គ.ជ.ប៖ ១៥ថ្ងៃ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នាត​សាក​ល្បង តាម​ប្រព័ន្ធ​កុំព្យូទ័រ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងរៀបចំធ្វើការងារសាកល្បង (ចុះ​ឈ្មោះ​បោះឆ្នោត) ជា​លើក​ដំបូង​របស់ខ្លួន តាមប្រព័ន្ធកុំព្យូទ័រ សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយយក​២៥ឃុំ-​សង្កាត់ ជា​គោលដៅ​សម្រាប់​ថ្ងៃទី១ ខែ​វិច្ឆិកា។
គ.ជ.ប៖ ១៥ថ្ងៃ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នាត​សាក​ល្បង តាម​ប្រព័ន្ធ​កុំព្យូទ័រ
ការចុះឈ្មោះបោះឆ្នោតសាកល្បង ក្នុងថ្ងៃទីមួយ នៅសង្កាត់ផ្សារដើមថ្កូវ សម្រាប់រាជធានីភ្នំពេញ។ (រូបថត monoROOM.info/ S. Tith)

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងមកនេះ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានលើកឡើងថា គ.ជ.ប បានកំណត់រយៈពេល ត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះ សម្រាប់ធ្វើការចុះឈ្មោះសាកល្បង តាមប្រព័ន្ធកុំព្យូទ័រ ជាលើកដំបូងនេះ។ ហើយវាជា «ទិន្នន័យ» យ៉ាងសុក្រឹតមួយ នៃបញ្ជីឈ្មោះសាកល្បង ដោយ​គ្មានអ្នកណាម្នាក់ អាចលួចបន្លំ ឬលួចកែបានឡើយ។

ដោយចាប់រាប់ ពីថ្ងៃទី១ ខែវិច្ឆិកា រយៈពេលសាកល្បង១៥ថ្ងៃ នៃការចុះឈ្មោះ តាមបែបបច្ចេកវិទ្យាទំនើបនេះ ទាំងលោក លោក ស៊ិក ប៊ុនហុក ប្រធាន និងលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប សុទ្ធតែបានអះអាង​ដូច​គ្នាថា ការបោះឆ្នោតតាមប្រព័ន្ធទំនើបនេះ វានឹងកាត់បន្ថយ នូវភាពចម្រូងចម្រាស សម្រាប់ការបោះឆ្នោត អាណត្តិ​ក្រោយៗទៀត ហើយអាចប្រើប្រាស់វា ជាគោលការណ៍គ្រឹះ។

ស្ថិតក្រោមកំដៅថ្ងៃ ដោយមានអង្គរក្សបាំងឆ័ត្រផងនោះ ប្រធាន គ.ជ.ប លោក ស៊ឹក ប៊ុនហុក បានថ្លែងថា ការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់នេះ គ្រាន់តែជាការសាកល្បង និងជំហានដំបូង ដើម្បីធ្វើការ​ពិនិត្យ និងផ្ទៀងផ្ទាត់ សម្រាប់ការបោះឆ្នោតតំណាងរាស្រ្ត ឆ្នាំ២០១៨។ លោកបានថ្លែងថា៖ «មួយដំណាក់​កាលៗ ប្រជាពលរដ្ឋមានការប្រែប្រួល។ ទាំងអ្នកដល់អាយុ ឬផ្លាស់ប្តូរទីលំនៅ... មិនប្រាកដថា បញ្ជីនេះធ្វើ​តែម្តង ប្រើបានច្រើននោះទេ ព្រោះប្រជាពលរដ្ឋយើង វាមានចលនា។»

សូមស្តាប់ និងទស្សនានៃកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មានដូចខាងក្រោម៖

រយៈពេលនៃការចុះឈ្មោះនេះ នឹងបញ្ចប់នូវទូទាំងប្រទេស (២៥ខេត្ត-ក្រុង) ក្នុងរយៈពេល ត្រឹមតែ១៥ថ្ងៃ​ប៉ុណ្ណោះ។ អនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន បានថ្លែងថា តាមផលវិបាក ដែលមានស្រាប់ជាង​៤​អាណត្តិមកនេះ ការចុះឈ្មោះបោះឆ្នោត នឹងត្រូវបញ្ចប់ បន្ទាប់ពីមានការបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ នៃ​ប្រព័ន្ធទំនើបមួយនេះ។ លោកបន្តថា ហើយវាមុខនឹងលុបបំបាត់ នូវអ្នកដែលលួចបោះឆ្នោតជំនួស និងក៏​អាច​លុបបំបាត់ នូវឈ្មោះស្ទួនជាដើម បានទាំងស្រុង ជាមួយនឹងសុក្រឹតភាព នៃការបម្រើឲ្យការបោះឆ្នោត ជ្រើស​រើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ តែវាក៏មិនរាប់បញ្ចូល ទៅក្នុងបញ្ជីឈ្មោះជាផ្លូវការដែរ។ វាធ្វើឡើង ដើម្បីតែ​ជាការសាកល្បង ទៅលើប្រព័ន្ធបោះឆ្នោត មុននឹងឈានដល់ការបោះឆ្នោត ជាផ្លូវការតាមការគ្រោងទុក​ប៉ុណ្ណោះ។

លោក គួយ ប៊ុនរឿន បានថ្លែងឲ្យដឹងថា៖ «ការចុះឈ្មោះនេះ មានទាំងថតរូប និងស្នាមមេដៃអ្នកបោះឆ្នោត​ផង។ (...) គោលដៅដើម្បីទប់ស្កាត់ អ្នកបន្លំចុះឈ្មោះច្រើនដង។ ( ...) យើងចង់រៀបចំបញ្ជីបោះឆ្នោតមួយ មាន​តម្លាភាព និងមានគុណភាព ព្រមទាំងមានសុវត្ថិភាព។ អ្នកដែលបានបំពេញកាតព្វកិច្ច លក្ខខណ្ឌ​នៃ​ច្បាប់ ត្រូវតែមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត។ (...) តម្លៃនៃបញ្ជីបោះឆ្នោត នៅពេលបោះឆ្នោត អាចវាយ​តម្លៃ​លទ្ធផលនៃការបោះឆ្នោត។»។

សូមស្តាប់ និងទស្សនានៃកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មានដូចខាងក្រោម៖

សូមបញ្ជាក់ថា គ.ជ.ប បានចាប់ផ្តើមធ្វើការ ចុះឈ្មោះបោះឆ្នោតសាកល្បង ក្នុងថ្ងៃទីមួយនេះ ដោយ​ជ្រើស​រើសយកសង្កាត់ផ្សារដើមថ្កូវ សម្រាប់រាជធានីភ្នំពេញ ក្នុងការចាប់ផ្តើមការងាររបស់ខ្លួន និងតាមបណ្តា​ខេត្ត​-ក្រុងនានាចំនួន២៥ឃុំ-សង្កាត់ ក្នុងពេលតែមួយ។ គ.ជ.ប នឹងរៀបចំការចុះឈ្មោះអ្នកបោះឆ្នោត ក្នុងបញ្ជី​បោះឆ្នោតថ្មី នាឆ្នាំ២០១៦ខាងមុខនេះ ដើម្បីត្រៀមរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅ​ឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិ (បោះឆ្នោតតំណាងរាស្រ្ត) នៅឆ្នាំ២០១៨ សម្រាប់អាណត្តិទី៦ នាពេល​ខាងមុខដ៏ឆាប់ៗនេះ៕