីឡាករ​ជើង​ខ្លាំង Mario Satya Wirawan មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី។ ចាន់ហេង នឹង​ប្រឹង​ប្រែង​ស្ដារ​មុខ​មាត់​ឡើង​វិញ ក្នុង​ការ​ប្រកួត​នៅ​កោះ​ពេជ្រ​លើក​នេះ។ ចំណែក​កីឡាករ Wirawan ក្នុង​នាម​ជា​អ្នក​ប្រយុទ្ធ​ជើង​ថ្មី​នៃ​យុទ្ធ​គុន​ចម្រុះ នឹង​សម្លឹង​រក​ជ័យ​ជម្នះ​ជា​លើក​ទី​១​ នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​កីឡាករ ​ចាន់ ហេង របស់​កម្ពុជា​។

 

កីឡាករ មាស ម៉ើ ដែល​ធ្លាប់​ទទួល​ជ័យ​ជម្នះ ២​លើក​ក្នុង​កម្មវិធី One Championship នឹង​ត្រូវ​បង្ហាញ​ខ្លួន​ម្ដង​ទៀត​លើក​នេះ ដោយ​ទទួល​ជើង​ខ្លាំង​មក​ពី​ម៉ាឡេស៊ី Chan Som Art។ កីឡាករ​កម្ពុជា​រូប​នេះ មាន​សង្ឃឹម​ឈ្នះ​ច្រើន ព្រោះ​មាន​ស្នៀត​ក្លេ​យ៉ាង​អស្ចារ្យ ដែល​ធ្លាប់​បំបាក់​កីឡាករ​រួម​ជាតិ ចាន់ ហេង ឲ្យ​ចុះ​ចាញ់ ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ទី១។

 

កីឡា​ការិនី​ប្រដាល់​ពហុ​ជំនាញ សំ ថារ័ត្ន នឹង​ទទួល​ជើង​ខ្លាំង​មក​ពី​ប្រទេស​ឥណ្ឌា Jeet Toshi។ សំ ថារ័ត្ន មិន​មែន​ជា​កីឡា​ការិនី​ថ្មី​ក្នុង​សង្វៀន​ដាក់​ទ្រុង One FC ឡើយ។ កីឡា​ការិនី​ម្ចាស់​មេដាយ​ប្រាក់​ពិភពលោក​ផ្នែក​សម្ដែង​ក្បាច់​គុន​ល្បុក្កតោ​រូប​នេះ ធ្លាប់​វាយ​បាន ៣​លើក ឈ្នះ២ និង​ចាញ់ ១។ ចំណែក​កីឡា​ការិនី​ឥណ្ឌា ក៏​ពោរពេញ​ដោយ​បទ​ពិសោធន៍​ក្នុង​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​នេះ​ដូច​គ្នា។

 

ក្រៅ​ពី​គូ​អន្តរជាតិ​រវាង​កម្ពុជា និង​បរទេស​ពីរ​គូ​នេះ ក៏​មាន​ការ​ប្រកួត ៤​គូ​ផ្សេង​ទៀត។ កីឡាករ​មក​​ពី​សហរដ្ឋអាមេរិក Lowen Tynanes ត្រូវ​ជួប​ជាមួយ​កីឡាករ​រុស្ស៊ី Rasul Yakhyaev ក្នុង​កម្រិត​គូ​ឯក។ ជើង​ខ្លាំង​មក​ពី​ជប៉ុន Riku Shibuya នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​មក​ពី​ប្រទេស​ថៃ anatpong bunrad។ ចំណែក​គូ​ប្រកួត​ក្នុង​ស្រុក ២​គូ​ទៀត​មាន កីឡាករ សំអាង ឌុន ជួប​ជាមួយ​កីឡាករ ចាន់ រតនា ឯ​កីឡា​ការិនី អេ យ៉ានុត ប្រកួត​ជា​មួយ​កីឡា​ការិនី វី ស្រីឆៃ។

 

នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​មិញ លោក Victor Cui នាយក​ប្រតិបត្តិ​របស់ One Championship បាន​និយាយ​ថា ស្ថាប័ន​របស់​ខ្លួន​នឹង​បន្ត​សកម្មភាព​រៀប​ចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ព្រឹត្តិការណ៍​លើក​ទី១ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ជោគ​ជ័យ និង​មាន​អ្នក​គាំទ្រ​ដ៏​ច្រើន​កុះ​ករ ហើយ​សង្ឃឹម​ថា​លើក​ទី២ បាន​ទទួល​ជោគជ័យ​ដូច​គ្នា៕

 

ជើង​ខ្លាំង​​កម្ពុជា៣​រូប ត្រៀម​វាយ​ក្នុង​ទ្រុង​ជាមួយ​បរទេស​ One FC: Kingdom of Khmer
លោក Victor Cui នាយក​ប្រតិបត្តិ​របស់ One Championship

 

ជើង​ខ្លាំង​​កម្ពុជា៣​រូប ត្រៀម​វាយ​ក្នុង​ទ្រុង​ជាមួយ​បរទេស​ One FC: Kingdom of Khmer

 

ជើង​ខ្លាំង​​កម្ពុជា៣​រូប ត្រៀម​វាយ​ក្នុង​ទ្រុង​ជាមួយ​បរទេស​ One FC: Kingdom of Khmer

 

អត្ថបទ៖ គង់ វិសាល