បទ​អត្ថាធិប្បាយ​៖ ទិញ​មិន​លក់ សំឡុត​មិន​ខ្លាច​

: ​ក្រោយពី​មាន​ឧ​ប​ទ្ទេវ​ហេតុ​ដោយ​ចៃដន្យ ដែលមាន​ជនល្មើស​មួយក្រុម បង្ក​អំពើហិង្សា​ទៅលើ​តំណាងរាស្ត្រ ២​រូប​របស់ខ្លួន​មក ទាំង​មេដឹកនាំ និង​កូនចៅ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់ដូចជា​បង្ហាញ​នូវ​ចរិត​ចុះ​ញ៉ម ដូច​ឆ្មា​រលាក​ទឹក​ក្តៅ នាំគ្នា​រត់ចោល​ទីស្នាក់ការ​ទាំងអស់គ្នា​តែម្តង​។ បើ​ឲ្យ​តែមាន​ស្អី​បន្តិច​រត់ៗ បែបនេះ តើ​ខំ​ដើរតួ​ជា​អ្នកនយោបាយ​ខ្មោច​យក៍​អី​? តើ​អ្នកគាំទ្រ​ខ្លួន​នៅក្នុង​ប្រទេស​សង្ឃឹម​អ្វី​?

​មួយថ្ងៃៗ ឃើញតែ​ចេញ​សេចក្តីថ្លែងការណ៍​មិន​ស្វាង តែ​ចំពោះ​ការខិតខំ​ស្វះស្វែង​ជួយ​រក​ភស្តុតាង និង​ចង្អុលបង្ហាញ​ជនល្មើស និង​ការសហការ​ជាមួយ​សមត្ថកិច្ច​ក្នុងនាម​ជា​សា​ក្ស៊ី​ក៏​យឺត និង​ពន្យា​ពេល​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​។ តែ​ទីបំផុត​ចង់​ឲ្យ​សមត្ថកិច្ច មាន​ចំណាត់ការ​ឲ្យ​បាន​លឿន​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​បានលើកឡើង​ថា រយៈពេល​ជាច្រើន​ថ្ងៃ​មកនេះ ការស៊ើបអង្កេត​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​មិនបាន​បង្ហាញ​ពន្លឺ និង​ទំនុកចិត្ត ដល់​មហាជន​ខ្មែរ​ឡើយ ហើយ​ថា​ការដែល​ខ្វះ​ទំនុកចិត្ត​នេះ ធ្វើឱ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត នៅតែ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ក្នុងការ​បំពេញ​តួនាទី​ជា​អ្នកតំណាងរាស្ត្រ​ឱ្យបាន​ពេញលេញ​។​

​ចំណុច​នេះ បង្ហាញ​យ៉ាងច្បាស់​នូវ​ភាព​ខ្សោយ និង​ភាព​កំសាក របស់​ក្រុមតំណាងរាស្ត្រ​គណបក្សប្រឆាំង យ៉ាងពិត​ប្រាកដ ដោយហេតុថា ពួកគេ​បាន​ប្រើ​លេស​នៃ​អំពើហិង្សា​នេះ ថា​ជាការ​គម្រាមកំហែង​ពី​សុវត្ថិភាព និង​បាន​បោះបង់ចោល​នូវ​តួនាទី និង​ភារកិច្ច ដែល​ប្រជាពលរដ្ឋ​ខំ​បោះឆ្នោត​ទុកចិត្ត ឲ្យ​ធ្វើ​ការតស៊ូ​មតិ​ក្នុង​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ទៅវិញ​។
​រឿងនេះ វា​អាចជា​ហេតុផល​នយោបាយ​មួយ​ក្នុង​ការដាក់​សម្ពាធ គាបសង្កត់​មកលើ​សម​ត្ថ​កិច្ច​ក្នុង​ការវែកមុខ​ជន​ប្រព្រឹត្តិ​អំពើហិង្សា​តែប៉ុណ្ណោះ​។
​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងៗ​ទៀត ក៏​ធ្លាប់​កើតមាន​អំពើហិង្សា​ដល់​តំណាងរាស្ត្រ​ដូចគ្នានេះដែរ រហូតដល់​មានការ​វាយតប់​គ្នា​នៅក្នុង​សាលប្រជុំ​ថែមទៀត ដូចជា​នៅ​ប្រទេស​ជប៉ុន ហ្វីលីពីន ជាដើម​។ ប៉ុន្តែ ក្រុមតំណាងរាស្ត្រ​ផ្សេងៗ​ទៀត​របស់គេ គឺ​នៅតែ​បន្ត​កិច្ចការ​របស់គេ​ជា​បន្តទៀត ដោយ​មិនបាន​យក​បញ្ហា​នេះ​មក​ធ្វើជា​ចំណាប់ខ្មាំង​នយោបាយ​ដូច​គណបក្សប្រឆាំង នៅ​កម្ពុជា​នោះទេ​។​

​ការលើក​បញ្ហា​ឡើង​របស់​គណបក្សប្រឆាំង​នៅពេលនេះ គឺជា​ការព្រួយបារម្ភ​ជ្រុល​ហួសហេតុ​របៀប​កេងចំណេញ​នយោបាយ​តែប៉ុណ្ណោះ ពីព្រោះ​កន្លងមក​គណបក្សប្រឆាំង​មួយ​នេះ​តែង​ស្រែក​ក្តែ​ងៗ​ថា ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ក្រុម​របស់គេ​គឺ «​ទិញ​មិន​លក់ សំឡុត​មិន​ខ្លាច​» ឡើយ តើ​ហេតុអ្វី​បានជា​ពេលនេះ ខិតខំ​បំប៉ោង​សភាពការណ៍ របៀប​បំភ្លៃ​បែបនេះ​ទៅវិញ​? ឬមួយ​ក៏​ចង់​ទទួលបាន​នូវ​ការ​អាណិត​ពី​ប្រជាពលរដ្ឋ ឬមួយ​ឆ្លៀត​កេងចំណេញ​នយោបាយ​ដ៏​ពិសពុល​របស់ខ្លួន​?

