បុរសគ ថ្លង់ បាត់ពីផ្ទះ១ថ្ងៃ ប្រទះឃើញ​ស្លាប់អណ្តែត​ទឹកអូរ

ខេត្តក្រចេះ ៖ បុរស​ម្នាក់​ដែល​ប៉ូលិស​ថា ជា​មនុស្ស​គ​ថ្លង់ បាន​បាត់​ចេញពីផ្ទះ​មួយ​ថ្ងៃ ក៏​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹកអូរ​មួយ​កន្លែង ស្ថិត​នៅ​ស្រុក​សំបូរ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ វិច្ឆិកា ក្នុង​សភាព​គ្មាន​ខោអាវ ។

បុរស​រង​គ្រោះ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក​ព្រែក ក្នុងភូមិ​ចារ​ថ្នោល ឃុំ​សំបូរ ស្រុក​សំបូរ មានឈ្មោះ​ចាន់ សា​រ៉េ​ត អាយុ​៣២​ឆ្នាំ  និង​ត្រូវ​គេ​ស្គាល់​ថា ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី គ ថ្លង់ ។

លោក​ឈិ​ន សំបូរ អធិការ​ង​ស្រុក​សំបូរ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​មានការ​ប្រទះ​ឃើញ​សាកសព​ស្លាប់​អណ្តែត​ទឹក​ព្រែក នគរបាល​ជំនាញ​​បច្ចេកទេស​ស្រុក បាន​ចុះ​ទៅ​ពិនិត្យ​រក​មើល​មូលហេតុ​លើ​សាកសព ។

លោក​អនុសេនីយ៍ឯក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​មានការ​ចុះ​ពិនិត្យ​ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក មិន​ពាក់ព័ន្ធ​ទៅ​និង​ករណី​អ្វី​ផ្សេង​ឡើយ ។ លោក​សន្និដ្ឋាន​ថា ទំនង​ជន​រង​គ្រោះ​ស្រវឹងស្រា និង​បាន​ចុះ​ទៅ​ងូតទឹក ទើប​បណ្តាល​ឱ្យ​លង់​ស្លាប់​បែប
នេះ​។