សម្តេច​តេ​ជោ ហ៊ុន សែន ទម្លាយ​រឿង​លោក​សម រង្ស៊ី សុំទោស និង​ត្រៀម​បង្ហោះ​សារ​សុំទោស​តាម​ហ្វេ​ស​ប៊ុ​ក​

ភ្នំពេញ: លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើការ​សុំទោស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ទង្វើ​ដែល​បាន​ខ្លួន​បានធ្វើ​ខុសឆ្គង និង​ការចោទប្រកាន់​គ្មាន​ការពិត​ទៅលើ​សម្តេច​តេ​ជោ នាពេល​កន្លងមកនេះ​។​

​ការសុំ​ទោស​របស់​មេដឹកនាំ​គណបក្សប្រឆាំង គឺ​បានធ្វើ​តាមរយៈ​ការផ្ញើ​សារ (SMS) ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ នៅក្នុង​ពិធី​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ ជំ​ហ៊ាន​ទី​៣ កាល​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា​នេះ ថា “​ផ្តាំ​ទៅ​គាត់​។ ឯកឧត្តម សម រង្ស៊ី អើយ​! ឯកឧត្តម​បាន​វ៉ៃ SMS សុំទោស​ខ្ញុំ បើសិនជា​ឯកឧត្តម​ហ៊ាន​ប្រថុយប្រថាន ទៅលើ​ការបំពាន លើ​អ្វីដែល​ឯកឧត្តម​សុំទោស​ខ្ញុំ ខ្ញុំ​ត្រៀម​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ថ្ងៃទី​២៩ ឯកឧត្តម​សុំទោស​ខ្ញុំ សូម​ផ្តាំ​តាម​អីចឹង​ទៅ​ចុះ មិន​តាន​វាយោ​ទេ គឺ​តាម​ក្បាល​មេក្រូ​តា​ម៉​ង​។ ឯកឧត្តម​វ៉ៃ​មក​ខ្ញុំ​នៅ​ថ្ងៃទី​២៩ តុលា ម៉ោង​៦​និង​១៣​នាទី​ល្ងាច ដល់​ខ្ញុំ​ឆ្លើយតប​អរគុណ​ឯកឧត្តម នៅ​ម៉ោង​៨​និង​៩​នាទី​យប់ ថ្ងៃទី​២៩ តុលា បានសេចក្តីថា មុនពេល​បោះឆ្នោត​ទម្លាក់​អនុប្រធាន​ទី​១ សភា បើសិនជា​បំពាន​លើ​ខ្ញុំ ខ្ញុំ​អត់​មាន​ជម្រើស​ទេ សង្ឃឹមថា យើង​នៅមាន​ការនិយាយ​គ្នា យើង​អាច​និយាយ​គ្នា​តទៅទៀត​”៕​