ប៉ូលិស​បញ្ជូន​ចោរលួច​ម៉ូតូ ៤​នាក់ ទៅ​តុលាការ​

តាកែវ: ជនសង្ស័យ​ចំនួន ៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ជាប់ចោទ​ពីបទ​លួច​ម៉ូតូ ខណៈពេលដែល​ម្ចាស់ ចត​ទុក​នៅមុខ​ផ្ទះ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង ១៥ និង ២០ នាទី ស្ថិត​ក្នុងភូមិ​ប្រាសាទ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​លោក យ៉ង់ វណ្ណ​ធី អធិការ​ស្រុក​ត្រាំកក់ បានអោយដឹងថា ជនសង្ស័យ​ទាំង​៤​នាក់​រួមមាន​ឈ្មោះ ថី​យ សុខុន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​អង្គ​តា​ចាន់ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ទី​២​ឈ្មោះ ឃឹម គឹម​សាន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទី​៣​ឈ្មោះ ច័ន្ទ គ្រឹ​ស្នា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​ត្រពាំង​ខ្លូត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ និង​ទី​៤​ឈ្មោះ សុខ ខន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក C50 ពណ៌​ស្លែ​ដែលមាន​ម្ចាស់​ឈ្មោះ សែ សួន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​លោក​អធិការ​បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ថា​មាន​ករណី​ចោរលួច​ម៉ូតូ​ភ្លាម សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​រកឃើញ​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​បាន​នៅ​ចំណុច​ភូមិ​ត្រពាំង​ខ្លូត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង ៤​នាក់ បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​៕

ប៉ូលិស​បញ្ជូន​ចោរលួច​ម៉ូតូ ៤​នាក់ ទៅ​តុលាការ​