​ម្យ៉ាងទៀត ការ​មិនបាន​បំពេញ​តួនាទី​ជា​អ្នកតំណាងរាស្ត្រ​ក្នុងការ​អនុម័ត​ច្បាប់ ឲ្យ​បាន​ពេញលេញ​នាពេលនេះ ដោយ​យក​លេស​អំពើហិង្សា​កន្លងមក​នោះ វា​ជាការ​បោះបង់​នូវ​តួនាទី និង​ភារៈកិច្ច​របស់ខ្លួន ដែល​ប្រជាពលរដ្ឋ​បានប្រគល់​ឲ្យ​។ ដូច្នេះ​ការសម្រេចចិត្ត​របស់​ពួកគេ គឺ​ប្រជាពលរដ្ឋ​ផ្ទាល់​ជា​អ្នក​វិនិច្ឆ័យ​ក្នុងការ​ជ្រើសរើស​ពួកគេ​មក​បម្រើ​តទៅទៀត​ឬ​យ៉ាងណា​? បើ​គ្រប់ពេល​ដែលមាន​បញ្ហា គឺ​ពួកគេ​តែងតែ​បោះបង់ចោល​នូវ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​បែបនេះ​។​

​ជាការ​កត់សម្គាល់​កន្ល​ង​មក រាល់​ការ​ញុះញង់ ប្រមូលផ្តុំ​បាតុកម្ម និង​អំពើហិង្សា​ដែល​បង្កឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឲ្យ​មាន​ភាពវឹកវរ កកស្ទះ​ពេញទី​ក្រុង រហូតដល់​មាន​អ្នកស្លាប់ និង​របួស​នោះ គឺ​ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង មិនបាន​លើកឡើង​ពី​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​ក្នុងការ​បំពេញ​តួនាទី​ជា​អ្នកតំណាងរាស្ត្រ​ឲ្យ​បាន​ពេញលេញ​នោះទេ ចុះ​ហេតុអ្វី​ពេលនេះ​បែរជា​ចេញ​ភាព​កំសាក​បែបនេះ​? ឬមួយ​អំពើហិង្សា​មុនៗ មិនបាន​ប៉ះចំ​លើ​សា​ច់ឯង គឺ​ប៉ះចំ​តែ​លើ​ប្រជាពលរដ្ឋ​ដែល​ខ្លួន​ញុះញង់​ឲ្យ​មក​ចូលរួម​?

​ក្នុង​ស្មារតី​គិតគូរ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល រាជរដ្ឋាភិបាល​បាន​ថ្កោលទោស និង​ចេញ​បទបញ្ជា​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ចាត់វិធានការ​ជាបន្ទាន់​ចំពោះ​ជនល្មើស​រួចហើយ និង​បាន​បង្កើត​គណកម្មការ​ស៊ើបអង្កេត ស្រាវជ្រាវ ដឹកនាំ​ដោយ​ក្រសួងមហាផ្ទៃ​។

​ដោយសារតែ​ការចាត់វិធានការ​ក្តៅគគុក សកម្ម និង​ល្អិត​ដូច​សំណាញ់​នោះ បានធ្វើឱ្យ​ជនល្មើស​ដែលជា​ជនដៃដល់​ចំនួន​បីនាក់ បាន​ចេញមក​សារភាព​ចំពោះមុខ​គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត​ករណី​បង្ក​របួសស្នាម​លើ​អ្នកតំណាងរាស្ត្រ​រួចហើយ កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា​នេះ​។ ហើយ​នេះ​កំពុងដំណើរការ​តាម​នីតិវិធី​របស់​តុលាការ​។

​ដោយឡែក សា​ក្ស៊ី​នៅក្នុង​ហេតុការណ៍​ផ្ទាល់ ដែលជា​អ្នកបើកបរ​រថយន្ត​ឲ្យ​តំណាងរាស្ត្រ មិនទាន់​ចូលខ្លួន​មក​បំភ្លឺ និង​មិនទាន់​បានទទួល​ពាក្យបណ្តឹង​ជា​ផ្លូវការ​ពី​មេធាវី​ជនរងគ្រោះ​នៅឡើយ​ដែរ​។

​ជារួម ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ ដែល​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​ឲ្យ គឺ​ត្រូវមាន​ភារៈកិច្ច និង​តួនាទី​របស់ខ្លួន​ជា​ចាំបាច់​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ ទោះបី​ជាមាន​ឧបសគ្គ​ចំពោះមុខ​ក៏ត្រូវ​តែ​ហ៊ាន​លះបង់​ដែរ មិនមែន​គ្រាន់​តែមាន​ព្រឹត្តិការណ៍​បន្តិចបន្តួច​ដូច​មេដឹកនាំ និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ យក​លេស​ឡាំប៉ា មិន​ចូលធ្វើការ នាំគ្នា​រត់ចោល​ពលរដ្ឋ​បែបនេះ​ទេ​៕